យើងអាចដឹងបានភ្លាមៗ ប្រសិនបើបន្ទោបង់មានឈាម ដែលឈាមនោះអាចមកជាមួយគ្នានឹងលាមកតែម្ដង ឬឈាមអណ្ដែតលើទឹកក្នុងចានបង្គន់ ឬជាប់លើក្រដាស់អនាម័យ ឬអាចឃើញលាមកមានពណ៌ក្រហម។ បញ្ហាជុះមកឈាមនេះ ភាគច្រើនជាសញ្ញាគ្រោះថ្នាក់ ប៉ុន្តែមិនមែនទាំងអស់នោះទេ។ មានករណីខ្លះអ្នកជំងឺឧស្សាហ៍មានឈាមក្នុងលាមក ប៉ុន្តែមិនមែនដោយសារបញ្ហាគ្រោះថ្នាក់ខ្លាំងពេកទេ។ ក្នុងអត្ថបទនេះ Hello គ្រូពេទ្យ នឹងលើកយកមូលហេតុសំខាន់ៗ សម្រាប់គ្នាយើងស្វែងយល់ថា មូលហេតុណាដែលគ្រោះថ្នាក់ជាងគេ នឹងមួយណាត្រូវប្រញ៉ាប់ទៅរកពេទ្យឲ្យបានឆាប់។ តោះស្វែងយល់ទាំងអស់គ្នា។
ខាងក្រោមនេះ យើងនឹងលើកយកមូលហេតុធ្វើឲ្យឈាមក្នុងលាមកច្រើនជាងគេមកនិយាយ។ រហែកទ្វារលាមក (Anal Fissure) គឺជាការរហែក ឬដាច់ស្រទាប់ Mucus នៅក្នុងរន្ធគូទ។ ពេលស្រទាប់នេះដាច់នឹងធ្វើឲ្យមានការឈឺចាប់ និងហូរឈាមមកតាមទ្វារលាមក។ អ្នកជំងឺមានការឈឺចាប់ខ្លាំងពេលបន្ទោបង់ ដែលអាចនៅឈឺរាប់ម៉ោងក្រោយបន្ទោបង់រួច។ Anal Fissure អាចកើតលើមនុស្សគ្រប់វ័យ ប៉ុន្តែភាគច្រើនកើតលើកុមារ និងមនុស្សវ័យកណ្ដាល។ បញ្ហានេះអាចកើតឡើងដោយសារមូលហេតុជាច្រើន រូមមាន៖
- ដោយសារលាមកធំ ឬរឹងខ្លាំងពេក
- ទល់លាមក ឬប្រឹងបន្ទោបង់ខ្លាំងពេក
- មានជំងឺរាករ៉ាំរ៉ៃ
- ការរួមភេទតាមរន្ធគូទ
- ការសម្រាលកូន
ជំងឺឫសដូងបាត គឺជាការរីកហើមសរសៃឈាមនៅរន្ធគូទ ឬរន្ធលាមក។ អ្នកជំងឺឬសដូងបាតភាគច្រើន មិនមានចេញជារោគសញ្ញាច្រើនទេ មានអ្នកខ្លះទៀតមិនដឹងថាខ្លួនឯងកើតឫសដូងបាតផង ប៉ុន្តែអ្នកខ្លះអាចមានរោគសញ្ញាដូចជា ឈឺចាប់ រមាស់ និងមានពេលខ្លះបន្ទោបង់មានឈាម។ រោគសញ្ញាជំងឺឫសដូងបាតឃើញច្រើនជាងគេ គឺអ្នកជំងឺជុះមកមានឈាម តែមិនមានការឈឺចាប់។ ឈាមនោះអាចមានសភាពក្រហមស្រស់ ដែលភាគច្រើនដានជាប់លើលាមក ឬអាចតក់ចូលក្នុងទឹកចានបង្គន់ ឬជាប់លើក្រដាស់កិតគូទ។ រោគសញ្ញារបស់ជំងឺឬសដូងបាតមានដូចជា៖
ជំងឺដំបៅក្នុងក្រពះ ភាគច្រើនមិនធ្វើឲ្យអ្នកជំងឺហូរឈាមស្រស់ៗមកតាមលាមកទេ ដោយសារតែចម្ងាយពីក្រពះមករន្ធគូទឆ្ងាយ ហើយឈាមត្រូវហូរកាត់តាមប្រព័ន្ធរំលាយអាហារនេះមកឆ្ងាយ។ ដោយសារតែឈាមហូរមកឆ្ងាយ ទើបធ្វើឲ្យឈាមដោយសារដំបៅក្រពះត្រូវរលាយចូលក្នុងលាមក ដែលធ្វើលាមកមានពណ៌ក្រម៉ៅខ្លាំង។ គ្រូពេទ្យហៅលាមកប្រភេទនេះថា ‘melena’ ហើយវាក៏មានក្លិនអាក្រក់ខ្លាំងដែរ។ តែទោះជាយ៉ាងណាក្ដី អ្នកជំងឺត្រូវប្រុងប្រយ័ត្នជាមួយឈាមដោយសារដំបៅក្រពះ ដោយសារយើងពិបាកពិនិត្យរកមើលឈាមនេះណាស់។
ជំងឺដំបៅក្រពះអាចបណ្ដាលមកពីមូលហេតុជាច្រើន ប៉ុន្តែមូលហេតុចម្បងគឺដោយសារតែអ្នកជំងឺមិនព្រមញ៉ាំអាហារ ឬញ៉ាំអាហារហឹរច្រើន អាហារក្ដៅខ្លាំង និងមានជាតិអាស៊ីដ។ មូលហេតុមួយផ្សេងទៀតនៃជំងឺដំបៅក្រពះគឺជំងឺដុំក្នុងពោះវៀនផលិត ហ្កាស់ស្រ្ទីនច្រើន គេហៅវាថា Zollinger–Ellison syndrome។ ការលេបថ្នាំ NSAIDs ជាប្រចាំ ក៏អាចបណ្ដាលឲ្យមានហូរឈាមក្នុងក្រពះដែរ ដោយសារថ្នាំប្រភេទនេះ ទៅធ្វើឲ្យប៉ះពាល់ដល់ជញ្ជាំងការពាររបស់ក្រពះ។
ជំងឺរលាកពោះវៀន (Inflammatory Bowel Diseases – IBDs)
ជំងឺរលាកពោះវៀនមាន ជំងឺក្រូន (Crohn’ disease) និងជំងឺដំបៅរលាកពោះវៀនធំ (Ulcerative Colitis)។ ជំងឺនេះធ្វើឲ្យរលាកក្នុងពោះវៀន និងរលាកប្រដាប់រំលាយអាហារ។ ជំងឺនេះបណ្ដាលមកពីមូលហេតុស្មុគស្មាញពាក់ព័ន្ធជាមួយបញ្ហាហ្សែន បញ្ហាប្រព័ន្ធការពាររាងកាយ ទៅវាយប្រហារសរីរាង្គតូចៗក្នុងពោះវៀន នឹងអាចដោយសារមូលហេតុបរិយាកាសជុំវិញមួយចំនួនផ្សេងទៀត។ ជំងឺរលាកពោះវៀន (IBDs )អាចធ្វើឲ្យអ្នកជំងឺឈឺដុនដាប និងដោយសារវាធ្វើឲ្យរលាកជញ្ជាំងពោះវៀន ដូចនេះវាអាចបណ្ដាលឲ្យអ្នកជំងឺហូរឈាម ជាប់ក្នុងលាមករបស់អ្នកជំងឺ។ IBDs អាចធ្វើឲ្យអ្នកជំងឺប្រឈមមុខជាមួយជំងឺមហារីកពោះវៀន ជាពិសេសអ្នកកើតជំងឺ Ulcerative Colitis។
ដុំប៉ូលីបក្នុងពោះវៀន (Bowel Polyps)
Bowel polyps ឬហៅម្យ៉ាងទៀតថា colon polyps គឺជាជាលិកាតូចដុះចេញពីជញ្ជាំងរបស់ពោះវៀនធំ ឬរន្ធលាមក។ ប៉ូលីបភាគច្រើនមានទំហំតូច ជាទូទៅតូចជាង ១សង់ទីម៉ែត្រ ប៉ុន្តែករណីខ្លះវាអាចធំជាងនេះ។ ប៉ូលីបអាចមានច្រើនសណ្ឋាន វាអាចមានរាងដូចដុំកូនកណ្ដុរ អាចដូចជាជំងឺសិរមាន់ អាចដូចចង្កោមទំពាំងបាយជូរ ឬផ្សិតចង្កោមជាដើម។ អ្នកជំងឺខ្លះមានប៉ូលីបតែមួយ តែអ្នកខ្លះទៀតអាចមានច្រើន។ ប៉ូលីបភាគច្រើនមិនបង្កគ្រោះថ្នាក់ឡើយ ហើយភាគច្រើនវាមិនលេចចេញជារោគសញ្ញាអ្វីឡើយ ដែលភាគច្រើនអ្នកជំងឺរកឃើញវាដោយចៃដន្យ។ ប៉ុន្តែបើទុកប៉ូលីបនេះឲ្យដុះកាន់តែយូរ វាអាចប្រែក្លាយទៅជាជំងឺមហារីកពោះវៀនបាន។ ហេតុនេះហើយបានជាគេណែនាំឲ្យអ្នកជំងឺកាត់វាចេញ ពេលដឹងថាមាន។ ដោយសារតែវាដុះក្នុងបំពង់ពោះវៀន ហើយរារាំងផ្លូវលាមក ជាហេតុអាចធ្វើឲ្យមានការហូរឈាមពេលលាមកកកិតជាមួយវា។
ជំងឺ Diverticular
Diverticula គឺជាកន្លែងប៉ោងក្នុងពោះវៀន ដោយសារកន្លែងនោះខ្សោយ។ ភាគច្រើនកន្លែងប៉ោងនោះមានទំហំតូច ដែលមានពេលខ្លះចំណីអាហារ ឬលាមកក្នុងពោះវៀនទៅស្ទះក្នុងដុំនោះ។ Diverticula ភាគច្រើន មិនបង្ហាញរោគសញ្ញាអ្វីឡើយ ប៉ុន្តែបើវាលេចចេញរោគសញ្ញា ភាគច្រើនមានដូចជា ឈឺក្នុងពោះខាងក្រោមផ្នែកខាងឆ្វេង ឬពេលខ្លះអាចនៅខាងស្ដាំដែរ។ ជំងឺនេះអាចបណ្ដាលឲ្យអ្នកជំងឺហើមពោះ ទល់លាមក ឬរាក និងពេលខ្លះមានហូរឈាមដែរ។
មូលហេតុដែលគួរឲ្យបារម្ភជាងគេ និងអាចគំរាមកំហែងអាយុជីវិតបាននោះគឺ ជំងឺមហារីកនេះឯង។ បើយើងចេះតែស្រកទម្ងន់ដោយមិនមានមូលហេតុ និងមានបញ្ហារាក ឬទល់លាមកជាប្រចាំ យើងគួរតែគិតដល់ជំងឺមហារីកពោះវៀនធំ។
ការហូរឈាមមកតាមលាមកមិនមែនជារឿងធម្មតា ដែលយើងឃើញថាញឹកញាប់នោះទេ ដូចនេះប្រសិនបើមានហានីភ័យកើតជំងឺទាំងអស់ខាងលើ ឬព្រួយបារម្ភដោយសារមិនដឹងថាឈាមនោះហូរមកពីណា យើងគួរទៅជួបគ្រូពេទ្យជំនាញ ដើម្បីពិគ្រោះរកមូលហេតុ និងគ្រោះថ្នាក់ពីបញ្ហានេះ។