ប្រសិនបើគ្នាយើងចង់សម្រកទម្ងន់ យើងមិនគួររំលងការញ៉ាំទឹកក្ដៅឧណ្ហៗនៅពេលព្រឹកព្រលឹមឡើយ។ ពិតណាស់ ទឹកដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទ្រទ្រង់សុខុមាលភាពរបស់យើង ដូចជាជួយសម្រួលដល់ការរំលាយអាហារ ថែរក្សាសម្រស់ និងបង្ការការឈឺក្បាលប្រកាំងថែមទៀតផង។ យ៉ាងណាមិញ ការញ៉ាំទឹកក្ដៅឧណ្ហៗកាន់តែមានគុណប្រយោជន៍ទ្វេដង ជាពិសេសសម្រាប់អ្នកដែលព្យាយាមសម្រកទម្ងន់។
១. បង្កើនការធ្វើមេតាប៉ូលីស
ការញ៉ាំទឹកក្ដៅឧណ្ហៗបង្កើនសីតុណ្ហភាពរាងកាយ ដែលអាចជួយឲ្យការធ្វើមេតាប៉ូលីសកាន់តែប្រសើរឡើង។ ហេតុនេះហើយ គ្នាយើងគប្បីញ៉ាំទឹកក្ដៅឧណ្ហៗជាមួយនឹងទឹកឃ្មុំ ដើម្បីជួយឲ្យរាងកាយបំបែកជាតិខ្លាញ់ដែលលើសបានយ៉ាងស័ក្ដិសិទ្ធិ ហើយថែមទាំងជួយគ្រប់គ្រងការឃ្លានអាហារបានផងដែរ។
២. ជួយដល់ការរំលាយអាហារ
ជាមួយគ្នានេះដែរ ការញ៉ាំទឹកក្ដៅឧណ្ហៗនៅពេលព្រឹកអាចជួយបង្កើនមុខងារថ្លើម និងតម្រងនោម។ លើសពីនេះ វាអាចជួយបំបែកសារធាតុអាហារនិងជួយដល់ការរំលាយអាហារឲ្យដំណើរការប្រកបដោយប្រសិទ្ធភាព។ មួយវិញទៀត ទឹកក្ដៅឧណ្ហៗក៏ជួយដល់សរីរាង្គរំលាយអាហារឲ្យមានជាតិទឹកគ្រប់គ្រាន់ និងមានសមត្ថភាពកម្ចាត់ចោលកាកសំណល់បានយ៉ាងល្អដូចគ្នា។
៣. បញ្ចៀសការទល់លាមក
ការបន្ទោបង់ជាទៀងទាត់ អាចជួយបញ្ចៀសការហើមពោះ ឈឺពោះ និងអារម្មណ៍មិនស្រួលខ្លួន។ ដូច្នេះហើយ យើងគប្បីញ៉ាំទឹកក្ដៅឧណ្ហៗនៅពេលព្រឹក ដើម្បីជួយសម្រួលដល់ការបន្ទោបង់ និងបញ្ចៀសការទល់លាមក។ ជាក់ស្ដែង ទឹកក្ដៅឧណ្ហៗអាចជួយឲ្យពោះវៀនកន្ត្រាក់ ដែលកត្តានេះធ្វើឲ្យកាកសំណល់ចាស់ៗដែលជាប់នៅក្នុងពោះវៀនងាយនឹងបញ្ចេញមកក្រៅ។
៤. ជួយរក្សាជាតិទឹក
ការរក្សាជាតិទឹកនៅក្នុងរាងកាយមានសារសំខាន់ណាស់សម្រាប់មុខងាររាងកាយជាច្រើន។ ទឹកអាចជួយក្នុងការសម្រកទម្ងន់ ដោយជំរុញឲ្យយើងមានអារម្មណ៍ឆ្អែតបានយូរ ព្រមទាំងកាត់បន្ថយចំណង់អាហារ។ ហេតុនេះហើយ គ្នាយើងចាំបាច់ត្រូវញ៉ាំទឹកយ៉ាងហោចណាស់ឲ្យបាន៨កែវក្នុងមួយថ្ងៃ។
៥. ជួយឲ្យចរន្តឈាមប្រសើរឡើង
លើសពីនេះ ការញ៉ាំទឹកក្ដៅឧណ្ហៗក៏អាចជួយកម្ចាត់កាកសំណល់ដែលកកកុញនៅក្នុងប្រព័ន្ធសរសៃប្រសាទ និងជាតិខ្លាញ់នៅក្នុងរាងកាយ ដែលកត្តានេះជួយឲ្យចរន្តឈាមប្រសើរឡើង។ លើសពីនេះ ទឹកក្ដៅឧណ្ហៗក៏អាចជួយបន្ធូរសាច់ដុំ ព្រមទាំងជំរុញលំហូរឈាម។
[embed-health-tool-bmr]