នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងឥឡូវនេះ ម្នាក់ៗងាយនឹងរងសម្ពាធផ្លូវអារម្មណ៍ដោយសារការស្រ្តេសដែលកើតឡើងនៅក្នុងជីវិត ទាំងការងារ ការសិក្សា។ល។ ដូចនេះហើយ យើងត្រូវចេះរកវិធីទប់ទល់នឹងអារម្មណ៍ពេលមានសម្ពាធទើបល្អ ចៀសវាងការប៉ះពាល់កាន់តែខ្លាំង។
បញ្ហានេះ វេជ្ជបណ្ឌិត យឹម សុបុត្រា ជំនាញវិកលវិទ្យាបានបកស្រាយឲ្យដឹងថា វិធីសាស្ត្រក្នុងការទប់ទល់នឹងភាពតានតឹងគឺមានច្រើនតាមចំណូលចិត្តរបស់បុគ្គលម្នាក់ៗដូចជា ការលំហាត់ប្រាណ ដើរលេង ស្ដាប់បទចម្រៀង ជួបជុំមិត្តភក្ដិ។ “និយាយទៅ អ្វីដែលធ្វើឲ្យអារម្មណ៍យើងបានធូរស្បើយ គេហៅថា ការគ្រប់គ្រងភាពតានតឹង ឬ stress management។ ជាទូទៅ ការដែលធ្វើឲ្យអារម្មណ៍បានធូរស្បើយគឺអាស្រ័យទៅលើជម្រើសនៃសកម្មភាពដែលបុគ្គលនោះធ្វើដើម្បីបំបាត់ភាពតានតឹងដែលមាននៅក្នុងខ្លួន”។
លោកបន្តថា ក្នុងចំណោមវិធីទាំងនេះ មួយណាក៏ល្អដែរ ឲ្យតែមានប្រសិទ្ធិភាពក្នុងការជួយបុគ្គលនោះមានអារម្មណ៍ល្អប្រសើរឡើងវិញ។ ប៉ុន្តែ ប្រសិនបើបុគ្គលដែលកំពុងតែពោរពេញទៅដោយភាពតានតឹង ស្ត្រេសនៅក្នុងខួរក្បាលច្រើន ហើយជ្រើសរើសយកការផឹកស្រា ជក់បារី ឬប្រើថ្នាំញៀនដើម្បីឲ្យសប្បាយ បំបាត់ភាពធុញថប់គឺមិនមែនជាមធ្យោបាយល្អទេ។
ក្នុងករណីដែលផ្ទុកភាពតានតឹងច្រើនពេកនៅក្នុងខ្លួន ហើយទោះខំប្រឹងហាត់ប្រាណ ឬដើរលេងយ៉ាងណាក៏មិនអាចធ្វើឲ្យខ្លួនឯងបានធូរស្រាលចិត្តឡើងវិញទេនោះ គួរណាទៅរកគ្រូពេទ្យជំនាញចិត្តសាស្ត្រ ដើម្បីពិគ្រោះរកមធ្យោបាយដោះស្រាយឲ្យបានលឿន ចៀសវាងវាក្លាយទៅជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ដូចជាជំងឺបាក់ទឹកចិត្ត ឬអាចគិតដើរផ្លូវអាក្រក់។