backup og meta

"ស្នេហា" ​មាន​គុណ​ប្រយោជន៍​ស្ទើរ​មិន​គួរ​ឲ្យជឿ

"ស្នេហា" ​មាន​គុណ​ប្រយោជន៍​ស្ទើរ​មិន​គួរ​ឲ្យជឿ

ស្នេហា​ជា​ផ្នែក​មួយ​ក្នុង​ជីវិត​មនុស្ស អ្នក​ណា​ក៏​មាន​ស្នេហា​ដែរ ព្រោះ​វា​គឺ​ជា​ធម្មជាតិ​របស់​សត្វ​លោក សម្រាប់​មនុស្ស​យើង​វិញ ស្នេហា​អាច​ស៊ាំញ៉ាំ​បន្តិច ពេល​ខ្លះ​អាច​ជា​រឿង​សប្បាយ ពេល​ខ្លះ​អាច​ជា​រឿង​ឈឺ​ចាប់ ប៉ុន្តែ​គ្នា​យើង​ណា​ខ្លះ​ដឹង​ពី​អត្ថន័យ គុណ​ប្រយោជន៍​របស់​ស្នេហា​ច្បាស់។ អត្ថបទ​នេះ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​គុណ​ប្រយោជន៍​ដ៏​អស្ចារ្យ​របស់​ស្នេហា​ ទៅ​លើ​សុខ​ភាព​យើង​ដែល​មនុស្ស​ភាគ​ច្រើន​មិន​ធ្លាប់​ដឹង។

១- ល្អ​សម្រាប់​សុខភាព​ទូទៅ

ការ​សិក្សា​បាន​បង្ហាញ​ថា ប្តី​ប្រពន្ធ​រៀប​ការ​រស់​នៅ​ជា​មួយ​គ្នា មិន​ងាយ​ធ្លាក់​ខ្លួន​ឈឺ ដូច​ពេល​នៅ​កំលោះ​ក្រមុំ​នោះ​ទេ ហើយ​បើ​ទោះ​បី​ជា​ឈឺ​ ក៏​មិន​ដល់​ថ្នាក់​គេង​ពេទ្យ​យូរ​ពេក​ដែរ។ អ្នក​វិទ្យា​សាស្រ្ត​ជឿ​ថា កត្តា​នេះ​ដោយ​សារ​យើង​ទទួល​បាន​អ្វី​ខ្លួន​ចង់​បាន និង​ដំណើរ​ការ​ល្អ​ប្រសើរ​នៃ​ប្រព័ន្ធ​រាង​កាយ​ខាង​ក្នុង។ ទំនាក់​ទំង​ល្អ ក៏​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​យើង​យក​ចិត្ត​ទុក្ខ​ដាក់​លើ​ខ្លួន​ឯង​កាន់​តែ​ច្រើន។ មនុស្ស​យើង​ស្រលាញ់​តែង​តែ​រំលឹក​យើង​ឲ្យ​កែ​ទម្លាប់​អាក្រក់ៗ​ចេញ​ និង​តែងដាស់​តឿន​យើង​ញ៉ាំ និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់។ ទង្វើរ​ទាំង​អស់​នេះ​ហើយ ជា​កត្តា​ធ្វើ​ឲ្យ​សុខ​ភាព​យើង​កាន់​តែ​ប្រសើរ​ឡើង។

២- មិន​ងាយ​បាក់​ទឹក​ចិត្ត និង​មិន​ប្រើ​ថ្នាំ​ញៀន

កាល​ណា​យើង​នៅ​តែ​ម្នាក់​ឯង​ឆ្ងាយ​ពី​អ្នក​ដទៃ អាច​ប្រឈម​មុខ​ខ្លាំង​ជា​មួយ ជំងឺ​បាក់​ទឹក​ចិត្ត ដូច​នេះ​ពេល​យើង​រៀប​ការ​មាន​ដៃ​គូ​ជីវិត​រួច យើង​អាច​ចៀស​ផុត​ពី​ជំងឺនេះ​បាន មិន​ថា​ប្រុស ឬ​ក៏​ស្រី​ទេ។ លើស​ពី​នេះ ពេល​យើង​មាន​ប្តី ឬ​ប្រពន្ធ គឺ​អាច​ជួយ​យើង​កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង ឬ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​បាន។

ស្នេហា ​មាន​គុណ​ប្រយោជន៍​ស្ទើរ​មិន​គួរ​ឲ្យជឿ

អត្ថបទ​ពាក់ព័ន្ធ៖

  • ស្ត្រេសខ្លាំង​មែន​អត់? នេះវិធីសាស្ត្រ​ដោះស្រាយ
  • ១៥ ចំណុច អាចធ្វើ​ឲ្យ​ជីវិត​យើង​ធ្លាក់​ក្នុង​ភាព​ខ្មៅ​ងងឹត

៣- ជួយ​បញ្ចុះ​សម្ពាធ​ឈាម

ការ​សិក្សា​រក​ឃើញ​ថា ប្តី​ប្រពន្ធ​ស្រលាញ់​គ្នា​ គឺ​ជា​ក្រុម​មនុស្ស​មាន​សម្ពាធ​ឈាម​ល្អ​ជាង​គេ​បង្អស់។ ហើយ​ក្រុម​បន្ទាប់ គ្នា​យើង​នៅ​លីវ ចំណែក​​ក្រុម​រៀប​ការ​រួច ប៉ុន្តែ​រស់​នៅ​មិន​ចុះ​សម្រុង​គ្នា គឺ​ជា​​ក្រុម​មនុស្ស​មាន​សម្ពាធ​ឈាម​អាក្រក់​ជាង​គេ​បង្អស់។ លទ្ធផល​នេះ​អាច​បញ្ជាក់​បាន​ថា គុណ​ភាព​របស់​អាពាហ៍ពិពាហ៍ សុភមង្គល​ក្នុង​គ្រូសារ គឺ​ជា​មូល​ហេតុ​សំខាន់ មិន​មែន​រៀប​ការ​តែ​មួយ​មុខ​នោះ​ទេ។ ប៉ុន្តែ​ការ​សិក្សា​ក៏​បាន​រក​ឃើញ​ដែរ​ថា គ្នា​យើង​នៅ​លីវ ប៉ុន្តែ​រស់​នៅ​មាន​ទំនាក់​ទំនង​ល្អ ក៏​មាន​សុខ​ភាព​ល្អ​ដូច​គ្នា។ ដូច​នេះ បើ​គ្នា​យើង​មិន​ទាន់​មាន​គូរ ហើយ​កំពុង​រស់​នៅ​មាន​ទំនាក់​ទំនង​ល្អ​ក្នុង​សង្គម ក៏​មិន​មាន​អ្វី​ដែល​ត្រូវ​បារម្ភ​ឡើយ។

៤- កាត់​បន្ថយ​ការ​ឈឺ​ចាប់​យ៉ាង​មាន​ប្រសិទ្ធភាព

តាម​ការ​សិក្សា ក្តី​ស្រលាញ់​អាច​ជួយ​យើង​គ្រប់​គ្រង​ការ​ឈឺ​ចាប់​បាន​កាន់​តែ​ប្រសើរ។ ប្តី​ប្រពន្ធ​រៀប​ការ​រួច គេ​មិន​សូវ​ត្អូញ​ត្អែ​ច្រើន​អំពី​បញ្ហា​ឈឺ​ក្បាល ឬ​ឈឺ​ខ្នង​ ឬ​ចង្កេះ​ឡើយ។

មាន​ការ​សិក្សា​ផ្សេង​ទៀត បាន​ធ្វើ​ឡើង​លើ​ស្រីៗ​រៀប​ការ​រួច ចំនួន ១៦​នាក់ ដោយ​គេ​បាន​​បំភ័យ​ក្រុម​អ្នក​ចូល​រួម​ទាំង​អស់ ដោយ​យក​ខ្សែ​ភ្លើង​បម្រុង​ទៅឆក់ ប៉ុន្តែ​ពេល​អនុញ្ញាត​ឲ្យ​ស្រីៗ​ទាំង​អស់​កាន់​ដៃ​ប្តី​របស់​ខ្លួន គេ​ឃើញ​ថា​តំបន់​ក្នុង​ខួរ​ក្បាល ដែល​ជា​កន្លែង​ឆ្លើយ​តប​ជា​មួយ​ស្រ្តេស មិន​សូវ​ធ្វើ​ការ​ឡើយ នាំ​ឲ្យ​គេ​ជឿ​ថា ក្តី​ស្រឡាញ់ ក៏​មាន​ប្រសិទ្ធ​ភាព​ជួយ​កាត់​បន្ថយ​ស្រ្តេស​បាន​ដូច​គ្នា។

ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ប្រកួត​ប្រជែង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ យើង​គ្រប់​គ្នា​សុទ្ធ​តែ​អាច​កាត់​បន្ថយ​ភាព​ភ័យ​ខ្លាចបាន បើ​មនុស្ស​ជាទី​ស្រលាញ់ ជួយ​ផ្ដល់​កម្លាំង​ចិត្ត​នៅ​ពី​ក្រោយ​យើង។

៥- កាត់​បន្ថយ​បញ្ហា​ឈឺ​ទ្រូង និង​ដំបៅ​លើ​ប្រុសៗ

ប្រុសៗ ទទួល​ផល​ប្រយោជន៍​ជា​ច្រើន​ពី​ស្នេហា។ ការ​សិក្សា​បាន​បង្ហាញ​ថា បើ​យើង​មាន​មនុស្ស​ខ្លួន​ស្រលាញ់​នៅ​ពី​ក្រោយ គឺ​អាច​ជួយ​កាត់​បន្ថយ​មិន​ឲ្យ​គាត់​ងាយ​កើត​ជំងឺ​ឈឺ​ទ្រូង​បាន ទោះ​បី​ជា​គាត់​ស្ថិត​ក្នុង​ក្រុម​មនុស្ស​ងាយ​ប្រឈម​ជំងឺ​នេះ​ខ្លាំង​ ដូច​ជា មាន​អាយុ​ច្រើន ឬ​មាន​ជំងឺលើស​ឈាម​ក្ដី។

ការ​ស្រាវ​ជ្រាវ​ផ្សេង​ទៀត​ ក៏​បាន​រក​ឃើញ​ពី​ប្រសិទ្ធ​ភាព​របស់​ស្នេហា ទៅ​លើ​គ្នា​យើង​កើត​ជំងឺ​ដំបៅ​ក្នុង​ពោះ​វៀន​តូច​ផង​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10 Surprising Health Benefits of Love. http://www.medicinenet.com/script/main/art.asp?articlekey=97679. Accessed May 3, 2017.

Benefits of love and sex. http://www.nhs.uk/Livewell/Goodsex/Pages/ValentinesDay.aspx. Accessed May 3, 2017.

កំណែ​ប្រែបច្ចុប្បន្ន

15/07/2020

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម