និយមន័យ
១. អ្វីទៅជាជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ?
ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ គឺជាការរលាកភ្នាសរន្ធឆ្អឹង បំពង់ក ទងសួត ឬសួត។ ជំងឺនេះភាគច្រើនបង្កឡើងពីវីរុស តែក៏អាចបណ្ដាលមកពីបាក់តេរីដែរ។ ជំងឺរលាកផ្លូវដង្ហើម អាចចាត់ទុកជាជំងឺចម្បងមួយដែលធ្វើឱ្យអ្នកជំងឺទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី។ ផ្ដាសាយធម្មតា គឺជាទម្រង់នៃការរលាកផ្លូវដង្ហើមញឹកញាប់ជាងគេ។
ជំងឺរលាកផ្លូវដង្ហើមនេះ ចែកចេញជាពីរ៖
– ការរលាកផ្លូវដង្ហើមផ្នែកខាងលើ (រលាកច្រមុះ បំពង់ក និងភ្នាសរន្ធឆ្អឹង)
– ការរលាកផ្លូវដង្ហើមផ្នែកខាងក្រោម (ទងសួត និងសួត)។
ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើអាចជា៖
– រលាកអាមីដាល់
– រលាកភ្នាសរន្ធឆ្អឹង
– ផ្ដាសាយធំ
២- កើតមានញឹកញាប់ដែរទេ?
ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ កើតមានញឹកញាប់បំផុត ជាពិសេសនៅរដូវរំហើយ និងរដូវរងា។
អត្ថបទពាក់ព័ន្ធ៖ អាហារមុខសញ្ញាបង្កអាលែកហ្ស៊ី ៦ប្រភេទ បើយើងមានបញ្ហានេះ គួរចៀសវាង
រោគសញ្ញា
១- រោគសញ្ញា
រោគសញ្ញាទូទៅនៃជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើរួមមាន៖
– តឹងច្រមុះ
– ហៀរសំបោរ
– សំបោរប្ដូរពីថ្លាទៅស ឬខៀវ
– ក្អក
– កណ្ដាស់
– ក្ដៅខ្លួន (ច្រើនកើតលើក្មេង)
– ឈឺក
– ឈឺពេលលេបអាហារ
– អស់កម្លាំងល្ហិតល្ហៃ
រោគសញ្ញាមួយចំនួនដែលមិនសូវកើតញឹកញាប់មាន៖
– ធំុក្លិនមាត់
– អត់សូវដឹងក្លិន
– ឈឺក្បាល
– ពិបាកដកដង្ហើម
– ឈឺត្រង់ភ្នាសរន្ធឆ្អឹង
– រមាស់ភ្នែក និងហៀរទឹកភ្នែក (ជំងឺភ្នែកក្រហម)
– ចង់ក្អួត ក្អួត
– រាក
– ឈឺខ្លួន
ជាធម្មតា ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ អាចធ្វើទុក្ខចន្លោះពី ៣-១៤ថ្ងៃ ហើយបើសិនរោគសញ្ញាអូសបន្លាយយូរជាង ១៤ថ្ងៃ ត្រូវគិតដល់ជំងឺផ្សេងទៀតដែលធ្ងន់ធ្ងរជាងនេះដូចជា ការរលាករន្ធឆ្អឹង អាលែកហ្ស៊ី រលាកសួត ឬរលាកទងសួត។ ត្រូវគិតដល់ជំងឺរលាកបំពង់កដែលបង្កឡើងពីបាក់តេរី streptococcus ប្រសិនបើឈឺកលើសពី ១សប្តាហ៍ ដោយគ្មានហៀរសំបោរ ក្អក ឬភ្នែកក្រហមទេ។ ករណីរលាកបំពង់កដែលបង្កដោយបាក់តេរីប្រភេទនេះ ត្រូវចាប់ផ្ដើមប្រើថ្នាំផ្សះ (antibiotics) ដើម្បីបង្ហារកុំឲ្យវិវត្តទៅជាជំងឺរលាកសន្លាក់ចំពោះក្មេងជាពិសេស។
ការរលាកកន្លើត គឺជាទម្រង់មួយនៃជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើដែលកើតមានលើកុមារ ហើយវាធ្វើឱ្យលេចចេញរោគសញ្ញាយ៉ាងឆាប់រហ័សដូចជា ឈឺក មានអារម្មណ៍ថាមានដុំស្ទះនៅបំពង់ក សំឡេងក្រងួរ ក្អកស្ងួត ឈឺពេលលេបអាហារ និងចេញទឹកមាត់។
ជំងឺរលាកផ្នែកខាងក្រោមនៃផ្លូវដង្ហើមខាងលើ ដូចជាការរលាកបំពង់សំឡេង និងបំពង់ខ្យល់ ធ្វើឱ្យក្អកស្ងួត ក្អកខ្លាំងៗធ្វើឱ្យឈឺឆ្អឹងជំនីរ សំឡេងស្អក ឬនិយាយលែងឮ។
អាចមានរោគសញ្ញាផ្សេងទៀតដែលមិនបានរៀបរាប់នៅខាងលើ ដូច្នេះបើសិនអ្នកមានការបារម្ភពីរោគសញ្ញាណាមួយនោះ សូមពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។
មូលហេតុ
មូលហេតុបង្កឱ្យមានជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ
ជាទូទៅ ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើបង្កឡើងវីរុស ឬបាក់តេរីដែលចូលវាយប្រហារកោសិកាខាងក្នុងរបស់ផ្លូវដង្ហើមផ្នែកខាងលើ។ ដើម្បីឱ្យមេរោគចូលវាយប្រហារភ្នាសកោសិកានៃផ្លូវដង្ហើមផ្នែកខាងលើបាន មេរោគត្រូវយកឈ្នះរបាំងការពារភាពស៊ាំរបស់រាងកាយដូចជា៖
– រោមច្រមុះ
– ទឹករំអិលក្នុងច្រមុះ
– រោមក្នុងបំពង់ខ្យល់
– ដុំសាច់អាដេណូអ៊ីត (Adenoids)
– អាមីដាល់ (tonsils)។
ទន្ទឹមនឹងនេះ វីរុស និងបាក់តេរីក៏មានវិធីតទល់នឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយយើងដូចគ្នា។ ពេលខ្លះមេរោគទាំងនោះអាចបញ្ចេញជាតិពុលរបស់វា ដើម្បីបំផ្លាញប្រព័ន្ធភាពស៊ាំរាងកាយ ហើយពេលខ្លះទៀត មេរោគអាចផ្លាស់ប្ដូររូបរាងខាងក្រៅរបស់វា ដើម្បីកុំឱ្យភ្នាក់ងារភាពស៊ាំរបស់យើងស្គាល់និងបំផ្លាញវា។ មេរោគខ្លះទៀតអាចបញ្ចេញសារធាតុដែលអាចឱ្យមេរោគនោះភ្ជាប់ទៅនឹងភ្នាសកោសិការបស់ផ្លូវដង្ហើម ហើយក៏ចូលទៅវយប្រហារកោសិកាផ្លូវដង្ហើមតែម្ដង។ បើមេរោគមិនអាចឈ្នះរបាំងការពារ និងប្រព័ន្ធភាពស៊ាំទាំងនេះទេ វាក៏មិនអាចបង្កជំងឺរលាកផ្លូវដង្ហើមបានដែរ។
ក្រោយពេលមេរោគនីមួយៗឆ្លងចូលរាងកាយហើយ វាត្រូវការរយៈពេលខុសៗគ្នា មុននឹងបង្កជារោគសញ្ញា៖
– វីរុស Thinoviruses ១-៥ថ្ងៃ
– បាក់តេរី Group A streptococci ១-៥ថ្ងៃ
– វីរុស Influenza and parainfluenza ១-៤ថ្ងៃ
– វីរុស Respiratory syncytial (RSV) ៧ថ្ងៃ
– បាក់តេរីបង្កជំងឺក្អកមាន់ (pertussis) ៧-២១ថ្ងៃ
– បាក់តេរីបង្កជំងឺខាន់ស្លាក់ ១-១០ថ្ងៃ
– វីរុស Epstein-Barr virus (EBV) ៤-៦សប្ដាហ៍។
អត្ថបទពាក់ព័ន្ធ៖ វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក
កត្តាប្រឈម
កត្តាប្រឈមងាយនឹងកើតជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ
– ប៉ះពាល់ ឬនៅជិតអ្នកជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ
– មិនបានលាងដៃក្រោយប៉ះអ្នកជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ
– នៅជិតក្មេងៗដែលនៅជាក្រុម សាលារៀន ឬមជ្ឈមណ្ឌលថែទាំក្មេង
– រួមដំណើរជាក្រុមនៅក្នុងកន្លែងបិទជិតដូចជារថយន្ត ឬកប៉ាល់
– ជក់បារី ឬហិតផ្សែងបារី (ធ្វើឱ្យកោសិកាផ្លូវដង្ហើមចុះខ្សោយការប្រឆាំងនឹងមេរោគ)
– ឆ្លងមេរោគនៅមន្ទីរពេទ្យ ឬបន្ទប់ថែទាំជំងឺ ឬតាមរយៈសម្ភារៈពេទ្យ
– អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយដូចជាផ្ទុកមេរោគអេដស៍ ប្ដូរសរីរៈ ខ្សោយប្រព័ន្ធភាពស៊ាំពីកំណើត ប្រើថ្នាំ steroid យូរពេក
– ជំងឺដុះសាច់ក្នុងច្រមុះ គ្រោះថ្នាក់ប៉ះមុខ និងផ្លូវដង្ហើម។
រោគវិនិច្ឆ័យ និងការព្យាបាល
១- រោគវិនិច្ឆ័យ
ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើមានរោគសញ្ញាប្រហាក់ប្រហែលគ្នានឹងរោគសញ្ញានៃជំងឺជាច្រើនទៀតដូចជា៖
– ជំងឺហឺត
– ជំងឺរលាកសួត
– ជំងឺផ្ដាសាយ H1N1
– ជំងឺផ្ដាសាយធំ
– ប្រតិកម្មអាលែកហ្ស៊ី
– អាលែកហ្ស៊ីជាមួយអាកាសធាតុ
– ជំងឺរលាកភ្នាសរន្ធឆ្អឹងរ៉ាំរ៉ៃ
– ការឆ្លងមេរោគអេដស៍ស្រួចស្រាវ
– និងជំងឺរលាកទងសួត។
ដូច្នេះដើម្បីធ្វើរោគវិនិច្ឆ័យជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ គ្រូពេទ្យពឹងផ្អែកលើប្រវត្តិនៃការចេញរោគសញ្ញា ការពិនិត្យអ្នកជំងឺ និងលទ្ធផលមន្ទីរពិសោធន៍។
ការពិនិត្យអ្នកជំងឺ៖ គ្រូពេទ្យអាចរកឃើញមានការហើម ឬឡើងក្រហមនៅរន្ធច្រមុះ ក្រហមនៅបំពង់ក អាមីដាល់ហើមធំ មានការបញ្ចេញសារធាតុសៗនៅលើអាមីដាល់ ឡើងកូនកណ្ដុរនៅក្បាលនិងក ភ្នែកក្រហម ហើមមុខ (ករណីរលាករន្ធឆ្អឹងមុខ) ធុំក្លិនមាត់ ក្អក សំឡេងស្អក និងក្ដៅខ្លួន។
ដោយសារជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើច្រើនបង្កឡើងដោយវីរុស ដូច្នេះការធ្វើតេស្តនៅមន្ទីរពិសោធន៍មិនសូវចាំបាច់នោះទេ ព្រោះគ្មានការព្យាបាលជាក់លាក់សម្រាប់វីរុសប្រភេទផ្សេងគ្នាឡើយ។ ប៉ុន្តែការពិសោធន៍ពិតជាសំខាន់ណាស់សម្រាប់ករណីមួយចំនួនដូចខាងក្រោម៖
– ករណីសង្ស័យរលាកបំពង់កដោយសារបាក់តេរី Streptococcus (ក្ដៅខ្លួន ឡើងកូនកណ្ដុរនៅក អាមីដាល់ឡើងស អត់មានក្អក) ត្រូវធ្វើតេស្ដរកមេរោគនេះ (rapid strep test) ដើម្បីព្យាបាលកុំឱ្យវាវិវត្តទៅរកផលវិបាកធ្ងន់ធ្ងរ។
– ករណីសង្ស័យថាមានការឆ្លងបាក់តេរី ត្រូវយកកំហាកទៅបណ្ដុះរកមេរោគ
– ករណីឈឺយូរហើយ អត់បាត់សោះ ត្រូវធ្វើតេស្ដរកមេរោគដើម្បីឱ្យប្រាកដថាគួរប្រើថ្នាំផ្សះ antibiotics ឬអត់ ព្រោះករណីមេរោគជាវីរុស គេមិនចាំបាច់ប្រើថ្នាំផ្សះទេ។
– ការធ្វើតេស្ដរកអាលែកហ្ស៊ី និងជំងឺហឺត ព្រោះជំងឺទាំងពីរនេះអាចឱ្យរោគសញ្ញាទាំងនោះមានរយៈពេលយូរ។
– ករណីឈឺភ្លាម ឡើងកូនកណ្ដុរ និងឈឺកមុនគេ គួរធ្វើតេស្ដរកវីរុស Ebstein-Barr virus (monospot test)។
– តេស្តរកមើលវីរុស H1N1 (ផ្ដាសាយបក្សី) ករណីសង្ស័យ។
ការពិនិត្យឈាម និងរូបភាពវេជ្ជសាស្ត្រ មិនសូវមានប្រយោជន៍ក្នុងការវាយតម្លៃពីជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើទេ។
– ករណីសង្ស័យរលាកកន្លើត គួរថតកាំរស្មី X ត្រង់តំបន់ក ដើម្បីរកមើលហើមកន្លើត
– ករណីរលាកភ្នាសរន្ធឆ្អឹងលើសពី ៤សប្ដាហ៍ ឬថែមទាំងមានអាការៈស្រវាំងភ្នែក ហៀរសំបោរច្រើន ឬលៀនភ្នែក គួរថតស្គែនដើម្បីបញ្ជាក់ការរលាកភ្នាសរន្ធឆ្អឹង ការករខ្ទុះ ឬមានការរាលដាលទៅសរីរៈជិតៗនោះ (ប្រឡង់ភ្នែក ឬខួរក្បាល)។
ការព្យាបាល
ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើភាគច្រើនបង្កឡើងដោយវីរុស ដូច្នេះមិនត្រូវការការព្យាបាលពិសេសអ្វីឡើយ គឺយើងអាចមើលថែខ្លួនឯងនៅផ្ទះបាន។
– សម្រាកឱ្យបានគ្រប់គ្រាន់ សកម្មភាពប្រចាំថ្ងៃ ការធ្វើការ និងលំហាត់ប្រាណស្រាលៗអាចបន្តធ្វើបាន
– ផឹកទឹកឱ្យបានច្រើន ដើម្បីបង្គ្រប់ជាតិទឹកក្នុងខ្លួនដែលបាត់បង់តាមរយៈសំបោរ ក្ដៅខ្លួន និងអត់បានញ៉ាំអី
– ការព្យាបាលរោគសញ្ញានៃជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ ត្រូវតែបន្តរហូតទាល់តែជាសះស្បើយ។
– Acetaminophen អាចបន្ថយកម្ដៅ និងឈឺសាច់ដុំ
– ថ្នាំ Nonsteroidal antiinflammatory ដូចជា Ibuprofen (Motrin, Advil) អាចជួយឲ្យបាត់ឈឺខ្លួន
– ថ្នាំ Antihistamines ដូចជា diphenhydramine (Benadryl) ជួយបន្ថយសំបោរ និងតឹងច្រមុះ
– ថ្នាំបាញ់ច្រមុះ Nasal ipratropium ជួយបន្ថយការហូរសំបោរ
– ថ្នាំក្អក ដូចជា dextromethorphan, guaifenesin (Robitussin) និង codeine ជួយកាត់បន្ថយអាការៈក្អកស្ងួត
– ទឹកឃ្មុំក៏ជួយបន្ថយក្អកបានដែរ
– ថ្នាំ Steroids ដូចជា dexamethasone (Decadron) និង prednisone លេបនិងបាញ់តាមច្រមុះ ជួយព្យាបាលការរលាកផ្លូវដង្ហើម និងបន្ថយការហើមនិងតឹងច្រមុះ
– ថ្នាំបន្ធូរតឹងច្រមុះ ដូចជា pseudoephedrine (Sudafed) Actifed oral, phenylephrine (Neo-synephrine nasal) មិនគួរប្រើសម្រាប់ក្មេងអាយុតិច ២ឆ្នាំ និងអ្នកលើសឈាមទេ
– ទឹកលាងច្រមុះ Oxymetazoline (Afrin) ជួយបន្ធូរតឹងច្រមុះ តែមិនត្រូវប្រើរយៈពេលយូរទេ
ការព្យាបាលដោយប្រើថ្នាំទាំងនេះបញ្ចូលគ្នាខ្លះៗ ដោយផ្អែកទៅតាមរោគសញ្ញាដែលមាន។ ថ្នាំក្អកនិងផ្ដាសាយខ្លះ អាចធ្វើឱ្យងងុយគេង និងអស់កម្លាំង ដូច្នេះត្រូវប្រើដោយប្រុងប្រយ័ត្នចំពោះក្មេងអាយុតិចជាង ៤ឆ្នាំ និងមនុស្សចាស់ជរា។
ថ្នាំផ្សះ (antibiotics) ត្រូវប្រើក្នុងករណីមេរោគចម្លងជាបាក់តេរី ដូចជា រលាកបំពង់កបង្កដោយ streptococcus រលាកភ្នាសរន្ធឆ្អឹងបង្កដោយបាក់តេរី ឬរលាកកន្លើតជាដើម។ ការប្រើថ្នាំផ្សះនេះ ត្រូវធ្វើតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ព្រោះថ្នាំផ្សះអាចផ្ដល់ផលរំខានច្រើន និងអាចធ្វើឱ្យរាងកាយស៊ាំនឹងថ្នាំផ្សះនៅពេលក្រោយបើប្រើប្រាស់វាមិនបានត្រឹមត្រូវ។
ថ្នាំបាញ់ epinephrine អាចប្រើចំពោះក្មេងដែលមានទងសួតកន្ត្រាក់គាំងជាប់ (bronchospasm) ដើម្បីសម្រួលឲ្យទងសួតកន្ត្រាក់តាមធម្មតា។
ការវះកាត់ចាំបាច់ ក្នុងករណីមានផលវិបាកដូចជា៖
– ផ្លូវដង្ហើមខូចទម្រង់ធម្មតា នាំឱ្យពិបាកដកដង្ហើម
– ការករខ្ទុះនៅផ្នែកខាងក្រោយនៃបំពង់ក
– ការករខ្ទុះនៅអាមីដាល់ (peritonsillar abscess)។
ផ្លាស់ប្តូរទម្លាប់រស់នៅ
អ្វីដែលយើងត្រូវធ្វើនៅពេលមានជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ
– ស្ទីម ឬងូតទឹកក្ដៅ
– ផឹកទឹកក្ដៅឧណ្ណៗ
– កុំសូវនៅត្រូវខ្យល់ត្រជាក់ និងស្ងួត
– ប្រើម៉ាស៊ីនបញ្ចេញចំហាយទឹកដើម្បីរក្សាសំណើមក្នុងបន្ទប់
– ស្អំទឹកក្ដៅឧណ្ណៗលើមុខរៀងរាល់ពីរបីម៉ោងម្ដង អាចជួយឱ្យធូរច្រមុះ
– ទឹកអំបិលក៏អាចជួយបន្ថយការតឹងច្រមុះបានដែរ។ នៅលើទីផ្សារមានសូលុយស្យុងបែបនេះសម្រាប់បាញ់លាងច្រមុះច្រើនណាស់ តែដើម្បីកាត់បន្ថយការចំណាយច្រើន គ្នាយើងក៏អាចធ្វើទឹកអំបិលដោយខ្លួនឯងនៅផ្ទះបានដែរដោយដាក់អំបិលមួយស្លាបព្រាតែ ចូលក្នុងទឹកធម្មតាមួយពែង ហើយកូរឱ្យវារលាយ។ យកសឺរ៉ាំងបូមទឹកអំបិលនោះ ឬប្រើដបតូចៗដែលអាចបាញ់ចូលរន្ធច្រមុះបាន។ បាញ់ទឹកអំបិលចូលរន្ធច្រមុះម្ខាង ដកដង្ហើមចូលហើយដកដង្ហើមចេញវិញយឺតៗ ធ្វើបែបនេះច្រើនដងក្នុងមួយថ្ងៃ។
– ខ្ពុរទឹកអំបិល និងប្រើថ្នាំបៀម (lozenges) អាចជួយបន្ថយការរលាកបំពង់ក និងកុំឱ្យបំពង់កស្ងួតពេក។
– ក្អកនឹងកាន់តែធ្ងន់ធ្ងរ បើយើងស្ថិតក្នុងធាតុអាកាសត្រជាក់ ជក់បារី ធូលីហុយ និងការបំពុលបរិយាកាស។ ការគេងក្នុងទម្រង់ពាក់កណ្ដាលអង្គុយ អាចជួយកាត់បន្ថយការក្អកផងដែរ។ ការសិក្សាមួយបានបង្ហាញថា ទឹកឃ្មុំមានប្រសិទ្ធិភាពខ្ពស់ជាងថ្នាំ dextromethorphan ក្នុងការបន្ថយក្អកលើក្មេងដែលមានជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ។
– ការទទួលទានទឹកគ្រប់គ្រាន់ ទឹកផ្លែឈើស្រស់ និងភេសជ្ជៈគ្មានជាតិកាហ្វេអ៊ីន អាចបន្ថយសំបោរ និងបង្គ្រប់ជាតិទឹកក្នុងរាងកាយដែលបាត់បង់ផងដែរ។
អត្ថបទពាក់ព័ន្ធ៖
- ខ្យល់កខ្វក់ក្នុងបរិយាកាសជាឃាតករលាក់មុខ ត្រូវប្រុងប្រយ័ត្ន
- សូមប្រយ័ត្ន! ផ្សែងពុលចេញពីយានយន្ដ អាចបង្កជាជំងឺដាច់សរសៃឈាមខួរក្បាល
- ខ្យល់ពុលអាចបង្កឱ្យបញ្ញា និងសមត្ថភាពគិតពិចារណាធ្លាក់ចុះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]