កន្លងមកមានមតិជាច្រើនតែងតែលើកឡើងថា អ្នកកាត់ថង់ទឹកប្រមាត់ ងាយពុលចំណីអាហារណាស់ ព្រោះបាត់សរីរាង្គជួយសម្រួលការរំលាយអាហារ។ តើករណីណាខ្លះតម្រូវឲ្យកាត់ថង់ទឹកប្រមាត់ចេញ? អត់ថង់ទឹកប្រមាត់ពិតជាអាចឲ្យយើងងាយពុលអាហារមែនឬយ៉ាងណា?
បើតាមការពន្យល់នៅលើផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត ក្រោយកាត់ថង់ទឹកប្រមាត់ចេញ ថ្លើមនៅតែបញ្ចេញទឹកប្រមាត់ទៅកាន់ពោះវៀនដើម្បីរំលាយអាហារ គ្រាន់តែគ្មានការបម្រុងទឹកប្រមាត់ទុកប៉ុណ្ណោះ។ ឯការញ៉ាំចំណីអាហារប្រព្រឹត្តទៅធម្មតា ពុំមានការពុល ឬផលប៉ះពាល់អ្វីទៀតផ្សេងឡើយ ព្រោះថ្លើមជាអ្នកបញ្ចេញថង់ទឹកប្រមាត់។
ថង់ទឹកប្រម៉ាត់ជាសរីរាង្គតូចមួយ ស្ថិតនៅខាងស្តាំពោះ ជាប់នឹងថ្លើម ប្រវែងជាមធ្យម ១០ សង់ទីម៉ែត្រ តភ្ជាប់ទៅផ្លូវទឹកប្រម៉ាត់ ដែលហូរពីថ្លើមទៅពោះវៀន។ ថង់ទឹកប្រមាត់ជាកន្លែងផ្ទុកទឹកប្រមាត់បម្រុង ដែលបញ្ចេញដោយថ្លើម ជួយសម្រួលបន្ថែមដល់ការរំលាយអាហារ និងសារធាតុខ្លាញ់មួយចំនួន។
មានករណីមួយចំនួនតម្រូវឲ្យយើងកាត់ថង់ទឹកប្រមាត់ចេញ ដូចជា ការរលាកថង់ទឹកប្រមាត់ ឬដុំក្រួស មានដុំសាច់នៅថង់ទឹកប្រមាត់ និងជំងឺមហារីកថង់ទឹកប្រមាញ់។ ករណីកាត់ថត់ទឹកប្រមាត់ចោល អាចបង្កជាផលលំបាកមួយចំនួនដល់រាងកាយ។