សុខភាពផ្លូវចិត្ត ក៏ជាផ្នែកសំខាន់មួយនៃសុខភាពដែលយើងគ្រប់គ្នាត្រូវយកចិត្តទុកដាក់ដូចសុខភាពរាងកាយដែរ ព្រោះការដែលមានសុខភាពផ្លូវចិត្តមិនល្អ អាចធ្វើឲ្យយើងកើតជំងឺថប់បារម្ភ ឬបាក់ទឹកចិត្តក៏ថាបាន។ តាមពិតទៅ ការថែរក្សាសុខភាពផ្លូវចិត្តយើងឲ្យបានល្អមិនពិបាកទេ ហើយសកម្មភាព ៦យ៉ាងដែលយើងអាចធ្វើរាល់ថ្ងៃខាងក្រោមនេះ ក៏អាចជួយគ្រប់គ្រងសុខភាពផ្លូវចិត្ត និងផ្លូវកាយ យើងគួរអនុវត្តតាមជាប្រចាំ។
១. យកចិត្តទុកដាក់ចំពោះរបបអាហារ
តាមផេកមន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា របបអាហារជះឥទ្ធិពលដល់សុខភាពផ្លូវចិត្តមនុស្សយើងដែរ។ ការញ៉ាំអាហារទៀងពេល សមស្រប និងសម្បូរបែបក៏ជួយឲ្យសុខភាពផ្លូវចិត្តមានភាពល្អប្រសើរដែរ។ យើងក៏គួរចៀសវាងសារធាតុញៀន ជាតិស្រវឹង ឬភេសជ្ជៈប៉ូវកម្លាំងមួយចំនួនដែលអាចភ្ញោចឲ្យខួរក្បាលយើងដំណើរការមិនល្អ ងាយមានជំងឺផ្លូវចិត្ត។
២. ហាត់ប្រាណជានិច្ច
ការធ្វើសកម្មភាពរាងកាយបានច្រើនដូចជាការដើរ ឬហាត់ប្រាណជាដើម ជួយបន្ថយភាពតានតឹងចិត្ត បញ្ចេញជាតិពុល និងជួយឲ្យយើងមានអារម្មណ៍ល្អទៀតផង។
៣. ដើរហាត់ប្រាណជាមួយគ្រួសារ ឬមិត្តភ័ក្ដិ
ការដើរហាត់ប្រាណជាមួយគ្រួសារ ឬមិត្តភ័ក្ដិ ក្រៅពីជួយដល់ការកាត់បន្ថយភាពតានតឹងចិត្ត និងបញ្ចេញជាតិពុល វាក៏ជួយបង្កើនភាពស្និទ្ធស្នាល និងបង្កើនភាពកក់ក្ដៅទៀតផង។
៤. គេងឲ្យបានគ្រប់គ្រាន់
ទាំងកាយ ទាំងចិត្តយើងត្រូវការសម្រាកឲ្យបានឆ្អែត យកល្អ យើងគួរគេងឲ្យបាន ៨ម៉ោង/ថ្ងៃ ដើម្បីឲ្យខួរក្បាលយើងមានភាពស្រស់ស្រាយ និងអាចបន្តដំណើរការយ៉ាងល្អនៅថ្ងៃបន្ទាប់បាន។
៥. ចៀសវាងលាក់ទុករឿងក្នុងចិត្ត
ការចែករំលែកពីអារម្មណ៍ខ្លួនឯង អាចរាប់ថា ជាតម្រូវការមូលដ្ឋាន សម្រាប់សុខភាពផ្លូវចិត្ត។ យើងគួររកមនុស្សទុកចិត្ត ហើយរៀនពីរបៀបចែករំលែកអារម្មណ៍ខ្លួនឯង ដែលមានលក្ខណៈសាមញ្ញៗ ទាំងអារម្មណ៍ល្អ និងអារម្មណ៍មិនល្អ នោះដល់ពេលមានរឿងធំ យើងក៏អាចចែករំលែកបានដូចគ្នា។
៦. ពិគ្រោះជាមួយអ្នកជំនាញផ្នែកផ្លូវចិត្ត
ក្រៅពីមិត្តជិតស្និទ្ធ យើងក៏អាចពិគ្រោះពីបញ្ហាក្នុងចិត្ត ជាមួយគ្រូពេទ្យជំនាញផ្នែកផ្លូវចិត្តបានដូចគ្នា។ ជាពិសេស គ្រូពេទ្យជំនាញអាចរកដំណោះស្រាយត្រឹមត្រូវ ស័ក្ដិសមនឹងបញ្ហារបស់យើង។