ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ជឿថាគ្នាយើងមួយចំនួនធំដែលកើតផ្ដាសាយចាត់ទុកថា វាជារឿងធម្មតា អ្នកណាៗក៏កើតជំងឺនេះដែរ មិនថាក្មេង ឬចាស់ទេ។ ភាគច្រើនពេលផ្ដាសាយ យើងមិនសូវទៅខ្វាយខ្វល់រកពេទ្យពិនិត្យទេ គ្រាន់តែទិញថ្នាំញ៉ាំទៅក៏ជាដែរ ប៉ុន្តែបើយើងផ្ដាសាយដល់កម្រិតនេះហើយ ទុកចោលយូរមិនបានទេ។
ជំងឺផ្ដាសាយ អាចកើតឡើងនៅពេលយើងប៉ះពាល់ត្រូវវីរ៉ុសផ្ដាសាយ ដែលមានរាប់ម៉ឺនប្រភេទ ប៉ុន្តែវីរុសបង្កពេទ្យតែងប្រទះឃើញច្រើនជាងគេនោះគឺ Rhinoviruses ឬត្រូវឆ្លងដោយវីរុសផ្ដាសាយធំតែម្ដង។ ធម្មតា យើងអាចជាសះស្បើយពីជំងឺផ្ដាសាយក្នុងរយៈពេល ៧-១០ថ្ងៃ។នេះបើតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
ផ្ទុយទៅវិញ បើសិនឈឺហួស ១០ ថ្ងៃហើយ នៅមិនទាន់បានធូរស្បើយទៀត គួរទៅជួបគ្រូពេទ្យហើយដែលភាគច្រើនរោគសញ្ញាសម្គាល់មាន៖
ចំពោះមនុស្សធំ៖
– គ្រុនក្ដៅខ្លាំង (លើស៣៨.៥អង្សារសេ)
– ក្ដៅខ្លួនលើស៥ថ្ងៃ ឬបាត់ទៅវិញម្ដងហើយ តែក្ដៅខ្លួនម្ដងទៀត
– ដកដង្ហើមខ្លីៗ
– ដកដង្ហើមឮសូរសំឡេង
– ឈឺក ឬឈឺក្បាលខ្លាំង
ចំពោះកុមារ
– ក្ដៅខ្លួន ៣៨អង្សារសេ
– កម្ដៅឡើង ឬកម្ដៅនៅថេរ រយៈពេលពីរថ្ងៃឡើងទៅ (កម្ដៅមិនស្រកចុះ)
– ដកដង្ហើមឮសូរសំឡេង
– ឈឺត្រចៀក
– មួរមៅច្រើន
– សន្លឹមៗ ឬមិនចង់ញ៉ាំចំណីអាហារ
– រោគសញ្ញាមិនធូរស្បើយ ឬប្រែខ្លាំងទៅ។ល។
បើយើងផ្ដាសាយ ហើយលេចចេញរោគសញ្ញាខាងលើនេះគួរប្រញាប់ទៅជួបគ្រូពេទ្យ ចំណែករោគសញ្ញាទូទៅនៃជំងឺផ្ដាសាយមានដូច ហៀរសម្បោរ តឹងច្រមុះ ឈឺបំពង់ក ក្អក ឈឺខ្លួនប្រាណ ឬក្បាល កណ្ដាស់ ក្ដៅខ្លួនតិចៗ ឬមួយយើងមិនស្រួលខ្លួនជាដើម។
យើងក៏អាចការពារខ្លួនពីជំងឺផ្ដាសាយបានដែរដោយលាងដៃឲ្យបានស្អាត កុំនៅជិតអ្នកជំងឺផ្ដាសាយ កុំប្រើរបស់ជាមួយអ្នកឈឺផ្ដាសាយ ត្រូវញ៉ាំអាហារត្រឹមត្រូវ និងហាត់ប្រាណទៀងទាត់។ល។
[embed-health-tool-vaccination-tool]