ការធ្វើអត្តឃាត (ការសម្លាប់ខ្លួន) គឺជាការបញ្ចប់ជីវិតខ្លួនឯងដើម្បីគេចវេះពីភាពឈឺចាប់ និងការប្រឈមនានា។ ជារៀងរាល់ឆ្នាំមានមនុស្សជាង ៧ សែននាក់សម្លាប់ខ្លួនទូទាំងពិភពលោក ក្នុងនោះការសម្លាប់ខ្លួន ៧៧% កើតឡើងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និង មធ្យម។ យោង
តាមធនាគាពិភពលោកបានឱ្យដឹងថា អត្រាសម្លាប់ខ្លួននៅក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០១៩ មាន ៤,៩% ក្នុងចំណោមប្រជាជន ១ សែននាក់។ តើមនុស្សប្រភេទណាខ្លះងាយសម្លាប់ខ្លួនជាងគេ?
យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ភាគច្រើនអ្នកដែលសម្លាប់ខ្លួនគឺជាអ្នកដែលមានវិបត្តិដូចជា៖
១. ហិរញ្ញវត្ថុ៖ ការជំពាក់បំណុលច្រើនដោះមិនរួច ការបាត់បង់ការងារ ការបាត់បង់ចំណូល ការក្ស័យទុនសុទ្ធតែប៉ះពាល់ដល់ផ្លូវចិត្តយើង។ ជារឿយៗវិបត្តិហិរញ្ញវត្ថុធ្វើឱ្យយើងបាត់បង់ការគោរពខ្លួនឯង មានអារម្មណ៍ខ្មាស់អៀន ឬអស់សង្ឃឹម។ យើងអាចគិតខ្លួនឯងជាមនុស្សឥតបានការ ឬជាបន្ទុកដល់គ្រួសារ។ បន្ទាប់មកក៏មានជំងឺបាក់ទឹកចិត្ត ថប់បារម្ភ និងយល់ថាឯកោដែលកត្តាទាំងអស់នេះគឺជាកត្តាហានិភ័យធ្ងន់ធ្ងរនៃការសម្លាប់ខ្លួន។
២. បែកបាក់ទំនាក់ទំនង៖ អ្នកដែលបាត់បង់ស្នេហា ឬបែកបាក់គ្រួសារមានអត្រាចង់សម្លាប់ខ្លួនខ្ពស់ព្រោះមិនអាចប្រឈមមុខនឹងការឈឺចាប់ពីបាត់បង់មនុស្សជាទីស្រឡាញ់។ យោងតាមទ្រឹស្តីទំនាក់ទំនង មនុស្សពេញវ័យមានអារម្មណ៍ចំពោះដៃគូស្នេហារបស់ពួកគេខ្លាំងដូចការផ្សារភ្ជាប់ដែលទារកមានចំពោះម្តាយ។ មនុស្សចាត់ទុកដៃគូស្នេហាជាអ្នកផ្តល់សុវត្ថិភាព ផ្តល់ការលួងលោម និងផ្តល់ទំនាក់ទំនងជិតស្និទ្ធ។ ចំណងទំនាក់ទំនងប្រភេទនេះក្លាយជាផ្នែកសំខាន់មួយនៃអារម្មណ៍របស់ពួកគេ ជាពិសេសបើទំនាក់ទំនងនោះកើតមានជាច្រើនឆ្នាំ។
៣. មានជំងឺព្យាបាលមិនជា និងមានការឈឺចាប់រុំារ៉ៃ៖ វេជ្ជបណ្ឌិតចិត្តសាស្រ្ត Laurie Ferguson នាយកផ្នែកអភិវឌ្ឍការអប់រំនៅ Global Healthy Living បានលើកឡើងថា “អ្នកដែលមានការឈឺចាប់រ៉ាំរ៉ៃពីជំងឺព្យាបាលមិនជារស់នៅក្នុងស្ថានភាពដែលមិនអាចគ្រប់គ្រងរាងកាយ និងផ្លូវចិត្តបាន និងអស់សង្ឃឹមក្នុងជីវិត” ។ ការឈឺចាប់រ៉ាំរ៉ៃធ្វើឱ្យកើតជំងឺថប់បារម្ភ និងធ្លាក់ទឹកចិត្តដែលអាចបង្កើនហានិភ័យក្នុងការការសម្លាប់ខ្លួន។ យោងតាមការស្រាវជ្រាវ មនុស្សដែលមានការឈឺចាប់រ៉ាំរ៉ៃទំនងជាមានជំងឺបាក់ទឹកចិត្ត ឬថប់បារម្ភច្រើនជាងអ្នកដែលមិនមានការឈឺចាប់បួនដង។ ការសិក្សាមួយដែលផ្សាយនៅក្នុងទស្សនាវដ្តី American Journal of Preventative Medicine បានឱ្យដឹងថា អ្នកដែលមានជំងឺព្យាបាលមិនជាដូចជា មហារីក ឬជំងឺអេដស៍ជាដើមមានហានិភ័យខ្ពស់ក្នុងការចង់សម្លាប់ខ្លួន។
ប្រសិនបើមានសមាជិកគ្រួសារ ឬមិត្តភ័ក្រជួបវិបត្តិដូចខាងលើ យើងត្រូវលួងលោម ពិគ្រោះយោបល់ លើកទឹកចិត្ត យកចិត្តទុកដាក់ ចូលរួមរកដំណោះស្រាយ នាំពួកគាត់ទៅខាងក្រៅដើម្បីលំហែរខួរក្បាល និងចំណាយពេលវេលានៅជាមួយពួកគាត់ឱ្យបានច្រើនដើម្បីកុំឱ្យពួកគាត់មានអារម្មណ៍ឯកា និងគិតខ្លី ឬអាចនាំគាត់ទៅជួបជាមួយគ្រូពេទ្យចិត្តសាស្រ្ត។