ស្ទះរន្ធទឹកភ្នែក ជាជំងឺបណ្ដាលឲ្យកុមារមានបញ្ហានេះហូរទឹកភ្នែកច្រើន ឬភ្នែកសើមរហូតខុសប្រក្រតី។ រន្ធទឹកភ្នែក ជាបំពង់តូចមួយតភ្ជាប់ពីផ្នែកខាងក្នុងត្របកភ្នែក ទៅផ្នែកខាងក្នុងច្រមុះ។ ជំងឺស្ទះរន្ធទឹកភ្នែក មានមកពីកំណើត ហើយច្រើនកើតលើក្មេងតូចៗ តែវេជ្ជបណ្ឌិត សូ សំណាង បានបន្តថាមនុស្សធំពេញវ័យ និងចាស់ក៏អាចកើតដូចគ្នា ឯមូលហេតុវិញផ្សេងគ្នា។
ចំពោះទារកវេជ្ជបណ្ឌិតឯកទេសទូទៅ ថាជំងឺនេះបណ្ដាលមកពីស្ទះប្រព័ន្ធបង្ហូរទឹកភ្នែក ហើយការស្ទះនេះច្រើនតែនៅផ្នែកចុងនៃ Valve Hasner។ ជាធម្មតាភ្នែកយើងមានក្រពេញបញ្ចេញទឹកភ្នែកនៅលើត្របកភ្នែក ហើយភ្នែកយើងគឺបើកបិទៗ ធ្វើឲ្យស្ងួត ដូចនេះវាត្រូវការទឹកដើម្បីផ្សើម ដូចនេះហើយទឹកភ្នែកត្រូវបង្ហូរមកកន្លែងគល់ចិញ្ចើម និងច្រមុះ ហើយវាហូរតាមហ្នឹងចុះទៅច្រមុះ។ ដូចនេះពេលស្ទះ គឺវាស្ទះនៅកន្លែងគល់ភ្នែកជាមួយច្រមុះ ដែលបង្កឲ្យសើមរហូតតែម្ដង។
ទារកខ្លះអាចកើតមានជំងឺបែបនេះនៅភ្នែកមួយចំហៀង ឬទាំងសងខាង ហើយរោគសញ្ញាមានដូចជា ទឹកភ្នែកហូរស្អិត ពពៀកអាចម៍ភ្នែកបើកពុំរួច ឬហូរទឹកភ្នែកជាប់រហូត។ តែជំងឺនេះអាចជាទៅវិញអាយុ ៦ ខែ ឬ១ ឆ្នាំ ដោយមិនប៉ះពាល់អាយុជីវិត។
ចំពោះការព្យាបាល ប្រសិនបើម៉ាក់ៗណាឧស្សាហ៍ កូនអាចជាវិញក្នុងរយៈពេល ១ ខែ ក្រោយម៉ាស្សា ដោយយកចង្អុលកូនដៃមកឈ្លីនៅតាមគល់ភ្នែក ហើយអូសចុះមកក្រោមតាមបំពង់បង្ហូរទឹកភ្នែក និងការប្រើថ្នាំដាក់ភ្នែក។ តែមុនធ្វើត្រូវប្រាកដចិត្តថា ដៃស្អាត និងគ្មានក្រចក ទើបមិនបង្កគ្រោះថ្នាក់រឹតតែខ្លាំងចំពោះកូន។
រីឯមនុស្សធំដែលមានបញ្ហាស្ទះរន្ធទឹកភ្នែក លោកបញ្ជាក់ថាអាចបណ្ដាលមកពីការប៉ះទង្គិច ការបង្ករោគ ឬមានដុំសាច់។ បញ្ហាទាំងនេះអាចព្យាបាលបានទៅតាមមូលហេតុ និងអាយុនៃអ្នកជំងឺ។
[embed-health-tool-ovulation]