ជាធម្មតា បរិមាណនៃការផលិតទឹកនោមនៅក្នុងរាងកាយរបស់យើងនឹងថយចុះនៅពេលយប់ ជាហេតុនាំឲ្យគ្នាយើងអាចគេងបាន៦ទៅ៨ម៉ោង ដោយមិនចាំបាច់នោមឡើយ។ យ៉ាងណាមិញ មនុស្សមួយចំនួនភ្ញាក់ពីគេងញឹកញាប់ ដើម្បីទៅនោមនៅពេលយប់ ដែលកត្តានេះប៉ះពាល់ដល់វដ្ដដំណេកយ៉ាងខ្លាំង។
មូលហេតុ
ការផឹកជាតិទឹកច្រើនជ្រុល នៅអំឡុងពេលល្ងាចអាចធ្វើឲ្យយើងនោមញឹកញាប់នៅពេលយប់។ ចំណែកឯការញ៉ាំជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹងក្រោយអាហារពេលល្ងាចក៏អាចបណ្ដាលឲ្យមានបញ្ហានេះដែរ។
មូលហេតុនៃការនោមយប់ដទៃទៀត រួមមាន៖
- ការឆ្លងមេរោគនៃប្លោកនោម ឬបំពង់ទឹកនោម
- ផឹកគ្រឿងស្រវឹង កាហ្វេអ៊ីន ឬសារធាតុរាវផ្សេងៗមុនពេលចូលគេង
- ក្រពេញប្រូស្តាតរីកធំ (BPH)
- មានផ្ទៃពោះ
លក្ខខ័ណ្ឌផ្សេងទៀត ដែលអាចនាំឲ្យមានបញ្ហារួមមាន៖
- ខ្សោយតម្រងនោមរ៉ាំរ៉ៃ
- ជំងឺទឹកនោមផ្អែម
- ផឹកទឹកច្រើនជ្រុល
- ជំងឺខ្សោយបេះដូង
- កម្រិតជាតិកាល់ស្យូមក្នុងឈាមខ្ពស់
- ថ្នាំមួយចំនួន រួមមានថ្នាំបញ្ចុះទឹកនោម
- ហើមជើង
ជាមួយគ្នានេះដែរ ការភ្ញាក់ញឹកញាប់នៅពេលយប់ដើម្បីបត់ជើងតូច ក៏អាចផ្សារភ្ជាប់ទៅនឹងការគេងមិនដកដង្ហើម និងបញ្ហាដំណេកផ្សេងទៀត។ ការនោមច្រើននៅពេលយប់ អាចនឹងបាត់ទៅវិញនៅពេលដែលបញ្ហានៃការគេងអាចគ្រប់គ្រងបាន។ ស្រ្តេស និងការគេងមិនលក់ក៏អាចបណ្ដាលឲ្យយើងភ្ញាក់នៅពេលយប់ដែរ។
ការថែទាំនៅផ្ទះ
ដើម្បីតាមដានបញ្ហានេះ យើងគប្បី៖
- កំណត់បរិមាណទឹកដែលយើងផឹកប្រចាំថ្ងៃ ភាពញឹកញាប់ និងបរិមាណនៃការនោម។
- កត់ត្រាទម្ងន់រាងកាយរបស់យើងជាប្រចាំ។
ពេលណាយើងត្រូវពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ?
គ្នាយើងគួរទាក់ទងទៅកាន់គ្រូពេទ្យ ប្រសិនបើ៖
- ភ្ញាក់ព្រោះឈឺនោមញឹកញាប់ ដែលបន្តរយៈពេលច្រើនថ្ងៃ។
- ធុញថប់នឹងចំនួនដងនៃការនោមនៅក្នុងពេលយប់។
- មានអារម្មណ៍ក្រហាយនៅពេលនោម។
[embed-health-tool-bmi]