ក្មេងវ័យជំទង់ ជាវ័យដែលមានបម្រែបម្រួលច្រើនមិនថាផ្នែករាងកាយ ឬផ្នែកផ្លូវចិត្ត គឺប្រែប្រួលលឿន ទៅតាមការវិវឌ្ឍខ្លួនតាមធម្មជាតិ និងបរិស្ថាននៅជុំវិញខ្លួនពួកគេ។ សម្រាប់ផ្លូវចិត្ត ក្មេងវ័យយជំទង់គឺពិតជាត្រូវការការយកចិត្តទុកដាក់ផងដែរពីឪពុកម្តាយ ក៏ដូចជាអ្នកចង្អុលបង្ហាញផ្លូវត្រឹមត្រូវដល់ពួកគេ មិនថាផ្នែកសម្ភារៈ និងបញ្ញា ស្មារតី សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ តាមរយៈសញ្ញាមួយចំនួនដែលបង្ហាញលើអាកប្បកិរិយាកូនៗ ប៉ាម៉ាក់អាចសម្គាល់ឃើញថា ពួកគេគឺត្រូវការជំនួយពីឪពុកម្តាយ។
១. លទ្ធផលការសិក្សាធ្លាក់ចុះ
លទ្ធផលសិក្សាជាផ្នែកមួយដែលឆ្លុះបញ្ចាំងពី សកម្មភាពចូលរួមនៅក្នុងកម្មវិធីសិក្សារបស់ពួកគេ។ ប្រសិនបើមាន ការប្រែប្រួលខ្លាំងខុសប្រក្រតី គឺជាសញ្ញាណមួយ ដែលប៉ាម៉ាក់ គួរស្វែងយល់ពីដើមហេតុ ព្រមទាំងហេតុផលរបស់ពួកគេ ជួបបញ្ហានេះ។ ករណីនេះ ប៉ាម៉ាក់អាចជួយពួកគេបានភ្លាមៗ និងមានប្រសិទ្ធភាព។
២. ឡើង ឬស្រកទម្ងន់ខ្លាំង
ញ៉ាំអាហារមិនល្អប៉ះពាល់សុខភាព គេងមិនលក់ ឬកើនទម្ងន់ ឬស្រកទម្ងន់ខ្លាំង ក៏ជាផ្នែកមួយទាក់ទិននឹងផ្លូវចិត្ត និងការគិតរបស់ពួកគេ ដែលកំពុងជួបប្រឈមបញ្ហាខ្លះ ដោះស្រាយមិនបាន។ ដូចនេះ ម៉ាក់ប៉ា ក៏អាចកត់សម្គាល់ និងស្វែងយល់បន្ថែមពីពួកគេផងដែរ។
៣. ចេះញ៉ាំសុរា ឬគ្រឿងស្រវឹង
ជួបជុំកម្មវិធីគ្រួសារ បងប្អូន មិត្តភក្តិអាចជារឿងមួយផ្សេង ប៉ុន្តែគួរកត់សម្គាល់ថា ទម្លាប់ញ៉ាំជាតិស្រវឹងរបស់យុវវ័យ ដោយផ្អែកតាមទិន្នន័យស្រាវជ្រាវភាគច្រើន គឺជាវិធីបំបាត់ទុក្ខរបស់ពួកគេ នៅពេលដែលជួបប្រឈមបញ្ហាអ្វីមួយដោះស្រាយមិនចេញ។ ដូចនេះ ម៉ាក់ប៉ា គួរយកចិត្តទុកដាក់សម្រាប់រឿងនេះផងដែរ។
អត្ថបទពាក់ព័ន្ធ៖
- វិធីសាស្ត្រអប់រំកូនស្រីកុំឲ្យដើរផ្លូវខុស ជ្រុលខ្លួនក្នុងរឿងស្នេហា
- ជាឪពុកម្ដាយ គួរចែកឲ្យដាច់ភាពខុសគ្នារវាងក្មេងជំទង់ និងជិតជំទង់
៤. ឈឺ និងមានលេចសញ្ញាមិនប្រក្រតីលើរាងកាយ
តាមវេជ្ជសាស្រ្ត បញ្ហាផ្លូវចិត្ត អាចបង្កឱ្យចេញជាបញ្ហាមួយចំនួនលេចឡើងលើរាងកាយ ឬបង្កឱ្យឈឺផងដែរ តួយ៉ាងដូចជា ឧស្សាហ៍ឈឺក្បាល អស់កម្លាំងជាប្រចាំ រវើរវាយ ជាសញ្ញាដែលថា បញ្ហាផ្នែកផ្លូវចិត្តប៉ះពាល់ខ្លាំង។
៥. ត្អូញត្អែរអវិជ្ជមានពីខ្លួនច្រើន
បើកូនៗ បន្ទោសខ្លួនគេញឹកញាប់ ចូលចិត្តនិយាយពីភាពបរាជ័យ ថាពុំអាចធ្វើអ្វីមួយបានត្រឹមត្រូវ ឬឧស្សាហ៍ពីភាពបរាជ័យដែលបានកើតឡើងនៅអតីតកាល គឺជាសញ្ញាណមួយនៃបញ្ហាផ្លូវចិត្តពួកគេផងដែរ។ ដូចនេះ ប៉ាម៉ាក់ គួរជួយដល់ពួកគេ ឬស្វែងរកជំនួយពីអ្នកជំនាញ៕
អត្ថបទពាក់ព័ន្ធ៖
- កូនបាក់ទឹកចិត្ត ប៉ាម៉ាក់មិនដឹងធ្វើម៉េច អានអត្ថបទនេះសិន
- អ្នកជំនាញណែនាំឲ្យម៉ាក់ៗបង្រៀនកូនមុនពេញវ័យ ពីអនាម័យផ្លូវភេទ
- ម៉ាក់ៗមានកូនស្រីតូចៗ ប្រយ័ត្នមានបញ្ហាមួយនេះដូចមនុស្សធំ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕