backup og meta

Syphilis (ជំងឺ​ស្វាយ)

Syphilis (ជំងឺ​ស្វាយ)

និយមន័យ

១- អ្វី​ជា​ជំងឺ​ស្វាយ?

ជំងឺ​ស្វាយ ​ជា​ជំងឺ​កាមរោគបង្ក​ដោយ​បាក់តេរី អាច​បង្ក​រោគ​នៅ​លើ​ស្បែក មាត់ អវយវៈ​ភេទ និង​ប្រព័ន្ធ​ប្រសាទ។ ​បើ​រក​ឃើញ​វា​ក្នុង​ដំណាក់​កាល​ដំបូង ជំងឺ​ស្វាយ​ ងាយព្យាបាល​ទេ ហើយ​ក៏​មិន​បង្ក​ផល​​ប៉ះ​ពាល់​យូរ​អង្វែង​ដែរ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ជំងឺ​ស្វាយ​ ​មិន​ព្យាបាល​ អាច​បង្កឲ្យ​ខូច​ខាត​ធ្ងន់ធ្ងរ​ដល់ខួរ​ក្បាល ​ឬ​ប្រព័ន្ធ​ប្រសាទ និង​អវយវៈ​ផ្សេង​ទៀត ​រួម​ទាំង​បេះដូង​ទៀតផង។

២- ​ជំងឺ​ស្វាយ​កើត​ឡើង​ញឹក​ញាប់​ទេ?

អត្រា​កើត​ជំងឺ​ស្វាយលើ​ស្រីៗ​បាន​ធ្លាក់​ចុះ ចាប់​តាំង​ពី​ឆ្នាំ ២០១០ ប៉ុន្តែ​កើន​ឡើង​ខ្ពស់​ចំពោះ​ក្រុមប្រុសៗ​រួម​ភេទ​ជាមួយ​ប្រុសៗ​ដូច​គ្នា។

រោគសញ្ញា

៣- ​រោគ​សញ្ញា​ជំងឺ​ស្វាយ​មាន​អ្វី​ខ្លះ?

ជំងឺ​ស្វាយ​ ចែក​ចេញ​ជា​ ៣ ​ដំណាក់​កាលធំៗ ដោយ​រោគសញ្ញាលេច​ចេញ​ខុសៗ​គ្នា ​អាស្រ័យ​លើ​ដំណាក់​កាល​នីមួយៗដូច​ជា៖

– ដំណាក់​កាល​ទី​ ១៖ រោគ​សញ្ញា​ចាប់​ផ្ដើម ពី ២​-៤ ​សប្ដាហ៍​បន្ទាប់​ពី​ឆ្លង និង​រួម​មាន ដំបៅ​តូច​មួយ​ ​មិន​ឈឺ (Chancre) នៅ​លើ​ទីតាំង​ដែល​បាក់តេរី​ឆ្លងចូល​រាង​កាយ។ ដំបៅ​ទាំង​នោះ​ច្រើន​ឃើញ​លើ ប្រដាប់​ភេទ ប៉ុន្តែ​ក៏​ឃើញនៅ​លើ​មាត់ ឬ​រន្ធ​គូទផង​ដែរ បើ​ផ្នែក​ទាំង​នោះ​ ត្រូវ​បាន​ប៉ះ​ពាល់​ដោយ​សកម្មភាព​សិច​ជាមួយ​អ្នក​ដែល​កើត​រោគ​នេះ។ ជាទូទៅ ​វា​ច្រើន​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ក្នុង​រយៈពេល​ពី ​១-​៥​ សប្ដាហ៍។

– ដំណាក់​កាល​ទី ២៖ បើ​ការ​ឆ្លង​រោគ​នេះ​មិន​បាន​ព្យាបាល​ ដំណាក់​កាល​ទី​ ២ ​នឹង​ចាប់​ផ្ដើម​នៅសប្តាហ៍ ៦-​១២​ បន្ទាប់ពី​ឆ្លង​រោគ។ រោគ​សញ្ញា ​រួម​មាន គ្រុន​ក្ដៅ ឈឺ​ក្បាល ឈឺ​សន្លាក់ មិន​ឃ្លាន​អាហារ កន្ទួល​រមាស់ (កន្ទួល​ក្រហម​តូច​ៗ​នៅ​លើ​លិង្គ ទ្វារមាស ឬ​មាត់ និង​ជា​ពិសេស​នៅ​លើ​បាត​ដៃ ​និង​បាត​ជើង) ឈឺ​ក ហើម​ក្រពេញ​ទឹក​រងៃ (ក្លៀក ក្រលៀន ក) និង​អស់​កម្លាំង។ យ៉ាង​ណា ក្នុង​ដំណាក់​កាល​នេះ រោគ​សញ្ញា​អាចនឹង​មិនលេច​ចេញ​ឲ្យ​ដឹង​នោះទេ អាច​ឈាន​ដល់​រាប់​ចេញ​ទើប​លេច​ចេញ​រោគ​សញ្ញា។

– ដំណាក់​កាល​ទី​ ៣៖ រោគ​សញ្ញា​នៅ​ដំណាក់​កាល​ទី ៣ លេច​ឡើង​ចន្លោះ ១០-៤០ ឆ្នាំ​បន្ទាប់ពី​ឆ្លង​រោគ។ រោគ​សញ្ញា រួម​មាន ​ខូច​ខួរ​ក្បាល ​និង​បេះដូង មាន​បញ្ហាចង​ចាំ ពិការ និង​បញ្ហា​រក្សា​លំនឹង​ខ្លួន។

អ្នក​ជំងឺ​មួយ​ចំនួន​ស្ថិត​ក្នុងដំណាក់​កាល​ទី​ ២ ​ឬ​ទី ៣ អាច​នឹង​មិន​លេច​ចេញ​រោគ​សញ្ញាដូច​គ្នា។

នៅមាន​រោគ​សញ្ញា​ផ្សេងទៀត​មិន​បាន​រៀប​រាប់​ខាង​លើ បើ​មាន​ក្តី​បារម្ភ​ណា​មួយ សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។

៤- ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា?

ទៅ​ជួបគ្រូពេទ្យ​ភ្លាម ​បើមាន​ចេញ​ខ្ទុះ​ខុស​ប្រក្រតី ឈឺ​ ឬ​កន្ទួល​រមាស់​ ជា​ពិសេស​នៅ​ជុំវិញ​ក្រលៀន។

បើមាន​រោគសញ្ញា​ណា​មួយ​តាម​រៀបរាប់ខាង​លើ ឬ​មាន​មន្ទិល​សង្ស័យ សូម​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។

មូលហេតុបង្ក

៥- អ្វី​ខ្លះ​ជា​មូល​ហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​ស្វាយ?

ជំងឺ​ស្វាយ បង្ក​ដោយ​បាក់តេរី​ឈ្មោះ Treponema pallidum ហើយ​ឆ្លង​តាម​ការ​​រួម​ភេទ។ ករណី​​កម្រ ​បាក់តេរីអាច​​ឆ្លង​តាម​រយៈ​ការ​ដាច់​​ស្បែក បន្ទាប់​ពី​ប៉ះ​ដំបៅ​អ្នក​ជំងឺ។ ជំងឺ​ស្វាយ ​មិន​អាច​ឆ្លង​តាម​ការ​ប្រើ​បន្ទប់​ទឹក​រួម អាង​ងូត​ទឹក​រួម សម្លៀក​បំពាក់ ការ​ប្រើ​ចាន​ក្បាន​រួម​គ្នា ទ្វារ អាង​ហែល​ទឹក ឬ​អាង​ទឹក​ក្ដៅ​រួម​គ្នា​ឡើយ។

អត្ថបទ​ពាក់ព័ន្ធ៖

កត្តា​ប្រឈម

៦- ​កត្តា​អ្វី​អាច​បង្ក​​ហានិភ័យ​កើត​ជំងឺ​ស្វាយ?

អ្នក​កើត​​ជំងឺ​អេដស៍ ច្រើន​តែ​ងាយ​ឆ្លង ​និង​ងាយ​ចម្លង​ជំងឺ​ស្វាយ​ទៅ​អ្នក​ដទៃ។ មាន​ជំងឺ​ស្វាយម្ដង​មិន​អាច​ធ្វើ​ឲ្យ​យើង​​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ជំងឺ​នេះបាន​ទេ ​ហេតុ​នេះ​យើង​នៅ​តែ​អាច​ឆ្លង​ជំងឺ​នេះ​ម្តង​ទៀត។ ជំងឺ​ស្វាយ ​ក៏​អាច​ចម្លង​ពី​ម្ដាយ​ទៅ​កូន​ក្នុង​ផ្ទៃ​បាន​ដែរ (ជំងឺ​ស្វាយ​ពេល​មាន​ផ្ទៃ​ពោះ – Congenital syphilis)

រោគវិនិច្ឆ័យ និងការព្យាបាល

ព័ត៌មាន​នេះ មិន​អាច​យក​ទៅ​ប្រើប្រាស់​គ្រប់​ប្រភេទ​ជំងឺទេ​។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្រាប់​ព័ត៌មាន​បន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​នេះ​ដោយ​ពិនិត្យ​រាង​កាយ និង​ប្រវត្តិ​ជំងឺ​ពីមុន ផ្ដោត​ជាពិសេស​លើ​អវយវៈ​ភេទ មាត់ ​និង​រន្ធ​គូទ។ បើ​ឃើញ​មាន​ដំបៅ​ជំងឺ​ស្វាយ គ្រូពេទ្យ​នឹង​កាត់​យក​ផ្នែក​តូច​មួយ​របស់​ដំបៅ ឬ​យក​ទឹក​ចេញ​ពី​ដំបៅ​នោះ ទៅ​ពិនិត្យ​រក​មើល​មេរោគ​ តាម​រយៈ​មីក្រូទស្សន៍​ Darkfield។

គ្រូពេទ្យ​ក៏​ឲ្យ​ធ្វើ​តេស្ត​ឈាម គេ​ហៅ​ថា VDRL ដើម្បី​ដឹង​ថា​មានអង់ទីករ (សារធាតុ​ផលិត​ដោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ ដើម្បី​ប្រឆាំង​នឹង​បាក់តេរី Treponema Pallidum) ឬ​អត់។ ​គ្រូពេទ្យ​ ក៏​ត្រូវ​ការ​ពិនិត្យ​ដៃ​គូ ឬប្តី​ប្រពន្ធ​យើងដូច​គ្នា។

៨- ព្យាបាល​ដោយ​វិធី​ណា?

ព្យាបាលជំងឺនេះ គឺអាស្រ័យទៅតាមស្ថានភាពជំងឺ និង​ដំណាក់​កាល​របស់វា​ ដោយ​ដំណាក់​កាល​ទី ១ និង​ទី ២ វិធី​ព្យាបាលមាន៖

– ប្រើ​ថ្នាំ Benzathine penicilline G ២.៤​ million units (IM) ​មួយដូស។

ដំណាក់កាលយូរ​ ឬមិនដឹងពិតប្រាកដថាកើតពេលណា វិធី​ព្យាបាលមាន៖

– ប្រើថ្នាំ Benzathine penicilline G ២.៤​ million unit (IM)  ព្យាបាលមួយសប្តាហ៍ម្តង រយៈពេល ៣ សប្តាហ៍ជាប់គ្នា។

ផ្លាស់​ប្តូរទម្លាប់រស់នៅ

៩- ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ

ទម្លាប់​​រស់នៅ​ និង​វិធី​ព្យាបាល​នៅ​ផ្ទះ​ខ្លះ អាច​ទប់ទល់​ បង្ការ នឹង​ជំងឺ​ស្វាយ​បាន​ដូច​ជា៖

– មិន​ត្រូវ​ឈប់​លេប​ថ្នាំ ឬ​ដូរ​កម្រិត​ថ្នាំ​ឡើយ​ ទោះ​បី​ជា​​បានធូរ​ស្បើយ​ក៏​ដោយ លើក​លែង​តែ​គ្រូពេទ្យ​ប្រាប់​ឲ្យ​ឈប់។

– ត្រូវ​ប្រាប់​គ្រូពេទ្យ​ បើ​មាន​ផ្ទៃ​ពោះ ហើយ​ការ​ចម្លង​ជំងឺ​នេះ​ពី​ម្ដាយ​ទៅកូន គឺ​មាន​គ្រោះ​ថ្នាក់​ណាស់។

– ត្រូវ​ប្រាប់​គ្រូពេទ្យ ​បើ​មាន​អាលែក​ហ្ស៊ី ជាមួយ​ថ្នាំ​ពេទ្យ ជា​ពិសេសថ្នាំ Penicillin។

– ត្រូវ​លាង​ដៃ​ឲ្យ​ញឹក​ញាប់​ ដើម្បី​ចៀស​វាង​ពី​ការ​ចម្លង​រោគ។

– ត្រូវ​ប្រើ​ស្រោម​អនាម័យ​គ្រប់​ពេល​រួម​ភេទ។

– ប្រាប់​ដៃ​គូ ថា​យើង​​កំពុង​ព្យាបាល​ជំងឺ​ស្វាយ ដូច​នេះ​ ដៃគូ​យើង​ក៏​គួរ​ពិនិត្យ និង​ព្យាបាល​ដូច​គ្នា។

– ត្រូវ​ចៀស​វាង​កុំ​រួម​ភេទ​យ៉ាង​ហោច ២​ សប្ដាហ៍ បន្ទាប់​ពី​ព្យាបាល​រួច ឬ​រហូត​ទាល់​តែ​គ្រូពេទ្យ​បញ្ជាក់​ប្រាប់​ច្បាស់។

– ត្រូវ​ធ្វើ​តេស្ត​រក​ជំងឺ​កាមរោគ​ផ្សេង​ទៀត។

បើ​មាន​សំណួរ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​អាច​ដឹង​ពី​ដំណោះ​ស្រាយ​ល្អ​បំផុត​សម្រាប់​អ្នក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Print edition.

Porter, R. S., Kaplan, J. L., Homeier, B. P., & Albert, R. K. (2009). The Merck manual home health handbook. Whitehouse Station, NJ, Merck Research Laboratories. Page 1271.

កំណែ​ប្រែបច្ចុប្បន្ន

13/06/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jun 13, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម