ការថែទាំសុខភាពពោះវៀនឲ្យបានត្រឹមត្រូវ មានសារសំខាន់ណាស់ដើម្បីជួយទ្រទ្រង់រាងកាយទាំងមូលឲ្យដំណើរការបានល្អ។ ពិតណាស់ ពោះវៀនដើរតួនាទីចម្បងនៅក្នុងរាងកាយដូចជាការកំណត់ទម្ងន់ និងគ្រប់គ្រងការប្រែប្រួលអារម្មណ៍ និងការថប់បារម្ភជាដើម។ យ៉ាងណាមិញ របបអាហារ បែបបទនៃការរស់នៅ និងទម្លាប់ប្រចាំថ្ងៃសុទ្ធតែជះឥទ្ធិពលដល់សុខភាពពោះវៀន។ ហេតុនេះហើយ ក្រៅពីបញ្ចៀសទម្លាប់មួយចំនួនខាងក្រោម ដែលបំផ្លាញសុខភាពពោះវៀន យើងគប្បីរក្សាជាតិទឹកក្នុងរាងកាយ និងគ្រប់គ្រងស្រ្តេសឲ្យបានល្អ ក៏ដូចជាជៀសវាងការញ៉ាំគ្រឿងស្រវឹងហួសកម្រិត។
១. ខ្ជិលច្រអូស មិនធ្វើលំហាត់ប្រាណ
ការធ្វើចលនា និងលំហាត់ប្រាណ មានអត្ថប្រយោជន៍ដ៏អស្ចារ្យ ដើម្បីជួយឲ្យពោះវៀនមានសុខភាពល្អ។ ប៉ុន្តែ ប្រសិនបើយើងមិនធ្វើចលនាទេនោះ ប្រព័ន្ធរំលាយអាហារក៏មិនអាចបញ្ចេញចោលកាកសំណល់ចេញពីរាងកាយដូចគ្នា។ ពិតណាស់ លំហាត់ប្រាណក៏ជះឥទ្ធិពលវិជ្ជមានដល់ការលូតលាស់របស់បាក់តេរីល្អ និងបញ្ចៀសបញ្ហាទល់លាមកយ៉ាងមានប្រសិទ្ធភាព។ ដូចនេះ ដើម្បីថែទាំសុខភាពពោះវៀន គ្នាយើងគប្បីធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ឲ្យបាន៣ដងក្នុងមួយសប្ដាហ៍។
២. មិនញ៉ាំអាហារមានជាតិសរសៃ
ជាមួយគ្នានេះដែរ ជាតិសរសៃជួយឲ្យពោះវៀនមានដំណើរការបានល្អ និងជៀសផុតពីជំងឺពោះវៀនផ្សេងៗ។ ហេតុនេះហើយ គ្នាយើងគប្បីញ៉ាំផ្លែឈើ និងបន្លែឲ្យបានច្រើន ពីព្រោះថាកង្វះបរិមាណជាតិសរសៃអាចនាំឲ្យយើងប្រឈមនឹងបញ្ហាទល់លាមកដោយមិនដឹងខ្លួន។
៣. ញ៉ាំអាហារកែច្នៃច្រើន
អាហារដែលមានជាតិស្ករច្រើន និងអាហារកែច្នៃអាចរំខានដល់តុល្យភាពបាក់តេរីក្នុងពោះវៀន ដែលអាចបង្កឲ្យមានបញ្ហាសុខភាពជាច្រើន។ ចូរជៀសវាងញ៉ាំអាហារទាំងនោះ និងបញ្ចូលពពួកគ្រាប់ធញ្ញជាតិទាំងមូល ដូចជាអង្ករសម្រូប និងពោតលីង។ល។ ជំនួសវិញ ដើម្បីរក្សាតុល្យភាពបាក់តេរីល្អក្នុងពោះវៀន។
៤. ទម្លាប់ញ៉ាំអាហារលឿនពេក
នៅពេលដែលយើងញ៉ាំអាហារលឿនពេក ពោះវៀនរបស់យើងមិនអាចស្រូបយកសារធាតុចិញ្ចឹមអតិបរមាបានឡើយ។ ដូច្នេះហើយ យើងគប្បីញ៉ាំអាហាររយៈពេលយ៉ាងតិច២០ ទៅ៣០នាទី ដើម្បីឲ្យខួរក្បាលបញ្ជូនសញ្ញាទៅរាងកាយថាយើងឆ្អែត។
[embed-health-tool-bmr]