ភាពភ័យខ្លាច ឬគំនិតភ័យព្រួយ អាចកើតឡើងនៅពេលមានភាពអាសន្នណាមួយកើតឡើង ឧទាហរណ៍ អគ្គិភ័យឆាបឆេះ ការវាយប្រហារ ឬការឈរនៅទីតាំងខ្ពស់ជាដើម។ បើតាមអ្នកវិទ្យាសាស្រ្ត ការកើតឡើងភាពភ័យខ្លាចនោះ គឺជាសញ្ញាឆ្លើយតបទៅនឹងភាពអាសន្នទាំងនោះ។
យ៉ាងណាមិញ ភាពភ័យខ្លាចក៏នៅតែអាចកើតឡើង នៅពេលយើងជួបព្រឹត្តិការណ៍ធម្មតាៗ មួយចំនួនដូចជា ការចូលប្រលង ការនិយាយជាសាធារណៈ និងការបំពេញការងារក្នុងតំណែងថ្មី ជាដើមផងដែរ។ តែយ៉ាងណា យើងអាចយកជ័យជម្នះលើភាពភ័យខ្លាចទាំងនោះខ្លះ ដោយវិធីមួយចំនួនដែលអ្នកជំនាញផ្នែកចិត្តសាស្រ្តបានណែនាំជាទូទៅ៖
១. រៀនជួបនឹងភាពភ័យខ្លាចនោះខ្លះ
អ្នកជំនាញបានលើកឡើងថា បើយើងគេចពីភាពភ័យខ្លាច នោះនឹងធ្វើឲ្យយើងបាត់បង់ឱកាសចំពោះអ្វីដែលយើងចង់ធ្វើ។ មានន័យថា យើងមិនអាចដឹងពីសមត្ថភាព ដោះស្រាយបញ្ហារបស់យើងមានកម្រិតណា ឬអាចនិយាយថា យើងអាចបាត់ឱកាសហ្វឹកហាត់ការប្រឈម ការរកដំណោះស្រាយទៅនឹងបញ្ហាទាំងនោះ។ រៀនប្រឈមខ្លះនឹងភាពភ័យខ្លាចទាំងនោះ ហើយដោះស្រាយតាមសមត្ថភាពដែលយើងមានបន្តិចម្តងៗ នោះយើងនឹងឃើញពីប្រសិទ្ធភាពថាយើងអាចធ្វើបាន។
អត្ថបទពាក់ព័ន្ធ៖
- ៦នាក់/ម៉ោង ប៉ងធ្វើអត្តឃាតនៅថៃ ដោយសារមូលហេតុធំ ៣
- WHO វាស់ថារាល់ ៤០វិនាទីម្ដង មានម្នាក់ ធ្វើអត្តឃាត
- អត្រាអត្តឃាតកើនឡើង ហើយក្មេងជំទង់ក្រោម ២០ឆ្នាំ មានច្រើនជាងគេ
២. ស្វែងយល់ពីខ្លួនឯង និងឫសគល់ធ្វើឱ្យភ័យខ្លាច
ស្វែងយល់បន្ថែមពីអ្វី ដែលធ្វើឱ្យយើងភ័យខ្លាច។ បើអាច យើងព្យាយាមកត់ត្រានូវចំណុចទាំងនោះថានៅពេលណាដែលកើតមានការភ័យខ្លាច និងកំណត់ថាវាជាអ្វី។ ទន្ទឹមនឹងនោះ យើងអាចកត់ត្រាជាដំណោះស្រាយមួយចំនួន ដែលមានអានុភាព និងបំបាត់ភាពភ័យខ្លាចទាំងនោះ។ ការកត់ត្រា និងស្វែងយល់នេះគឺជាមូលដ្ឋានគ្រឹះដើម្បីជម្នះភាពភ័យខ្លាចដែលកើតមាននោះ។
អត្ថបទពាក់ព័ន្ធ៖
៣. កត្តាខាងក្រៅ
ក្រៅពីពីរវិធីខាងលើ ដែលអាចធ្វើបាន អ្នកជំនាញក៏បានណែនាំ នូវចំណុចសាមញ្ញមួយចំនួន ប៉ុន្តែវាជាកត្តាដែលនាំឱ្យយើង មានអានុភាពខ្លាំងជាង ភាពភ័យព្រួយទាំងនោះបានផងដែរ។ អ្វីទាំងនោះដូចជាការធ្វើលំហាត់ប្រាណ ការសម្រាកបានគ្រប់គ្រាន់ ការញ៉ាំអាហារល្អដល់សុខភាព ចៀសវាងផឹកគ្រឿងស្រវឹង ចងចាំនូវពាក្យលើកទឹកចិត្ត និងរឿងល្អៗដែលបានធ្វើ ជាដើម។ កត្តាទាំងនេះ ជាកម្លាំងជួយឱ្យយើងជឿជាក់លើសមត្ថភាពខ្លួនថាពិតជាអាចធ្វើបាន ហើយភាពភ័យខ្លាចពុំមែនជាឧបសគ្គរបស់យើងទេ។
គួររំលឹកដែរថា ករណីសិក្សាជាច្រើនក៏បានបង្ហាញដែរថា មានភាពភ័យខ្លាចខ្លះនៅលងបន្លាចផ្លូវចិត្តយើងក្នុងរយៈពេលយូរ ឬមួយជីវិតក៏មាន។ ដូចនេះ ការទម្លាប់ពង្រឹងសមត្ថភាពជម្នះវាបន្តិចម្តងៗ ទៅតាមមធ្យោបាយផ្សេងៗ សមស្របទៅតាមវេលា នឹងជួយយើងជម្នះពីភាពភ័យខ្លាច និងបារម្ភទាំងនោះបាន៕
អត្ថបទពាក់ព័ន្ធ៖
- ចូលចិត្តមើលរឿងខ្មោច រឿងរន្ធត់ ប្រយ័ត្នជួបបញ្ហាសុខភាពទាំងនេះ!
- មើលរឿងបែបរំភើបច្រើន ឆាប់ចាស់មុនអាយុ ដោយសារបញ្ហានេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬ ការព្យាបាលជូនទេ៕