backup og meta

អាការៈ​ឈឺ​​ពោះវៀន​ធំ​ទាំង​៦​ អាច​ជា​សញ្ញា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 11, 2021

    អាការៈ​ឈឺ​​ពោះវៀន​ធំ​ទាំង​៦​ អាច​ជា​សញ្ញា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​​​​​​​​​​​​​​​​​​​​​​​​

    ជួនកាល​ អាការៈ​ឈឺ​ពោះវៀន​ធំ​ក៏​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ដែល​គ្នា​យើង​គប្បី​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​។ ពិត​ណាស់​ ដោយ​សារ​តែ​បែបបទ​​នៃ​ការ​រស់នៅ​ និង​របប​អាហារ​មិន​ល្អ យើង​អាច​នឹង​មាន​អាការៈ​ឈឺ​ពោះ​​ជា​ញឹកញយ។​ ដូច្នេះ​ហើយ​ ​ការ​កំណត់​ពី​រោគ​សញ្ញា​គ្រោះថ្នាក់​ ក៏​ដូចជា​យល់​ដឹង​ពី​វិធីសាស្ត្រ​​​ដោះស្រាយ​​មួយ​ចំនួន​​ ដើម្បី​ជួយ​ឲ្យ​ពោះវៀន​ធំ​មាន​សុខភាព​ល្អ ជា​រឿង​ចាំបាច់​​បំផុត​។

    ១. ឈឺ​ពោះ​

    អាការៈ​នេះ​កើត​ឡើង​ នៅ​ពេល​ដែល​យើង​​ញ៉ាំ​អាហារ​ ឬ​ផឹក​ភេសជ្ជៈ​ដែល​​មិន​ល្អ​​។ ប៉ុន្តែ​ ប្រសិនបើ​យើង​ឧស្សាហ៍​មាន​អារម្មណ៍​ឈឺចាប់​នៅ​​ផ្នែក​ខាង​ក្រោម​ពោះ ​យើង​អាច​នឹង​មាន​ជំងឺ​រលាក​ពោះវៀន​ ដូចជា​​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ ​ឬ​ជំងឺ​មហារីក​ផង​ដែរ​។

    ២. ទល់​លាមក​

    ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​​គ្នា​យើង​តែងតែ​ជួប​បញ្ហា​ទល់​លាមក​ និង​មាន​អារម្មណ៍​ឈឺ​ចាប់​នៅ​ពេល​បន្ទោបង់​ វា​អាច​ជា​ជំងឺdiverticulitis​ ​ដែល​​​មាន​ថង់​រលាក​តូច​ៗ​នៅ​ក្នុង​ពោះវៀន​ធំ​ ឬ​អាច​ជា​ជំងឺ​រលាក​ពោះវៀន​ ដែល​មាន​រោគសញ្ញា​ដូចជា​រាករូស ហើម​ពោះ​ ឈឺចាប់​ និង​ហ្គាស​។ នៅ​ពេល​ខ្លះ របប​អាហារ​ត្រឹមត្រូវ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ ប៉ុន្តែ​ប្រសិនបើ​យើង​​​មិន​​ព្យាបាល​ទេ​នោះ ​យូរ​​ៗ​ទៅ​ ​វា​អាច​វិវដ្ត​ទៅ​ជា​​ជំងឺ​ធ្ងន់ធ្ងរ​​ដែល​តម្រូវ​ឲ្យ​មាន​ការ​វះកាត់​។

    ៣. រាករូស​

    ប្រសិនបើ​យើង​រាករូស​ជា​ញឹកញាប់​ ​វា​ន័យ​ថា​ពោះវៀន​ធំ​របស់​យើង​ដំណើរការ​មិន​ប្រក្រតី​ឡើយ​។ ជាក់​ស្ដែង ជំងឺ​ពោះវៀន​ធំ​ជា​ច្រើន​​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អាការៈ​រាករូស​​មាន​ដូចជា​ជំងឺ​រលាក​​ពោះវៀន​ និង​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ ។ ក្នុង​ករណី​ដែល​អាការៈ​នេះ​មាន​រយៈពេល​​​លើស​ពី​​២៤​ម៉ោង​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។

    ឈឺពោះវៀនធំ

    ៤. លាមក​មាន​ឈាម

    ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​លាមក​មាន​ឈាម​ វា​អាច​ជា​រោគ​សញ្ញា​នៃ​ការ​រលាក ហើយ​​នៅ​ពេល​ដែល​យើង​សង្កេត​ឃើញ​មាន​ឈាម​ពណ៌​ក្រមៅ ឬ​ស្ទើរ​តែ​មាន​ពណ៌​ខ្មៅ​ ឬ​​​រាក​មាន​ឈាម​ ចូរ​ប្រញាប់​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​ ពីព្រោះ​វា​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ ឬ​​មហារីក​។

    ​​៥. ហ្គាស​​ពោះវៀន

    ហ្គាស​ច្រើន​ពេក​ និង​មាន​ក្លិន​មិន​ល្អ​​បញ្ជាក់​ថា​ ពោះវៀន​មិន​អាច​​ស្រូប​យក​ ឬ​រំលាយ​អាហារ​ណា​មួយ​។​ ករណី​នេះ អាច​បណ្ដាល​មក​ពី​ខ្វះ​បាក់តេរី​ល្អ​ រលាក​ ឬ​ការ​បន្ទោបង់​មិន​ប្រក្រតី ដែល​អាច​កើត​ឡើង​នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន​ដូចជា​សណ្ដែក​ ស្ពៃ​ក្ដោប​ គ្រាប់​ធញ្ញជាតិ​ទាំង​មូល​ ឈីស​ ផ្លែ​ព្រូន​ ឬ​ផ្លែ​សារី​។ មួយ​វិញ​ទៀត វា​ក៏​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ពោះវៀន​ធំ​ដូច​គ្នា​។

    ៦. អស់​កម្លាំង​

    បន្ថែម​ពី​នេះ​ នៅ​ពេល​ដែល​ពោះវៀន​ដំណើរការ​មិន​ប្រក្រតី យើង​អាច​នឹង​ខ្វះ​សារធាតុ​ចិញ្ចឹម​ ជាតិ​រ៉ែ និង​វីតាមីន​ចាំបាច់​ ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ហត់នឿយ​ និង​មាន​បញ្ហា​ដំណេក​។ ប្រសិនបើ​គ្នា​យើង​មាន​អារម្មណ៍​ហត់​នឿយ​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ដូច​រាល់​ដង​​ វា​ក៏​អាច​បណ្ដាល​មក​ពី​ជំងឺ​រលាក​ពោះវៀន​​រ៉ាំរ៉ៃ ឬ​អាច​ជា​ជំងឺ​មហារីក​ផង​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 11, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម