ខ្យល់កខ្វក់មានផ្ទុកនូវសារធាតុដែលបង្កគ្រោះថ្នាក់ ឬពុលនៅក្នុងបរិយាកាសខាងក្រៅ និងក្នុងផ្ទះ។ វាផ្ដល់គ្រោះថ្នាក់ដល់គ្នាយើង ទោះបីជាយើងមិនមានជំងឺផ្លូវដង្ហើមក៏ដោយ តែចំពោះអ្នកជំងឺហឺត ស្ទះសួតរ៉ាំរ៉ៃ និងជំងឺផ្លូវដង្ហើមផ្សេងៗ ខ្យល់កខ្វក់អាចបណ្ដាលឲ្យអាការៈជំងឺកាន់តែធ្ងន់ធ្ងរបាន។
ខ្យល់កខ្វក់អីខ្លះបង្កជំងឺផ្លូវដង្ហើមដល់យើង?
១. ការដុតឥន្ធនៈផូស៊ីល
ការបំពុលបរិយាកាសភាគច្រើនបង្កឡើងដោយការដុតឥន្ធនៈផូស៊ីលដូចជា ធ្យូងថ្ម ប្រេង សាំង ដើម្បីផលិតថាមពលសម្រាប់អគ្គិសនី ឬមធ្យោបាយដឹកជញ្ជូន បណ្ដាលឲ្យផ្សែងហុយចូលទៅក្នុងបរិយាកាស បង្កជាខ្យល់កខ្វក់។ ការស្រូបយកខ្យល់ពុលនេះអាចកាត់បន្ថយសមត្ថភាពបេះដូង ក្នុងការស្រូបយកអុកស៊ីសែនគ្រប់គ្រាន់ កើតជាជំងឺផ្លូវដង្ហើម។
២. ខ្យល់ពុលក្នុងផ្ទះ
ការប្រើប្រាស់ផលិតផលពុលម្យ៉ាងហៅថា Volatile Organic Compounds (VOCs) សីតុណ្ហភាពមិនស្មើគ្នា និងកម្រិតសំណើមអាចបណ្ដាលឲ្យមានការបំពុលបរិយាកាសក្នុងផ្ទះ បន្ទប់អូហ្វីស ឬបន្ទប់រៀនជាដើម។ ការបំពុលខ្យល់ក្នុងផ្ទះអាចកើតឡើងការជក់បារី ការប្រើប្រាស់ចង្ក្រានឧស ដែលអាចបង្កើនកម្រិតសំណើម ជាហេតុបង្កឲ្យខ្យល់ក្នុងផ្ទះមិនល្អ ប៉ះពាល់សុខភាពពេលយើងដកដង្ហើមចេញចូល ឬខ្យល់ពីម៉ាស៊ីនត្រជាក់ដែលមិនមានមុខងារសម្លាប់មេរោគបានត្រឹមត្រូវ។
៣. ផ្សែងយានជំនិះ
ផ្សែងចេញពីយានយន្ត ជាកត្តាសំខាន់ធំមួយក្នុងការបំពុលបរិយាកាស ជាពិសេសនៅក្នុងទីក្រុង។ គ្នាយើងរស់នៅក្នុងទីក្រុងមិនសូវស្រូបខ្យល់បរិសុទ្ធទេ ស្រូបបានតែផ្សែងឡាន ផ្សែងម៉ូតូ។ យានយន្តយើងជិះរាល់ថ្ងៃបញ្ចេញកាបូនម៉ូណូអុកស៊ីដ អ៊ីដ្រូកាបូន និងសារធាតុគីមីមួយចំនួនដែលទៀតបំពុលបរិយាកាស ហើយនៅពេលដែលយើងដកដង្ហើមចេញចូល យើងនឹងស្រូបយកសារធាតុគីមីទាំងនោះ បណ្ដាលឲ្យឆ្លងមេរោគផ្លូវដង្ហើម កើតជាអាលែកហ្ស៊ី ឬជំងឺហឺត ជាដើម។
៤. ការភាយផ្សែងពុលពីរោងចក្រ
សកម្មភាពឧស្សាហកម្មបញ្ចេញបំពុលជាច្រើនលើអាកាសដែលប៉ះពាល់ដល់គុណភាពខ្យល់ច្រើនជាងអ្វីដែលយើងនឹកស្មានដល់។ ផលប៉ះពាល់នៃការបំពុលបរិស្ថានដែលទាក់ទងនឹងសុខភាពយើងអាចរាប់ចាប់ពីការរលាកភ្នែក និងបំពង់ករហូតដល់បញ្ហាដកដង្ហើម ពេលខ្លះក៏អាចនាំឲ្យមានជំងឺសួតរ៉ាំរ៉ៃផងដែរ។
តិចនិកការពារសុខភាពផ្លូវដង្ហើមពីខ្យល់កខ្វក់
• តាមដានព័ត៌មានអាកាសធាតុ ប្រសិនបើព័ត៌មានប្រកាសថា បរិយាកាសមានកម្រិតធូលីខ្ពស់ គួរកាត់បន្ថយពេលនៅខាងក្រៅផ្ទះ ឬពាក់ម៉ាស់ការពារពេលចេញទៅក្រៅ
• ព្យាយាមនៅឲ្យឆ្ងាយពីផ្សែងឡាន ផ្សែងម៉ូតូ
• សម្អាតខ្យល់ក្នុងផ្ទះ ឬអូហ្វីសដោយប្រើរុក្ខជាតិធម្មជាតិ ឬដោយប្រើម៉ាស៊ីនត្រជាក់ ឬម៉ាស៊ីនបន្សុទ្ធខ្យល់ដែលមានមុខងារសម្លាប់មេរោគក្នុងបរិយាកាសក្នុងផ្ទះ
• ចៀសវាងការជក់បារីក្នុងផ្ទះ។ល។
[embed-health-tool-vaccination-tool]