backup og meta

គ្រាន់តែសើច ឬកណ្ដាស់ ក៏លេចនោមដែរ ស្រីៗយើងគួរធ្វើម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ May 26, 2021

    គ្រាន់តែសើច ឬកណ្ដាស់ ក៏លេចនោមដែរ ស្រីៗយើងគួរធ្វើម៉េច?

    ស្រ្តី​មិន​តិច​​នាក់​ទេ​ ដែល​លេច​នោម​ពេល​ក្អក ឬកណ្ដាស់ ដែល​នេះ​ជា​រឿង​កើត​មាន​ជាទូទៅ​មួយ​លើ​ស្រីៗ ច្រើន​ជាង​បុរស​។ បញ្ហា​នេះ អាច​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​មាន​អារម្មណ៍​ខ្មាស​អៀន និង​អាច​គិត​ថា​វា​ជា​បញ្ហា​ប្រចាំ​កាយ តែ​ការពិត​វា​អាច​ព្យាបាល​បាន​។​

    ១. ទិដ្ឋភាព​ទូទៅ

    ការ​លេច​នោម​ដោយ​មិន​​បាន​ដឹង​ជា​មុន​នេះ កើត​ឡើង​នៅ​ពេល​ដែល​យើង​​​ធ្វើ​ចលនា​រាង​កាយ​ណា​មួយ​ដូច​ក្អក កណ្ដាស់ សើច រត់ ឬ​លើក​របស់​ធ្ងន់​ៗ​ជា​ដើម ដែល​បាន​ដាក់​សម្ពាធ​ដល់​ប្លោក​នោម បង្ក​ឲ្យ​មាន​លេច​នោម​។

    បញ្ហា​លេច​នោម​ដោយ​មិន​ដឹង​មុន​នេះ ​ខុស​ពី​បញ្ហា​នោម​ញឹក និង​បញ្ហា​ប្លោក​នោម​ធ្វើ​ការ​សកម្ម​ខ្លាំង​។ បើ​មាន​​បញ្ហា​ទាំង​ពីរ​នេះ សាច់ដុំ​ប្លោក​នោម​កន្ទ្រាក់ និង​ធ្វើ​ឲ្យ​យើង​ចង់​ទៅ​នោម​ភ្លាម​ៗ​ដែរ​ តែ​យើង​អាច​ទប់​មិន​ឲ្យ​លេច​នោម​បាន​មុន​ដល់​បន្ទប់​ទឹក​។

    ការ​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន​វិញ ​កើត​ឡើង​ពេលសាច់ដុំ និង​ជាលិកា​ទ្រ​​សាច់​ដុំ​បាត​អាង​ត្រគាក និង​សាច់​ដុំ​ខ្ជឹប​នោម​ចុះ​ខ្សោយ​។ ប្លោក​នោម​រីក​ធំ​ពេល​ពេញ​ដោយ​ទឹក​នោម​។ ជា​ធម្មតា​សាច់​ដុំ​ដូច​ប្រឹស​ទ្រូ​នៅ​ក្នុង​បង្ហួរ​នោម​បិទ​ជា​និច្ច​ពេល​ប្លោក​នោម​រីក​ធំ ដើម្បី​ការពារ​កុំ​ឲ្យ​លេច​នោម​ មុន​ពេល​យើង​ទៅ​ដល់​បន្ទប់​ទឹក​។ ប៉ុន្តែ​នៅ​ពេល​សាច់​ដុំ​នេះ​ចុះ​ខ្សោយ ហើយ​បែរជា​មាន​កម្លាំង​សង្កត់​លើ​ពោះ ឬ​សាច់​ដុំ​ត្រគាក ដូច​ជា​កណ្ដាស់ ចំកោង​ខ្លួន​ លើក​របស់​ធ្ងន់​ៗ​ ឬ​សើច អាច​ដាក់​សម្ពាធ​លើ​ប្លោក​នោម​ និង​អាច​នាំ​ឲ្យ​លេច​នោម​បាន​។

    បើ​សិន​ជា​យើង​មាន​បញ្ហា​លេច​នោម​ដោយ​មិន​ដឹង​មុន​នេះ យើង​អាច​នឹង​មាន​អារម្មណ៍​ខ្មាស​អៀន កម្រិត​សកម្មភាព​ការងារ ឬ​ចូលរួម​ក្នុង​កម្មវិធី​សង្គម​ផ្សេងៗ ឬ​អាច​កាត់​បន្ថយ​សកម្មភាព​ជួបជុំ​សប្បាយ​ផ្សេង​របស់​ខ្លួន​ផង​ដែរ​។ ការ​ទទួល​បាន​ការ​ព្យាបាល​បាន​ត្រឹម​ត្រូវ​អាច​ជួយ​ឲ្យ​មនុស្ស​យើង​គ្រប់គ្រង​បញ្ហា​នេះ​បាន​ និង​អាច​ជួយ​បង្កើត​គុណ​ភាព​ជីវិត​ដែរ​។​​​​​

    លេចនោម

    ២. រោគ​សញ្ញា

    បើ​សិន​ជា​ស្រី​ៗ​យើង មាន​បញ្ហា​លេច​នោម​ដោយ​មិន​ដឹង​មុន បញ្ហា​នេះ​ច្រើន​កើត​នៅ​ពេល​ក្អក ឬ​កណ្ដាស់ សើច ចំកោង​ខ្លួន លើក​របស់​ធ្ងន់ៗ ហាត់​ប្រាណ និង​ពេល​រួម​ភេទ​ជា​ដើម។​

    ​​​ថ្វី​បើ​យើង​មាន​បញ្ហា​នេះ តែ​មិន​ប្រាកដ​ថា​វា​អាច​កើត​លើ​យើង​គ្រប់​ពេល​មាន​សកម្មភាព​ដូច​បាន​រៀប​រាប់​នោះ​ទេ​។ ប៉ុន្តែ រាល់​សកម្មភាព​ណា​ ដែល​បង្កើន​សម្ពាធ​ខ្លាំង​លើ​ប្លោក​នោម អាច​ធ្វើ​ឲ្យ​យើង​លេច​នោម ពិសេស​ពេល​ប្លោក​នោម​យើង​ពេញ​។​

    មិន​ថា​តែ​ស្រី​ៗ​ទេ​ បុរស​ក៏​ដោយ បើ​បញ្ហា​នេះ​រំខាន​ដល់​ការ​ប្រកប​ការងារ​ប្រចាំ​ថ្ងៃ​ ឬ​សកម្មភាព​សង្គម​របស់​ខ្លួន គួរ​តែ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ May 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម