មនុស្សគ្រប់រូបសុទ្ធតែធ្លាប់ជួបបញ្ហាអារម្មណ៍ប្រែប្រួលជារើយៗ។ បម្រែបម្រួលអារម្មណ៍ គឺជាស្ថានភាពមួយដែលយើងប្រែពីអារម្មណ៍សប្បាយទៅជាកើតទុក្ខមួយរំពេច។ បម្រែបម្រួលអារម្មណ៍អាចកើតឡើងដោយសារកត្ដាជុំវិញខ្លួន ហើយអាចខុសគ្នាពីមនុស្សម្នាក់ទៅម្នាក់ទៀត។ មានពេលខ្លះអារម្មណ៍របស់យើងអាចនឹងប្រែប្រួល ដោយមិនមានមូលហេតុអ្វីទាំងអស់ក៏មាន។ កត្តាសុខភាពផ្លូវកាយ ក៏អាចធ្វើឲ្យអារម្មណ៍របស់យើងប្រែប្រួលបានដែរ។
១- រោគសញ្ញានៃបញ្ហាបម្រែបម្រួលអារម្មណ៍
ក្រៅពីអារម្មណ៍ប្ដូរភ្លាមៗ យើងអាចមានរោគសញ្ញាផ្សេងដូចខាងក្រោម៖
- គិតច្រើន និងឆេវឆាវ
- វង្វេង និងភ្លេចភ្លាំងច្រើន
- ការផ្ដោតអារម្មណ៍ថយចុះ
- ស្រមៃមើលឃើញវត្ថុផ្សេងៗដែលមិនពិត
- បាក់ទឹកចិត្ដ
- ការសម្រេចចិត្ដធ្លាក់ចុះ
- អស់កម្លាំង
- មិនសូវប្រុងប្រយ័ត្ន
- ធ្វើអ្វីផ្ដេសផ្ដាស
- និយាយញាប់
- ពិបាកយល់ និងបញ្ចេញមតិ
- ចំណង់ញ៉ាំអាហារ និងទម្ងន់ប្រែប្រួល
- រដូវមកមិនទៀង
- ចង្អោរ ឬចង់ក្អួត
- គេងមិនលក
២- តើអ្វីខ្លះជាមូលហេតុធ្វើឲ្យអារម្មណ៍យើងប្រែប្រួល?
ជំងឺផ្លូវចិត្ដមួយចំនួនដូចជា ជំងឺ ប៊ីប៉ូឡា (Bipolar) cyclothymic disorder បាក់ទឹកចិត្ដធ្ងន់ធ្ងរ dysthymia ជំងឺមិនអាចគ្រប់គ្រងអារម្មណ៍រំខានបាន សុទ្ធតែអាចបណ្ដាលឲ្យកើតបញ្ហាអារម្មណ៍ប្រែប្រួល។ ជំងឺសរសៃប្រសាទ (Schizophrenia) និងជំងឺ attention deficit hyperactivity disorder ក៏អាចធ្វើឲ្យអារម្មណ៍ប្រែប្រួលដែរ។
អ័រម៉ូនធ្លាក់ចុះអាចធ្វើឲ្យប៉ះពាល់ដល់ធាតុគីមីក្នុងខួរក្បាល ជាលទ្ធផលធ្វើឲ្យអារម្មណ៍របស់យើងប្រែប្រួល។ មនុស្សវ័យជំទង់ ស្ត្រីមានផ្ទៃពោះ និងស្រ្តីអស់រដូវ ភាគច្រើនមានបញ្ហាបម្រែបម្រួលអ័រម៉ូន ដែលធ្វើឲ្យអ្នកទាំងនោះឆាប់ប្រែប្រួលអារម្មណ៍។
ការប្រើប្រាស់ថ្នាំញៀន ឬគ្រឿងស្រវឹង អាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកប្រើប្រាស់។ ពេលប្រើសារធាតុទាំងអស់នោះច្រើនពេក នឹងប្រែទៅជាញៀនដែលនោះជាជំងឺសតិអារម្មណ៍ម្យ៉ាង។
បញ្ហាសុខភាពមួយចំនួនផ្សេងទៀតមានដូចជាអ្នកជំងឺសួត ជំងឺសរសៃឈាមបេះដូង ជំងឺក្រពេញទីរ៉ូអ៊ីត និងជំងឺប្រព័ន្ធសរសៃប្រសាទកណ្ដាល សុទ្ធតែអាចធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ប្រែប្រួល។
៣- កត្តាងាយនាំឲ្យអារម្មណ៍ប្រែប្រួល
ក្រៅពីមូលហេតុទាំងអស់ខាងលើ បញ្ហាប្រែប្រួលអារម្មណ៍អាចកើតឡើងដោយសារកត្តាមួយចំនួនមានដូចជា ស្ត្រេស ជីវិតរស់នៅប្រែប្រួល របបអាហារ របៀបនៃការគេង និងថ្នាំពេទ្យមួយចំនួន។ បើយកល្អយើងគួរគាត់សម្គាល់មើលថា តើអារម្មណ៍ប្រែប្រួលនៅពេលណា ដើម្បីជួយឲ្យគ្រូពេទ្យដឹងអំពីមូលហេតុឲ្យបានកាន់តែច្បាស់។
៤- ពេលណាយើងចាំបាច់ត្រូវទៅជួបគ្រូពេទ្យ?
មនុស្សមួយចំនួនឆាប់ដាក់អារម្មណ៍ ប៉ុន្តែអ្នកទាំងនោះមិនមានបញ្ហាអ្វីឡើយ។ ប្រសិនបើអារម្មណ៍របស់យើង មិនធ្វើឲ្យប៉ះពាល់ដល់ការរស់នៅទេនោះ មិនចាំបាច់ត្រូវបារម្ភពីវានោះទេ។ ប៉ុន្តែប្រសិនបើអារម្មណ៍របស់យើងនៅតែបន្ដប្រែប្រួលហើយធ្វើឲ្យប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃ យើងចាំបាច់ត្រូវស្វែងរកជំនួយហើយ។ ឧទាហរណ៍ដូចជា អារម្មណ៍របស់យើងផ្ដោតតែលើសកម្មភាពមិនល្អ ឬធ្វើបាបខ្លួនឯង នោះចាំបាច់ត្រូវទៅជួបគ្រូពេទ្យ។
៥- តើបញ្ហាអារម្មណ៍ប្រែប្រួលអាចព្យាបាលបានតាមវិធីណា?
ប្រសិនបើអារម្មណ៍របស់យើងប្រែប្រួលដោយសារបញ្ហាជំងឺ ការព្យាបាលជំងឺក្នុងខ្លួននឹងជួយដល់អារម្មណ៍របស់យើង។ ប្រើថ្នាំពេទ្យ បូករួមជាមួយការព្យាបាលដោយប្ដូររបៀបនៃការរស់នៅ អាចជួយឲ្យយើងគ្រប់គ្រងអារម្មណ៍បានយ៉ាងប្រសើរ។ ខាងក្រោមនេះជាតិចនិកមួយចំនួនគ្នាយើងសាកល្បងប្រើប្រាស់បាន៖
- ត្រូវធ្វើការតាមកាលវិភាគទៀងទាត់
- ហាត់ប្រាណជាប្រចាំ
- គេងឲ្យបានគ្រប់គ្រាន់
- ញ៉ាំអាហារល្អសម្រាប់សុខភាព
- ហាត់យ៉ូហ្កា ឬតាំងសមាធិ
- មិនត្រូវឲ្យមានបញ្ហាស្រ្តេសកើតឡើង
- ធ្វើសកម្មភាពដែលចូលចិត្ដ
- ចែករំលែកអារម្មណ៍ជាមួយមនុស្សដែលយើងទុកចិត្ដ