ភ្នែកមីញ៉ូបបែងចែកជា ២ គឺមីញ៉ូបជិត និងមីញ៉ូបឆ្ងាយដែលសុទ្ធតែធ្វើឱ្យយើងមើលមិនច្បាស់ដូចគ្នា។ យើងអាចមីញ៉ូបជិត និងមីញ៉ូបឆ្ងាយនៅគ្រប់វ័យដោយសារការប្រែប្រួលទម្រង់គ្រាប់ភ្នែក។ តើមីញ៉ូបជិតនិងមីញ៉ូបឆ្ងាយមានភាពខុសគ្នាដូចម្តេចខ្លះ?
អ្វីទៅគឺមីញ៉ូបឆ្ងាយ?
មីញ៉ូបឆ្ងាយ គឺជាលក្ខខណ្ឌមួយដែលយើងអាចមើលឆ្ងាយមិនច្បាស់ ប៉ុន្តែមើលជិតច្បាស់។ បញ្ហានេះអាចបណ្តាលមកពីកត្តាតំណពូជ ពន្លឺព្រះអាទិត្យ ការអានច្រើន ការមើលកុំព្យូទ័រ ឬទូរស័ព្ទយូរដែលបណ្តាលឱ្យគ្រាប់ភ្នែកកោង ឬវែងជាងធម្មតា ហើយធ្វើឱ្យកាំរស្មីពន្លឺមិនអាចប្រសព្វគ្នាលើស្រទាប់រ៉េទីនភ្នែកដោយផ្ទាល់បាន។ មីញ៉ូបឆ្ងាយអាចវិវត្តទៅជាជំងឺទឹកដក់បាតភ្នែក ឬភ្នែកឡើងបាយ។
អ្វីទៅគឺមីញ៉ូបជិត?
ផ្ទុយមកវិញ មីញ៉ូបជិតគឺជាលក្ខខណ្ឌមួយដែលយើងអាចមើលជិតមិនច្បាស់ ប៉ុន្តែមើលឆ្ងាយច្បាស់។ បញ្ហានេះកើតឡើងដោយសារកត្តាអាយុ មានកែវភ្នែកខ្លីពីកំណើត សាច់ដុំ ciliary របស់ភ្នែកចុះខ្សោយ ឬជំងឺទឹកនោមផ្អែមដែលធ្វើឱ្យគ្រាប់ភ្នែកខ្លីជាងធម្មតា ហើយធ្វើឱ្យកាំរស្មីពន្លឺមិនអាចប្រសព្វគ្នាលើស្រទាប់រ៉េទីនភ្នែក ដោយផ្ទាល់បាន។ មីញ៉ូបជិតអាចវិវដ្ដទៅជា ខ្សោយភ្នែកម្ខាង ភ្នែកស្រលៀង ឬមើលឃើញបែងភាគ។
ថ្វីត្បិតតែមីញ៉ូបជិត និងមីញ៉ូបឆ្ងាយមានលក្ខណៈខុសៗគ្នា ពួកវាមានអាការៈរួមគ្នាមួយចំនួន៖
- មើលមិនច្បាស់
- ឈឺក្បាល និងចុករួយគ្រាប់ភ្នែក ពេលប្រើប្រាស់ភ្នែកច្រើនដូចជា មើលសៀវភៅ កុំព្យូទ័រ
- ធ្វើភ្នែកព្រឹមៗ ពេលខំសម្លឹងមើល
- មិនស្រួលក្នុងភ្នែកដូចជា ក្តៅភ្នែក ឬផ្សាភ្នែក
អ្នកមីញ៉ូបជិត និងមីញ៉ូបឆ្ងាយអាចមើលឃើញច្បាស់ដោយពាក់វ៉ែនតា ឬពាក់កែវដាក់ក្នុងភ្នែក (contact lenses)។ កញ្ចក់វ៉ែនតា ឬកែវដាក់ក្នុងភ្នែកនឹងអនុញ្ញាតឱ្យពន្លឺប្រសព្វគ្នាលើស្រទាប់រ៉េទីនភ្នែកបានដោយផ្ទាល់។ មីញ៉ូបជិត និងមីញ៉ូបឆ្ងាយអាចព្យាបាលជាសះស្បើយដោយការវះកាត់ដោយកាំរស្មីឡាស៊ែរ។ ការវះកាត់នឹងផ្លាស់ប្តូរទម្រង់ស្រទាប់ស្តើងនៅខាងមុខរន្ធប្រស្រីភ្នែក (កញ្ចក់ភ្នែក) ។
[embed-health-tool-ovulation]