គូស្វាមីភរិយាមួយចំនួនទំនងជាគិតថាការវិលទៅរកសកម្មភាពលើគ្រែក្រោយភាគីណាមួយជួបបញ្ហាគាំងបេះដូង ទំនងជាអាចបង្កឲ្យមានគ្រោះថ្នាក់។ ប៉ុន្តែការសិក្សាបានរកឃើញថា ការវិលទៅរកសកម្មភាពលើគ្រែវិញ ក្នុងរយៈពេលពីរបីខែក្រោយមានអាការៈគាំងបេះដូង មានទំនាក់ទំនងនៅនឹងជួយឲ្យការរស់នៅបានប្រសើរជាមុន។
ការសិក្សាបានអះអាងថាសកម្មភាពរួមភេទជាចំណែកមួយជួយដល់សុខុមាលភាពរបស់មនុស្សយើង ហើយថាការវិលទៅរកសកម្មភាពរួមភេទវិញក្រោយមានជំងឺគាំងបេះដូង ក៏ជាផ្នែកមួយជួយដល់សុខភាព។
ការសិក្សានេះបានចុះផ្សាយក្នុង European Journal of Preventive Cardiology កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។ ការសិក្សាបានប្រមូលព័ត៌មានលើមនុស្សដែលមានសកម្មភាពផ្លូវភេទចំនួន៤៩៥នាក់ និងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យរវាងឆ្នាំ១៩៩២ ឬ១៩៩៣ ពេលដែលអ្នកទាំងនោះជួបបញ្ហាគាំងបេះដូងលើកដំបូង។
លទ្ធផលសិក្សាបង្ហាញថាអ្នកដែលបានរក្សាសកម្មភាព ឬបង្កើនសកម្មភាពរួមភេទក្នុងរង្វង់ពេលប្រាំមួយខែបន្ទាប់ពីមានបញ្ហាគាំងបេះដូង ប្រឈមនឹងការស្លាប់៣៥ភាគរយទាបជាងអ្នកដែលមិនសូវមានសកម្មភាពរួមភេទឡើងវិញ។
ថ្វីដ្បិតតែការសិក្សាខាងលើមិនអាចបញ្ជាក់បានច្បាស់ថាការរួមភេទជួយឲ្យអ្នកជួបបញ្ហាគាំងបេះដូងរស់នៅបានយូរក៏ដោយចុះ តែថាកត្តាសកម្មភាពរួមភេទ និងការរស់នៅបានយូរអង្វែងគឺមានទំនាក់ទំនងគ្នា។
ក្រុមអ្នកស្រាវជ្រាវពន្យល់ថាការរួមភេទជាទម្រង់មួយនៃការធ្វើលំហាត់ប្រាណ ដែលជួយដល់ចង្វាក់បេះដូង និងសម្ពាធឈាម។ ទោះបីថាការហាត់ប្រាណខ្លាំងៗ ពេលខ្លះធ្វើឲ្យមនុស្សយើងជួបបញ្ហាគាំងបេះដូង តែថាការហាត់ប្រាណបានទៀងទាត់ជួយកាត់បន្ថយហានិភ័យបញ្ហាសុខភាពបេះដូងបានយូរអង្វែង។
ដូចនេះហើយ តាមរយៈការសិក្សានេះ ក្រុមអ្នកស្រាវជ្រាវថាគួរតែអាចជួយកាត់បន្ថយការភ័យខ្លាចបានខ្លះដល់អ្នកធ្លាប់ជួបបញ្ហាគាំងបេះដូង និងអាចវិលត្រឡប់ទៅរកសកម្មភាពលើគ្រែរបស់ខ្លួនវិញបាន។
[embed-health-tool-ovulation]