នៅពេលអាកាសធាតុប្រែប្រួលភ្លាមៗ ម្ដងក្ដៅ ម្ដងត្រជាក់បញ្ហាសុខភាពដែលប្រឈមខ្លាំងជាងគេ គឺជំងឺផ្ដាសាយ ហៀរសម្បោរ និងក្អក។ ប៉ុន្តែអ្នកកើតជំងឺខ្លះ បានព្យាបាលរយៈពេលវែងលើសពី ១ សប្ដាហ៍ក៏មានដែរ។ តើនោះមកពីអ្វី?
បើយោងតាមការឲ្យដឹងពីវេជ្ជបណ្ឌិត សូ សំណាង ឯកទេសជំងឺទូទៅថា ជាទូទៅអាការៈផ្ដាសាយអាចនឹងមានភាពធូរស្បើយ និងធ្វើឲ្យយើងមានអារម្មណ៍ប្រសើរឡើងវិញបន្ទាប់ពីព្យាបាលរយៈពេល ២-៣ ថ្ងៃក្រោយ ហើយបើមិនបានព្យាបាលអាចឈឺរហូតដល់ ១ សប្ដាហ៍។ ប៉ុន្តែអ្នកដែលឈឺអូយបន្លាយលើសពី ១ សប្ដាហ៍មកពីលេបថ្នាំមិនបានត្រឹមត្រូវតាមវេជ្ជបញ្ជា និងសម្រាកបានគ្រប់គ្រាន់។
លោកបន្ថែមទៀតថា ថ្នាំសម្រាប់ព្យាបាលផ្ដាសាយមានជាតិងងុយគេង ប៉ុន្តែក្រោយលេបថ្នាំរួចអ្នកជំងឺភាគច្រើនមិនបានសម្រាក ដូចគ្រូពេទ្យប្រាប់ឡើយ គឺតែងតែទៅធ្វើការ ឬប្រកបកិច្ចការប្រចាំថ្ងៃ ហើយឥទ្ធិពលងងុយ ហើយមិនបានគេងក៏បណ្ដាលឲ្យឈឺក្បាល។ សម្រាប់អ្នកដែលមានងងុយដេក ហើយត្រូវផឹកកាហ្វេ ឬភេសជ្ជៈផ្សេងៗដែលមានឥទ្ធិពលកាត់ជាតិថ្នាំ ជាហេតុចម្បងធ្វើឲ្យផ្ដាសាយយូរអង្វែង។
មួយវិញទៀត នៅពេលគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ និងចេញវេជ្ជបញ្ជាឲ្យលេបថ្នាំ ២ ឬ ៣ ថ្ងៃឲ្យអស់ តែអ្នកជំងឺខ្លួនឯងបែរជាលេបមិនអស់ត្រឹម ២ ថ្ងៃ ធូរ ហើយឈប់លេប ធ្វើឲ្យជំងឺរើឡើងវិញ ហើយឈឺបន្តយូរថ្ងៃទៅមុខទៀត។
ជំងឺផ្ដាសាយបណ្ដាលមកពីវីរុសជាង ២០០ ប្រភេទ ប៉ុន្តែភាគច្រើនបង្កឡើងគឺ Rhinovirus យ៉ាងហោចណាស់ក៏ ៥០% នៃជំងឺផ្ដាសាយដែរតាមរយៈមាត់ ភ្នែក ច្រមុះ ឬបំពង់ក។ វីរុសផ្សេងៗទៀតក៏បង្កជំងឺផ្ដាសាយដូចជា Respiratory syncytial Parainfluenza និង influenza ហើយមេរោគទាំងនោះឆ្លងតាមរយៈច្រមុះ និងបំពង់ក បណ្ដាលឲ្យប្រព័ន្ធការពាររាងកាយប្រឆាំង ជាមួយការចម្លងនោះដោយបង្កើត បានជាការរលាក មានសម្បោរ អស់កម្លាំង ឬល្ហិតល្ហៃជាដើម។
វីរុសផ្ដាសាយឆ្លងចូលក្នុងខ្លួនតាមរយៈតំណក់តូចៗនៅលើអាកាសពេលមាននរណាម្នាក់ក្អក កណ្ដាស់ ញើសសម្បោរ ហើយមានមនុស្សម្នាក់ទៀតនៅកន្លែងនោះដែរ ធ្វើឲ្យឆ្លងយ៉ាងងាយ។ ម្យ៉ាងវិញទៀតក៏អាចឆ្លងតាមការប៉ះពាល់ផ្ទាល់ដៃរបស់អ្នកជំងឺ ឬវត្ថុកខ្វក់ដូចជាឧបករណ៍ប្រើប្រាស់ របស់របរក្មេងលេង ឬទូរស័ព្ទ។
[embed-health-tool-vaccination-tool]