backup og meta

ហេតុផលបីយ៉ាង គួរបោះបង់ទម្លាប់ញ៉ាំអាហារលឿនៗចោល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 15, 2021

    ហេតុផលបីយ៉ាង គួរបោះបង់ទម្លាប់ញ៉ាំអាហារលឿនៗចោល

    គ្នា​យើង​មួយ​ចំនួន​​​ប្រហែល​ជា​មាន​ទម្លាប់​ញ៉ាំ​អាហារ​លឿន ដោយ​សារ​តែ​មាន​ការ​រវល់​ច្រើន ​ប៉ុន្តែ​ការ​ញ៉ាំ​អាហារ​លឿន​បែប​នេះ​មិន​មាន​ផល​ល្អ​​ចំពោះ​សុខ​ភាព​យើង​នោះ​ទេ​។ ខាងក្រោម​នេះ​ជា​ហេតុ​ផល​មួយ​ចំនួន​ដែល​គ្នា​យើង​គួរ​ប្ដូរ​ទម្លាប់​ញ៉ាំ​អាហារ​លឿន​បែប​នេះនេះ​​។

    ១. អាហារ​មិន​ងាយ​​រំលាយ​

    បើ​គ្នា​យើង​មាន​ទម្លាប់​ញ៉ាំ​អាហារ​មួយ​ចាន​ចំណាយ​ពេល​តែ​មួយ​ពព្រិច​ភ្នែក នោះ​គ្នា​យើង​ក៏​ទំនង​ជា​ធ្លាប់​មាន​បទ​ពិសោធន៍​ដូច​ជា​តឹង​ពោះ ឬ​ហើម​ពោះ​ជា​ដើម។ ពេល​យើង​ញ៉ាំ​អាហារ​លឿន យើង​ទំពា​មិន​បាន​ហ្មត់​ល្អ​នោះ​ទេ ហើយ​ថែមទាំង​បាន​នាំ​យក​ខ្យល់​ចូល​ក្នុង​ពោះ​ច្រើន​ទៀត​​ផង​ ជា​លទ្ធ​ផល​នាំ​ឲ្យ​យើង​មាន​ខ្យល់​ក្នុង​ពោះ និង​ហើម​ពោះ។

    ពេល​យើង​ញ៉ាំ​លឿន អាហារ​មិន​ហ្មត់​ល្អ ធ្វើ​ឲ្យ​ពិបាក​រំលាយ នាំឲ្យ​ពោះ​នៅ​តឹង​យូរ​ទម្រាំ​អាហារ​ត្រូវ​រំលាយ​អស់។ ញ៉ាំ​អាហារ​តាម​សម្រួល ទំពា​ឲ្យ​ហ្មត់​ល្អ ជួយ​ឲ្យ​ការ​រំលាយ​អាហារ​បាន​ល្អ​​។

    ហើមពោះ

    ២. ឡើង​ទម្ងន់​

    បើ​និយាយ​ដល់​ឡើង​ទម្ងន់​ស្រី​ៗ​ឮ​ច្បាស់​ជា​ភ្ញាក់​ផ្អើល​មិន​ខាន។ បើ​អ៊ីចឹង​ មិន​ចង់​ឲ្យ​គីឡូ​ឡើង​ទេ ស្រី​ៗ​យើង ឬ​ប្រុសៗ​ក៏​ដោយ​គួរ​ពិនិត្យ​មើល​ពី​ទម្លាប់​ទំពា​អាហារ​របស់​យើង​​ហើយ​។

    ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​អាហារ​លឿន​ៗ​ជា​ប្រចាំ​មាន​ឥទ្ធិ​ពល​ខ្លាំង​ដល់​ការ​ឡើង​គីឡូ​។ អ្នក​ជំនាញ​ជឿ​ថា​ក្រពះ​របស់​យើង​ត្រូវ​ការ​ពេល​ប្រហែល​២០​នាទី​ដើម្បី​អាច​បញ្ជូន​សញ្ញា​ទៅ​កាន់​ខួរ​ក្បាល​ថា​ឆ្អែត​។ ការ​ទំពា​អាហារ​លឿន​ធ្វើ​ឲ្យ​រាង​កាយ​​យើង​បាន​កាឡូរី​ច្រើន​ជាង​តម្រូវ​ការ មុន​ពេល​ដែល​ក្រពះ​បញ្ជូន​សញ្ញា​ទៅ​កាន់​ខួរ​ក្បាល​ថា​អាហារ​គ្រប់​គ្រាន់​។

    ការ​សិក្សា​ក៏​បាន​រក​ឃើញ​ដែរ​ថា​ការ​ញ៉ាំ​អាហារ​យឺត​ៗ​ ក៏​បាន​បន្ថយ​កម្រិត​អ័រម៉ូន​ធ្វើ​ឲ្យ​ឃ្លាន​អាហារ​ឈ្មោះ​ថា ghrelin ថយ​ចុះ ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​មនុស្ស​យើង​ញ៉ាំ​អាហារ​តិច​។ ផ្ទុយ​មក​វិញ បើ​យើង​ញ៉ាំ​អាហារ​លឿន​ៗ​ រាង​កាយ​យើង​មិន​អាច​ដាក់​សម្ពាធ​លើ​អ័រម៉ូន ghrelin បាន​ទេ និង​ធ្វើ​ឲ្យ​យើង​បន្ត​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​ច្រើន​។​

    ៣. បញ្ហា​សុខ​ភាព​រយៈ​ពេល​វែង​

    ការ​សិក្សា​មួយ​ចុះ​ផ្សាយ​លើ​ព្រឹត្តិបត្រ ​BMC Public Healthកាល​ឆ្នាំ​២០១៨ ​ដែល​សិក្សា​លើ​មនុស្ស​៨០០០​ នាក់​បាន​បង្ហាញ​ថា​​អ្នក​ញ៉ាំ​អាហារ​លឿន​ៗ​មាន​ទំនាក់​ទំនង​ទៅ​នឹង​ជំងឺ​លើស​ឈាម កើន​ឡើង​ខ្លាញ់​ក្បាល​ពោះ កូលេស្តេរ៉ូល​ឡើង​ខ្ពស់ និង​កម្រិត​ជាតិ​ស្ករ​ឡើង​ខ្ពស់​ដែរ​។

    ​ការ​ញ៉ាំ​អាហារ​លឿន​ធ្វើ​ឲ្យ​ខួរ​ក្បាល​យើង​មិន​អាច​កំណត់​បាន​ជាក់​លាក់​ពី​អ្វី​ដែល​យើង​បាន​ញ៉ាំ។ ការណ៍​នេះ​ធ្វើ​ឲ្យ​ខួរ​ក្បាល​ពិបាក​កំណត់​ថា​ពេល​អាហារ​បន្ទាប់​ត្រូវ​ញ៉ាំ​កម្រិត​ណា។ ញ៉ាំ​អាហារ​លឿន​នៅ​ពេល​ថ្ងៃត្រង់ អាច​នាំ​ឲ្យ​យើង​ញ៉ាំ​អាហារ​ច្រើន​នៅ​ពេល​ល្ងាច​។

    ដូច​នេះ​ហើយ គ្នា​យើង​គួរ​ចំណាយ​ពេល​ញ៉ាំ​អាហារ​រង្វង់​២០​នាទី ដើម្បី​ឲ្យ​ក្រពះ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​បញ្ជូន​សញ្ញា ទៅ​ខួរ​ក្បាល​ថា​អាហារ​យើង​ញ៉ាំ​គ្រប់​គ្រាន់​។​ ការ​ញ៉ាំ​អាហារ​លឿន​ៗ​ធ្វើ​ឲ្យ​ពិបាក​បញ្ជូន​សញ្ញា​នេះ ដែល​ជា​ហេតុ​អាច​នាំ​ឲ្យ​យើង​ញ៉ាំ​អាហារ​ច្រើន​ជាង​​អ្វី​ដែល​ក្រពះ​ត្រូវ​ការ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jun 15, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម