ពិតណាស់ មិនមានអ្នកណាម្នាក់កើតមកល្អឥតខ្ចោះនោះទេ។ ប៉ុន្តែ គ្នាយើងខ្លះខ្វល់ខ្វាយអំពីចំណុចខ្សោយរបស់ខ្លួនយ៉ាងខ្លាំង និងមិនហ៊ានសូម្បីតែប្រឈមជាមួយនឹងវាទៀតផង។ យ៉ាងណាមិញ នៅពេលដែលយើងរៀនទទួលយកភាពខ្សោយរបស់ខ្លួន ក៏ជាពេលដែលយើងអាចបង្ហាញអំពីភាពខ្លាំងរបស់យើងដូចគ្នា។ មនុស្សយើងមានបុគ្គលិកលក្ខណៈខុសៗគ្នា ហើយក៏មានចំណុចដែលមិនល្អឥតខ្ចោះលាយឡំជាមួយនឹងចំណុចល្អផងដែរ។ ការទទួលយកភាពមិនល្អឥតខ្ចោះនេះ គឺប្រៀបបានទៅនឹងការហ៊ានផ្លាស់ប្ដូរដ៏អស្ចារ្យមួយក្នុងជីវិត។
១. ទទួលស្គាល់ចំណុចខ្សោយ
យើងរាល់គ្នាស្គាល់ខ្លួនឯងច្បាស់ជាងអ្នកណាទាំងអស់ ហើយសុទ្ធតែដឹងអំពីចំណុចខ្សោយរបស់ខ្លួន។ ដូច្នេះហើយ ភារកិច្ចដំបូង និងសំខាន់បំផុត គឺជាការកត់ត្រារាល់អ្វីដែលយើងគិតថាជាចំណុចខ្សោយ រួចធ្វើការពិនិត្យថាចំណុចមួយណាដែលជះឥទ្ធិពលបំផុតចំពោះយើង និងដោះស្រាយចំណុចនោះមុនគេ។
២. ព្រមទទួលយកចំណុចខ្សោយ
នៅពេលដែលយើងបានដឹងអំពីចំណុចខ្សោយរួច វាគឺជាពេលដែលយើងត្រូវទទួលយក។ កត្តានេះ នឹងធ្វើឲ្យយើងកាន់តែរឹងមាំ រៀនអំពីចំណុចខ្សោយ ព្រមទាំងធ្វើការកែលម្អប្រកបដោយប្រសិទ្ធភាព។
៣. មិនត្រូវម៉ឺងម៉ាត់ចំពោះខ្លួនឯងជ្រុលពេក
ខណៈពេលដែលយើងកំពុងតែព្យាយាមផ្លាស់ប្ដូរចំណុចខ្សោយរបស់ខ្លួន មានអ្នកខ្លះម៉ឺងម៉ាត់ចំពោះខ្លួនឯងជ្រុល ដែលកត្តានេះនឹងបំផ្លាញទំនុកចិត្តលើខ្លួនឯង ព្រមទាំងធ្វើឲ្យយើងមានអារម្មណ៍ពិបាកចិត្ត។ ប៉ុន្តែជំនួសឲ្យទង្វើបែបនេះ យើងគប្បីរៀបចំផែនការឲ្យបានល្អិតល្អន់ ដើម្បីជួយកែខៃរាល់ចំណុចខ្វះខាតដែលខ្លួនមាន ទើបជាការប្រសើរ។
៤. ផ្ដល់រង្វាន់ដល់ខ្លួនឯង
ការទទួលបានការសរសើរពីអ្នកណាម្នាក់ គឺមិនស្ថិតស្ថិរដូចនៅពេលដែលយើងចេះសរសើរ និងឲ្យតម្លៃដល់ខ្លួនឯងនោះឡើយ។ ជាក់ស្ដែង ការផ្ដល់តម្លៃដល់ខ្លួនឯង មានឥទ្ធិពលយ៉ាងខ្លាំង ពីព្រោះវាមិនត្រឹមតែធ្វើឲ្យយើងក្លាយជាមនុស្សសុទិដ្ឋិនិយមប៉ុណ្ណោះទេ វាក៏ធ្វើឲ្យយើងខិតខំព្យាយាមដើម្បីទទួលបានលទ្ធផលជាវិជ្ជមានផងដែរ។