backup og meta

ទឹកចូលសួត និងទឹក​ចូល​ស្រោម​សួត មិនមែនមកពីងូតទឹកពេលក្ដៅខ្លួនឡើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 10, 2020

    ទឹកចូលសួត និងទឹក​ចូល​ស្រោម​សួត មិនមែនមកពីងូតទឹកពេលក្ដៅខ្លួនឡើយ

    កន្លង​មក​ចាស់​ៗ​តែង​តែ​ហាមប្រាម​មិន​ឲ្យ​យក​កូន​តូច ឬ​យើង​ជា​មនុស្ស​ធំ​ក៏​ដោយ ពេល​ក្ដៅ​ខ្លួន​ដាច់ខាត​កុំ​ងូត​ទឹក ព្រោះ​ទឹក​ចូល​សួត។ បើ​តាម​ការ​បកស្រាយ​ពី​ខាង​មន្ទីរពេទ្យ​កាល់ម៉ែត នោះ​មិន​មែន​ជា​រឿង​ពិត​ឡើយ ហើយជំងឺ​ទឹក​ចូល​សួត និង​ទឹក​ចូល​ស្រោម​សួត​ក៏​មិន​ដូច​គ្នា​ និងមូលហេតុ​បង្ក​ខុសគ្នា​ដែរ។

    ១- តើ​ជំងឺ​ទឹក​ចូល​សួត និង​ទឹក​ចូល​ស្រោម​សួត​ខុស​គ្នា ឬ​ដូចគ្នា?

    ចម្លើយ​ដ៏​ខ្លី គឺ​ជំងឺ​ទាំងពីរ​មុខ​នេះ ខុស​គ្នា​ស្រឡះ​តែ​ម្ដង។

    – ​ទឹក​ចូល​សួត

    មាន​ន័យ​ថា​ខ្លួន​យើង​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន​ជ្រុល​ដោយ​ប្រការ​ណា​មួយ​ទើប​បណ្ដាល​ឲ្យ​ជាតិ​ទឹក​ទាំងនោះ​ជ្រាប​ចូល​ទៅ​ដក់​ក្នុង​ថង់​ខ្យល់​របស់​សួត នាំឲ្យ​យើង​ហត់​ខ្លាំង។ មូលហេតុ​អាច​បណ្ដាល​មកពី​ខ្សោយ​បេះដូង ដែល​នាំ​ឲ្យ​ការ​ច្របាច់​ឈាម​មិន​បាន​ល្អ គឺ​ធ្វើ​ឲ្យ​ជាតិ​ទឹក​ច្រាល​មក​ក្នុង​សួត ឬមូលហេតុ​មួយ​ទៀត​មកពី​ខ្សោយ​តម្រង​នោម​ខ្លាំង​ដែល​មិន​អាច​បញ្ចេញ​ជាតិ​ទឹក​បាន​ល្អ ក៏​បណ្ដាល​ឲ្យ​ច្រាល​ទឹក​មក​សួត​ដែរ។

    – ទឹក​ចូល​ស្រោម​សួត

    ជា​រឿង​មួយ​ដោយ​ឡែក ដែល​មាន​ន័យ​ថា​មាន​ការ​ដក់​ទឹក​ក្នុង​ស្រោមសួត​ដែល​ព័ទ្ធ​ជុំវិញ​សួត​អាច​ខាង​ឆ្វេង ឬ​ស្តាំ ឬ​ទាំង​សង្ខាង​ក៏​មាន វា​អាច​បណ្ដាល​មកពី​ការ​រលាក​ស្រោម​សួត​ខ្លួនឯង​ផ្ទាល់ ឬ​មកពី​ការ​ខ្សោយ​បេះដូង តម្រង​នោម ឬ​ក៏​ថ្លើម ទើប​បណ្ដាល​ឲ្យ​ចាល់​ជាតិ​ទឹក​រហូត​ដល់​ទៅ​ដក់​ក្នុង​ស្រោម​សួត។

    ២- តើ​ការ​ងូតទឹក​ ជា​ពិសេស​ពេល​ក្ដៅ​ខ្លួន​ ទឹក​អាច​ចូល​សួត ឬ​ក៏​ស្រោមសួត​បាន​​ទេ?

    ករណី​នេះ​ពុំ​អាច​កើត​ឡើង​ទេ ហើយ​ការ​យល់​ឃើញ​បែប​នេះ គឺ​ខុស​ទាំង​ស្រុង ផ្ទុយ​ទៅវិញ​ពេល​ក្ដៅ​ខ្លួន​ ត្រូវ​ព្យាយាម​ងូត​ទឹក​ឲ្យ​បាន​ច្រើន​ដង ដើម្បី​ជួយ​បញ្ចុះ​កម្ដៅ​ក្នុង​ខ្លួន។

    ៣- តើ​ជំងឺ​ទឹក​ចូល​ស្រោម​សួត​មាន​រោគ​សញ្ញា​ដូចម្ដេច?

    – ក្អក​ស្ងួត ជាពិសេស​នៅ​ពេល​ប្ដូរ​ឥរិយាបថ ដូចជា​ក្រោក​ពី​ដេក ឬ​ផ្អៀង​ខ្លួន​ជាដើម

    – ហត់

    – ឈឺ​ទ្រូង​ផ្នែក​ចំហៀង​ឆ្វេង ឬ​ស្កាំ អាស្រ័យ​ទៅ​លើ​ការ​ទឹក​ចូល​ស្រោម​សួត​ខាង​ណា

    – មាន​រោគសញ្ញា​ផ្សេង​ៗ​ទៀត អាស្រ័យ​លើ​មូលហេតុ​បង្ក​នៃ​ជំងឺ​នេះ។

    ៤- ហេតុអ្វី​បាន​មាន​ជំងឺ​ទឹក​ចូល​ស្រោម​សួត?

    ជំងឺ​នេះ​មាន​មូលហេតុ​បង្ក​ផ្សេង​ៗ ដែល​ភាគ​ច្រើន​គេ​ជួប​ញឹកញាប់​មាន​ដូចជា៖

    – រលាក​ស្រោម​សួត​ដោយ​មេរោគ បាក់តេរី ឬ​របេង​ជាដើម

    – ជំងឺ​មហារីក​ស្រោម​សួត ឬ​មហារីក​សរីរាង្គ​ផ្សេង តែ​រាលដាល​ដល់​ស្រោមសួត

    – ជំងឺ​ខ្សោយ​បេះដូង

    – ជំងឺ​ខ្សោយ​តម្រង​នោម

    – ជំងឺ​ក្រិន​ថ្លើម

    – មូលហេតុ​ផ្សេង​ៗ​ជា​ច្រើន​ទៀត

    ៥- ធ្វើ​យ៉ាង​ណា​ទើប​ដឹង​មូលហេតុ​ទាំង​នោះ?

    ជា​ទូទៅ​គ្រូពេទ្យ​នឹង​​វិភាគ​តាមរយៈ​ថត​សួត​ដោយ​កាំរស្មី​អិច ឬ​អេកូ​សួត និង​ជួន​កាល​អាច​ធ្វើ​ការ​ស្កេន​សួត។ ភាគច្រើន​តម្រូវ​ឲ្យ​មាន​ការ​បូម​ទឹក​ស្រោម​សួត ដើម្បី​ធ្វើ​ការ​វិភាគ​អម​វេជ្ជសាស្រ​ផ្សេង​ៗ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Sep 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម