backup og meta

កុំ​ឲ្យ​រង្វង់​ភ្នែក​ខ្មៅ​ដូច​ខ្លា​ឃ្មុំ​ ​មក​​សាកល្បង​តិចនិក​ធម្មជាតិ​ទាំង​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 04, 2021

    កុំ​ឲ្យ​រង្វង់​ភ្នែក​ខ្មៅ​ដូច​ខ្លា​ឃ្មុំ​ ​មក​​សាកល្បង​តិចនិក​ធម្មជាតិ​ទាំង​នេះ

    រង្វង់​ភ្នែក​ស្លក់​ខ្មៅ គឺ​ជា​សត្រូវ​នៃ​ភាព​ស្រស់​ស្អាត​របស់​ស្រី​ៗ​​យើង ពីព្រោះ​វា​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ចាស់​ជាង​វ័យ​ ​និង​មិន​គួរ​ឲ្យ​ទាក់​ទាញ​។​ ពិត​ណាស់​ នៅ​ពេល​ដែល​យើង​​មាន​វ័យ​កាន់​តែ​ច្រើន​ ស្បែក​នឹង​​ប្រែ​ទៅ​ជា​ស្ដើង ហើយ​ខ្លាញ់​ និង​ខូឡាជែន​ដែល​​ចាំបាច់​ក្នុង​ការ​រក្សា​ភាព​យឺត​នៃ​ស្បែក​ក៏​ត្រូវ​បាន​បាត់បង់​​។​ កត្តា​នេះ​ហើយ​ ទើប​​សរសៃ​ឈាម​ពណ៌​ខ្មៅ​នៅ​ក្រោម​ស្បែក​លេច​ឡើង​កាន់​តែ​ច្បាស់​​។​ ក្រៅ​ពី​នេះ​ មូលហេតុ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​​រង្វង់​ភ្នែក​ខ្មៅ ​មាន​ដូចជា​គេង​មិន​គ្រប់គ្រាន់​ កម្រិត​នៃ​ជាលិកា​ខ្លាញ់​ជុំវិញ​ភ្នែក​ថយ​ចុះ​ ជំងឺ​ស្លេកស្លាំង​បណ្ដាល​មក​ពី​ខ្វះ​ជាតិ​ដែក​ ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​ ឧស្សាហ៍​ញី​ភ្នែក​ និង​ខ្វះ​ជាតិ​ទឹក​ជាដើម​។ យ៉ាង​ណា​មិញ​ យើង​អាច​សាកល្បង​អនុវត្ត​រូបមន្ត​ធម្មជាតិ​ទាំង​នេះ​ ដើម្បី​កាត់​បន្ថយ​រង្វង់​ភ្នែក​ខ្មៅ​បាន​​យ៉ាង​មាន​ប្រសិទ្ធភាព​​។​

    . ត្រសក់

    ត្រសក់​មាន​គុណប្រយោជន៍​ធ្វើ​ឲ្យ​ស្បែក​​មាន​ភាព​​ភ្លឺ​ថ្លា​ និង​ទន់​រលោង​ ដែល​អាច​ដោះស្រាយ​បញ្ហា​រង្វង់​ភ្នែក​ខ្មៅ​បាន​យ៉ាង​អស្ចារ្យ​។​ ចូរ​ក្លាស្សេ​ត្រសក់​ស្រស់​នៅ​ក្នុង​ទូរ​ទឹកកក​ និង​កាត់​វា​ជា​ចំណិត​ក្រាស់​ៗ​ រួច​បិទ​ទុកចោល​នៅ​លើ​ភ្នែក​រយៈពេល​១០នាទី។​ បន្ទាប់​មក​ ​តប់​ទឹក​ត្រសក់​ដែល​នៅ​សល់​ថ្នម​ៗ​ដោយ​ម្រាម​ដៃ​ ដើម្បី​ឲ្យ​វា​ជ្រាប​ចូល​ទៅ​ក្នុង​​ស្បែក​បាន​ល្អ​។​

    . ដំឡូង​បារាំង

    ​​​​ដំឡូង​បារាំង​គឺ​ជា​ឱសថ​ធម្មជាតិ​ដ៏​អស្ចារ្យ​ក្នុង​ការ​ព្យាបាល​រង្វង់​ភ្នែក​ខ្មៅ​ ពីព្រោះ​វា​មាន​ផ្ទុក​អង់ស៊ីម​​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​ និង​បន្តឹង​ស្បែក​។​ ចូរ​កាត់​ដំឡូង​បារាំង​ជា​ចំណិត​ៗ​ និង​រក្សា​ទុក​នៅ​ក្នុង​ទូរ​ទឹក​កក បន្ទាប់មក​ ចូរ​​បិទ​នៅ​លើ​ត្របក​ភ្នែក​រយៈពេល​១០​នាទី​ សឹម​លាង​​ទឹក​ចេញ​។​ ចុងក្រោយ​ ចូរ​លាប​គ្រីម​ការពារ​​ភ្នែក​ពី​​លើ​ជា​ការ​ស្រេច​។

    . កញ្ចប់​តែ

    ចូរ​ប្រើ​កញ្ចប់​តែ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​នៅ​ខាង​ក្រោម​​ភ្នែក​ ដើម្បី​កាត់បន្ថយ​រង្វង់​ភ្នែក​ខ្មៅ​។​ ជា​ទូទៅ​ ជាតិ​កាហ្វេអ៊ីន​នៅ​ក្នុង​តែ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ ដែល​អាច​ជួយ​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​ស្បែក​បាន​យ៉ាង​ប្រសើរ​។​ បន្ថែម​ពី​នេះ​ វា​ក៏​ជួយ​ការពារ​ស្បែក​ប្រឆាំង​នឹង​កាំរស្មី UV ព្រម​ទាំង​ពន្យឺត​ការវិវត្តន៍​ទៅ​រក​ភាព​ចាស់​ថែម​ទៀត​ផង​។​ ចូរ​​ឆុង​តែ​ចំនួន​២​កញ្ចប់​ ដោយ​ទុក​រយៈពេល​​ប្រហែល​ពី​​៣​ទៅ​៥​នាទី បន្ទាប់​មក​ដាក់​កញ្ចប់​តែ​ដែល​ឆុង​រួច​ក្នុង​ទូរ​ទឹកកក​ប្រហែល​២០​នាទី រួច​ច្របាច់​ទឹក​ចេញ​ឲ្យ​អស់​ សឹម​បិទ​វា​នៅ​បរិវេណ​ខាង​ក្រោម​ភ្នែក​រយៈពេល​​១៥​ទៅ​៣០​នាទី​។

    ភ្នែកខ្មៅ២

    . ប៉េងប៉ោះ

    ​​ប៉េងប៉ោះ​គឺ​ជា​ភ្នាក់ងារ​ជម្រុះ​កោសិកា​ចាស់​ៗ​ដ៏​ពូកែ​សក្ដិសិទ្ធិ​ និង​​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កាត់បន្ថយ​រង្វង់​ភ្នែក​ខ្មៅ។​ ចូរ​លាយ​ទឹក​ក្រូច​ឆ្មារ​ជាមួយ​នឹង​ទឹក​ប៉េងប៉ោះ​ ដោយ​ធ្វើការ​ម៉ាស្សា​នៅ​បរិវេណ​ភ្នែក​ជា​រៀង​រាល់​ថ្ងៃ​ រួច​​ទុកចោល​រយៈពេល​២០​នាទី​ បន្ទាប់​មក​សឹម​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ដូង​។

    . ប្រេង​ដូង​ និង​ប្រេង​អាល់ម៉ុន

    ជាមួយ​គ្នា​នេះ​ដែរ​ ចូរ​លាយ​ប្រេង​ដូង​ និង​ប្រេង​អាល់ម៉ុន​ ដោយ​ធ្វើការ​ម៉ាស្សា​ថ្នម​ៗ​ជា​រាង​រង្វង់​នៅ​បរិវេណ​ភ្នែក​ រួច​ទុក​ចោល​រយៈពេល​មួយ​ម៉ោង​។​ ស្រីៗ​យើង​គប្បី​លាប​វា​ជា​រៀង​រាល់​ថ្ងៃ ឬ​​អាច​បិទ​ម៉ាស​សន្លឹក​ ដើម្បី​កាត់​បន្ថយ​រង្វង់​ភ្នែក​ខ្មៅ​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម