backup og meta

Bronchitis (ជំងឺរលាកទងសួត)

Bronchitis (ជំងឺរលាកទងសួត)

និយមន័យ

១- អ្វី​ជា​ជំងឺរលាក​ទង​សួត?

ជំងឺ​រលាក​ទង​សួត ជា​ភាសាបច្ចេក​ទេស​ហៅថា Bronchitis សំដៅ​លើ​ការ​រលាក​​ភ្នាស​បំពង​ទង​សួត​ ដែល​បណ្ដាល​មក​ពី​ការ​បង្ក​រោគ។ ទង​សួត​ ​ជា​ផ្លូវឲ្យ​ខ្យល់​ចេញ​ចូល​ក្នុង​សួតបាន នាំ​ឲ្យ​គ្នា​យើង​មាន​ជំងឺ​រលាក​ទង​សួត​នេះ ជា​ញឹក​ញាប់​មាន​អាការៈក្អក​មាន​ស្លេស្ម ហើយ​អាច​មាន​ ឬ​គ្មាន​ពណ៌។

ជំងឺ​រលាក​ទង​សួត​ចែក​ជា​ពីរ​ប្រភេទ៖

– រលាក​ទង​សួត​ស្រួច​ស្រាវ៖ ជា​ការ​បង្ក​រោគ​រយៈ​ពេល​ខ្លី បណ្ដាល​ឲ្យ​ទង​សួត​ហើម និង​ពេញ​ទៅ​ដោយ​ស្លេស្ម (Mucus)។ ប្រភេទ​រលាក​ស្រួច​ស្រាវ​នេះ ជា​ទូទៅ​មាន​រយៈ​ពេល​ត្រឹម​តែ​ ២-៣ សប្ដាហ៍​ប៉ុណ្ណោះ។

– រលាក​ទង​សួត​រ៉ាំរ៉ៃ៖ ជា​ការ​រលាក​បំពង​ទង​សួត​ញឹក​ញាប់ ​ជា​ទូទៅ ​បណ្ដាល​មក​ពី​ការ​ជក់​បារី។ ជំងឺ​នេះ​អាច​មាន​រយៈពេល​រាប់​ខែ ឬ​អាច​ដល់​រាប់​ឆ្នាំ ហើយ​ក៏​ធ្ងន់ធ្ងរ​ជាង​ជំងឺ​រលាក​ទង​សួត​ស្រួច​ស្រាវ​ដែរ។

២- ​ជំងឺ​រលាក​ទង​សួតកើត​ឡើង​ញឹក​ញាប់​ដែរ​ទេ?

រលាក​ទង​សួត (Bronchitis) កើត​មាន​ញឹក​ញាប់​ណាស់ ហើយ​​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ។ ប៉ុន្តែ​យើង​នៅ​តែ​អាច​គ្រប់​គ្រង​បាន ដោយ​កាត់​បន្ថយ​កត្តា​គ្រោះ​ថ្នាក់​របស់​ជំងឺ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​​ដឹង​ព័ត៌មាន​បន្ថែម។

រោគ​សញ្ញា

៣- ​រោគ​សញ្ញា​​ជំងឺរលាក​ទង​សួតមាន​អ្វី​ខ្លះ?

រោគ​សញ្ញា​ជំងឺរលាក​ទង​សួត ​ជាទូទៅ​ មានដូច​ជា៖

– ក្អក​ជាប់​រយៈពេល​វែង

– ក្អក​មាន​ស្លេស្ម​ច្រើន ពេល​ខ្លះ​អាច​មាន​ឈាម​មក​ជាមួយ

– អស់​កម្លាំង

– ពិបាក​ដក​ដង្ហើម

– គ្រុន​ក្ដៅ

– ឈឺ​ទ្រូង

​បើ​យើងមាន​​ជំងឺរលាក​ទង​សួត​​ស្រួច​ស្រាវ អាច​នឹង​ក្អក​ញឹក​ញាប់​ ​រយៈពេល​រហូត​ដល់ ២-៣ ​សប្ដាហ៍ បន្ទាប់​ពី​មាន​ការ​រលាក។ ប៉ុន្តែ​បើ​យើង​មាន​ជំងឺ​នេះ​ប្រភេទ​រ៉ាំរ៉ៃ​វិញ អាច​នឹង​មាន​​រោគ​សញ្ញា​ដូច​គ្នា តែនឹង​​វិវត្ត​ធ្ងន់​ទៅ​ៗ។ លើស​ពី​នេះ អាច​នៅ​មាន​រោគ​សញ្ញា​មិន​បាន​រៀប​រាប់​ខាង​លើ ​បើ​មាន​ចម្ងល់​ណា​មួយ​ពាក់ព័ន្ធ​រោគសញ្ញា​ជំងឺ​រលាក​ទង​សួត ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បន្ថែម។

៤- ​ពេល​ណា​ត្រូវ​ជួប​ពេទ្យ?

សូម​ទៅ​ជួប​ពេទ្យ​ បើយើង​​មាន​ប្រទះ​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖

– រោគ​សញ្ញា​មាន​រយៈពេល​យូរ​ជាង ៣សប្ដាហ៍

– គ្រុន​ក្ដៅ​ ហើយ​មាន​សីតុណ្ហភាព​ក្នុង​ខ្លួន​ឡើង​ខ្ពស់

– មាន​ស្លេស្ម តែគ្មាន​ពណ៌

– ​ក្អកមាន​ឈាម

– ហត់។

មូលហេតុបង្ក

៥- ជំងឺរលាក​ទង​សួតបង្ក​ដោយ​មូលហេតុ​អ្វីខ្លះ?

ជំងឺ​រលាក​ទង​សួត​ស្រួច​ស្រាវ ជា​ទូទៅ បង្ក​ដោយ​វីរុស ហើយ​វីរុស​ទាំង​នោះ ជា​ប្រភេទ​ដូចទៅ​នឹងវីរុស​បង្ក​ជំងឺ​ផ្ដាសាយ និង​គ្រុន​ក្ដៅ​ដែរ។ ចំពោះ​ករណី​ជំងឺ​រលាក​ទង​សួត​រ៉ាំ​រ៉ៃ​វិញ ជា​ញឹក​ញាប់ បង្ក​ដោយ​ការ​ជក់​បារី។ តែ​ទោះ​យ៉ាង​នេះ​ក្ដី ខ្យល់​ពុល ធូលី និង​ឧស្ម័នពុលក្នុង​បរិយាកាស ឬ​នៅកន្លែង​ធ្វើ​ការ ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ស្ថាន​ភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ។

កត្តាប្រឈម

៦- តើ​កត្តាប្រឈម​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​កើតជំងឺ​នេះ?

មាន​កត្តា​ប្រឈម​ជា​ច្រើន​នាំ​ឲ្យយើង​កើត​មាន​ជំងឺរលាក​ទង​សួត ដូច​ជា៖

– ​ជក់​បារី​ច្រើន៖ ព្រោះ​ថា​ការ​ជក់​បារី ​ជា​កត្តា​មួយ​ដែល​នាំ​ឲ្យ​ប្រឈម​ខ្ពស់​កើត​ជំងឺ​នេះ។

– ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ៖ បញ្ហា​នេះ​កើត​ឡើង​ ដោយ​សារ​តែ​គ្នា​យើង​​ជំងឺ​ស្រួច​ស្រាវ​ផ្សេង​ទៀត ដូច​ជា​ ផ្ដាសាយ ឬ​បណ្ដាល​មក​ពី​ជំងឺ​រ៉ាំរ៉ៃ នាំ​​ឲ្យ​ខូច​ដល់​ប្រព័ន្ធ​ការពារ​រាង​កាយ។

– កត្តាអាយុ៖ មនុស្ស​ចាស់ ទារក និងក្មេង​តូចៗ ងាយ​នឹង​មាន​ការ​បង្ក​រោគ បង្ក​ជា​ជំងឺ​នេះ​ណាស់។

– បរិស្ថាន​ជុំ​វិញ​ខ្លួន៖ ធ្វើ​ការ​ក្នុង​បរិយាកាស​សម្បូរសារធាតុ​ធ្វើ​ឲ្យ​រលាក​សួត ដូច​ជា គ្រាប់​ធញ្ញជាតិ វាយនភណ្ឌ ឬ​ប៉ះ​ពាល់​ជាមួយ​ផ្សែង​​សារធាតុ​គីមី។

– ច្រាល​អាស៊ីដ​ក្រពះ៖ ករណី​នេះ នឹង​ធ្វើ​ឲ្យ​ក្រហាយ​ទ្រូង (Heartburn) ធ្ងន់ធ្ងរ និង​ញឹក​ញាប់ អាច​បង្ក​ឲ្យ​រលាក​ដល់​បំពង់​អាហារ ​កាន់​តែ​ងាយ​វិវត្តទៅ​ជា​​ជំងឺ​រលាក​ទង​សួត។

អត្ថបទ​ពាក់​ព័ន្ធ៖

រោគ​វិនិច្ឆ័យ​ និងការ​ព្យាបាល

ព័ត៌មានទាំងនេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

បន្ទាប់​ពី​សួរ​នាំ​ពី​រោគ​សញ្ញា គ្រូពេទ្យនឹង​ធ្វើស្តេតូស្កូប (Stethoscope) ដើម្បី​ស្ដាប់​សួត ក៏​ដូច​ជា​ចង្វាក់​ដង្ហើម​។ ការ​ធ្វើ​តេស្ត​ផ្សេងៗ​ អាច​នឹង​តម្រូវ​ឲ្យ​ធ្វើ​ ដូច​ជា៖

– ​ថត​កាំរស្មីអ៊ិចនៅ​ទ្រូង៖ ដើម្បី​ដឹង​ពី​មូល​ហេតុ​នៃរោគ​សញ្ញា។

– ធ្វើ​តេស្ត​ទៅ​លើ​កំហាក (Sputum test)៖ ជា​ការ​ធ្វើ​តេស្ត​លើ​កំហាក​ស្លេស្ម​ របស់​យើង ​ក្អក​ចេញ​ពី​សួត។ តេស្ត​នេះ​អាច​កំណត់ ​ថា​តើ​យើង​ឈឺ​ បណ្ដាល​មក​ពី​វីរុស ឬ​អត់។

– ​ធ្វើ​តេស្ត​លើ​មុខងារ​សួត៖ ដើម្បី​អាច​វាស់​វែង​ពី​បរិមាណ​ខ្យល់​​សួត​អាច​ទទួល​បាន និង​​សួត​បញ្ចេញ​ខ្យល់​កម្រិត​ណា។ បន្ថែម​លើ​នេះ តេស្ត​ ក៏អាច​ពិនិត្យ​មើល​តើ​មាន​សញ្ញា​ជំងឺ​ហឺត ឬ​ជំងឺ​ធ្លាយ​ថង់​សួត (emphysema) ដែរ​ ឬទេ។

៨- ព្យាបាល​ដោយ​វិធី​ណា?

បើ​យើង​​មាន​ជំងឺ​រលាក​ទងសួត​រ៉ាំរ៉ៃ គ្រូពេទ្យ​អាច​នឹង​ចេញ​វេជ្ជបញ្ជា ឲ្យ​ប្រើ​ថ្នាំ​ប្រភេទ​ខ្លះ អាច​ជួយ​បន្ថយ​រោគ​សញ្ញា។ ចំពោះ​ថ្នាំ​​គ្រូពេទ្យ​ចេញ​ឲ្យ​ប្រើ​ញឹក​ញាប់ ​រួម​មាន៖

– ថ្នាំ​ផ្សះ៖ ថ្នាំ​ប្រភេទ​នេះ​ អាច​នឹង​មិន​មាន​សកម្មភាព​ល្អ​ចំពោះ​ជំងឺ​រលាក​ទង​សួត​ឡើយ ប៉ុន្តែ​គ្រូពេទ្យ​អាច​នឹង​ឲ្យ​ថ្នាំ​នេះ​ប្រើ ដើម្បី​ការពារ​គ្រោះ​ថ្នាក់​នៃ​ការ​បង្ក​រោគ​ដោយ​បាក់តេរី បើ​សិន​យើង​​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។

– ថ្នាំ​ក្អក៖ អាការៈ​ក្អក​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​បំពង​ក និង​ទង​សួត​មាន​របួស។ បើ​សិន​អាការៈក្អក​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ដំណេក​យើង គ្រូពេទ្យ​អាច​នឹង​ចេញ​ថ្នាំ​ក្អក​ឲ្យ​យើងលេប។

– ថ្នាំ​​ផ្សេងៗ​ទៀត៖ បើ​យើង​​មាន​អាលែកហ្ស៊ី ជំងឺ​ហឺត ឬ​ជំងឺ​ស្ទះ​សួត​រ៉ាំ​រ៉ៃ (COPD- chronic obstructive pulmonary disease) គ្រូពេទ្យ​អាច​នឹង​ឲ្យ​ប្រើ​ថ្នាំ​ហឺត ឬ​ថ្នាំ​ផ្សេង​ទៀត​ ដើម្បី​បន្ថយ​ការ​រលាក និង​ថ្នាំ​ពង្រីក​ទង​សួត។

បើ​យើង​មាន​ជំងឺ​រលាក​ទង​សួត​រ៉ាំ​រ៉ៃ ជា​ចាំបាច់ ​អាច​នឹង​ត្រូវ​ស្ដារ​នីតិសម្បទា​ឡើងវិញ។ ការ​ព្យាបាល​នេះ​ ​នឹង​ធ្វើ​ឲ្យ​យើងមាន​ជំងឺ ​ហាត់​ដក​ដង្ហើម​ ​អាចជួយ​ឲ្យយើង​ដក​ដង្ហើម​កាន់​តែ​ស្រួល និង​បង្កើន​សមត្ថភាព​ហាត់​ប្រាណ។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– ឈប់​ជក់​បារី

– ពាក់​ម៉ាស់​មុខ​ នៅ​ពេល​ដែល​ចេញ​ក្រៅ​ប៉ះ​បរិយាកាស​ដែល​ពុល ពិសេស​ពេល​ចេញ​ក្រៅ​ផ្ទះ ឬ​សម្អាត​ផ្ទះ។

– គួរ​ប្រើ​ម៉ាស៊ីន​​ផ្ដល់​សំណើម ដើម្បី​ផ្ដល់​កម្ដៅ ​និង​សំណើម ដើម្បី​ជួយ​បន្ថយ​អាការៈ​ក្អក និង​កាត់​ស្លេស្ម​ ធ្វើ​ឲ្យ​ងាយ​បញ្ចេញ​មក​ក្រៅ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Bronchitis. http://www.mayoclinic.org/diseases-conditions/bronchitis/basics/definition/con-20014956. Accessed July 22, 2016.

Bronchitis. http://www.nhs.uk/conditions/Bronchitis/Pages/Introduction.aspx. Accessed July 22, 2016.

កំណែ​ប្រែបច្ចុប្បន្ន

06/09/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ក្អកជាប់គ្នាច្រើនសប្ដាហ៍ អាចជា​រោគសញ្ញាជំងឺមួយចំនួន

ក្អកក្រោយញ៉ាំអាហារ មូលហេតុ៦យ៉ាងយើងត្រូវដឹង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Sep 06, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម