ការញីភ្នែកជះឥទ្ធិពលមិនល្អដល់សុខភាពភ្នែក ហើយវាក៏អាចបង្កជាការរលាក ក្រហម ឆ្លងមេរោគ និងការរងរបួសភ្នែកជាដើម។ ពិតណាស់ ក្រៅពីជាតិពុល និងការហត់នឿយ ជាទូទៅនៃភ្នែក ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិករយៈពេលយូរ ក៏អាចធ្វើឲ្យភ្នែករបស់យើងរមាស់ផងដែរ។ កត្តាស្ងួត នឿយហត់ និងក្រហាយភ្នែក សុទ្ធតែធ្វើឲ្យគ្នាយើងញីភ្នែកដោយមិនដឹងខ្លួន។ ដូច្នេះហើយ គ្នាយើងគួរជៀសវាងញីភ្នែកដាច់ខាត បើមិនចង់ប្រឈមនឹងបញ្ហាភ្នែកខាងក្រោមនេះ។
១. ហានិភ័យនៃការរងរបួស និងបញ្ហាជំងឺរ៉ាំរ៉ៃ
ក្នុងករណីដែលគ្នាយើងញីភ្នែកខ្លាំងៗ ឬញឹកញាប់ វាអាចបណ្ដាលឲ្យយើងរងរបួស និងវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ដូចជាជំងឺដុំលើភ្នាសពាសកែវភ្នែក(keratoconus)។ យោងតាមការស្រាវជ្រាវបានចុះផ្សាយក្នុងទស្សនាវដ្ដីអន្តរជាតិនៃជំងឺភ្នែកបានបង្ហាញថា ការញីភ្នែកអាចនាំឲ្យស្ដើងស្រទាប់ភ្នែក ហើយកម្រិតនៃការប៉ះពាល់ក៏អាស្រ័យលើកម្លាំងដែលយើងញីភ្នែកដូចគ្នា។
២. អាចបណ្ដាលឲ្យឆ្លងមេរោគ ឬអាលែកហ្ស៊ី
ការឆ្លងមេរោគ ដូចជាភ្នែកក្រហម អាចកើតឡើងដោយសារតែយើងញីភ្នែក ពីព្រោះតែបាក់តេរី ឬវីរុសដែលនៅជាប់ម្រាមដៃរាលដាលនៅពេលដែលយើងញីភ្នែក។ ដូចគ្នានេះដែរ វាក៏អាចបង្កជាអាលែកហ្ស៊ី និងអាចនាំឲ្យយើងញីភ្នែកកាន់តែខ្លាំងថែមទៀត។
៣. ការរលាក និងក្រហាយ
ការប្រមូលផ្ដុំធូលី ក្រោយញ៉ាំអាហារ អាចនាំឲ្យមេរោគរាលដាលពីម្រាមដៃទៅដល់ភ្នែក។ កង្វះអនាម័យក៏អាចបង្កជាការរលាក និងក្រហាយដោយសារតែការញីភ្នែកនេះដែរ ហើយវាថែមទាំងធ្វើឲ្យយើងរមាស់ និងក្រហមភ្នែកទៀតផង។
[embed-health-tool-ovulation]