ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
កើតជំងឺផ្តាសាយធម្មតាមិនសូវជាមានបញ្ហាចោទធ្ងន់ធ្ងរចំពោះសុខភាពប៉ុន្មានទេ តែបើឆ្លងផ្តាសាយធំវិញ អាចមានអាការៈធ្ងន់ធ្ងរច្រើន។ ខាងក្រោមនេះជាចំណុចសំខាន់ៗ អំពីជំងឺផ្តាសាយធំ ដែលចេញដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC)។
១. អ្វីទៅជាជំងឺគ្រុនផ្តាសាយធំ?
ជំងឺផ្តាសាយធំ ( Influenza A) បណ្តាលមកពីវីរុស Influenza និងជាជំងឺឆ្លងតាមរដូវកាល ភាគច្រើនកើតឡើងនៅរដូវភ្លៀង ដែលវីរុសងាយនឹងលូតលាស់។
២. អ្នកណាខ្លះងាយប្រឈមនឹងជំងឺគ្រុនផ្តាសាយធំ?
ជំងឺគ្រុនផ្តាសាយធំអាចឆ្លងលើមនុស្សគ្រប់វ័យ ទោះជាមានសុខភាពល្អក្តី ប៉ុន្តែអ្នកប្រឈមខ្លាំងជាងគេ មានស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម ៥ឆ្នាំ មនុស្សចាស់អាយុចាប់ពី ៦៥ឆ្នាំឡើង មនុស្សដែលមានជំងឺរ៉ាំរ៉ៃស្រាប់ ដូចជា អ្នកជំងឺហឺត បេះដូង លើសឈាម ទឹកនោមផ្អែម ជាដើម។
៣. រោគសញ្ញាជំងឺគ្រុនផ្តាសាយធំ មានអ្វីខ្លះ?
រោគសញ្ញាជំងឺគ្រុនផ្តាសាយធំ អាចប្រែប្រួលពីមនុស្សទៅមនុស្សម្នាក់ទៀត ដោយអ្នកកើតផ្តាសាយធំ ច្រើនតែមានសញ្ញាខ្លះ ឬទាំងអស់ក្នុងចំណោមនេះ។
– ក្តៅខ្លួន
– ឈឺក្បាល
– ឈឺសាច់ដុំ និងខ្លួនប្រាណ
– ឈឺបំពង់ក
– ក្អក
– អស់កម្លាំង
– ល្ហិតល្ហៃ
– ហៀរសម្បោរ តឹងច្រមុះ។
៤. រោគសញ្ញាផ្តាសាយធម្មតា និងផ្តាសាយធំ ខុសគ្នាម៉េចខ្លះ?
រោគសញ្ញាគ្រុនផ្តាសាយធម្មតា និងផ្តាសាយធំស្រដៀងគ្នាច្រើន គ្រាន់តែខុសគ្នាមួយចំនួនតូចប៉ុណ្ណោះ។ សូមមើលតារាងខាងក្រោម៖
រោគសញ្ញា | ផ្តាសាយធម្មតា | ផ្តាសាយធំ |
ក្តៅខ្លួន | កម្រ | ញឹកញាប់ |
អស់កម្លាំងខ្សោយ | ម្តងម្កាល | ញឹកញាប់ |
កណ្តាស់ | ញឹកញាប់ | ម្តងម្កាល |
ឈឺទ្រូង ក្អក | ពីស្រាលទៅមធ្យម | ញឹកញាប់ |
តឹងចម្រុះ | ញឹកញាប់ | ម្តងម្កាល |
ឈឺបំពង់ក | ញឹកញាប់ | ម្តងម្កាល |
ឈឺក្បាល | កម្រ | ញឹកញាប់ |
៥. អ្នកកើតផ្តាសាយធំ អាចជាទៅវិញដោយមិនបាច់ព្យាបាលទេ?
ផ្តាសាយធំ អាចជាទៅវិញដោយខ្លួនឯងដោយមិនបាច់ព្យាបាល តែក្នុងលក្ខខណ្ឌជំងឺវិវត្តទៅធ្ងន់ធ្ងរ ដូចខាងក្រោមនេះ យើងត្រូវប្រញាប់ទៅជួបគ្រូពេទ្យ។
– ពិបាកដង្ហើម ហត់
– ឈឺដើមទ្រូងខ្លាំង
– អស់កម្លាំងខ្លាំង
– ខ្វះជាតិទឹក
– មិនសូវនោម
– ក្អកខ្លាំង
– គេងមិនបាន ឡេះឡះ។
៦. ធ្វើម៉េចឲ្យឆាប់ជាពីផ្តាសាយធំ?
– សម្រាកឲ្យបានច្រើន
– ញ៉ាំឲ្យគ្រប់គ្រាន់ ពិសេសស៊ុប
– ផឹកទឹកក្តៅឧណ្ហៗ ឬទឹកផ្លែឈើស្រស់ឲ្យបានច្រើន
– ងូតទឹកក្តៅឧណ្ហៗ
– លេបថ្នាំ។
៧. ដ្បិតជំងឺផ្តាសាយធំអាចជាទៅវិញដោយខ្លួនឯង តែករណីខ្លះអាចបង្កជាធ្ងន់ធ្ងរទេ?
ផ្តាសាយធំជាជំងឺផ្លូវដង្ហើម ហើយវីរុសរបស់ជំងឺនេះពេលខ្លះអាចឆ្លងចូលដល់ច្រមុះ បំពង់ក និងសួត បណ្តាលឲ្យយើងស្លាប់បាន ដូចនេះវិធីល្អបំផុត ត្រូវចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយធំរៀងរាល់ឆ្នាំ។
[embed-health-tool-vaccination-tool]