និយមន័យ
១- អ្វីជាការថតសរសៃឈាមគ្រាប់ភ្នែក?
ថតសរសៃឈាមគ្រាប់ភ្នែក គឺជាទម្រង់តេស្តបែបវេជ្ជសាស្ត្រ ដោយប្រើសារធាតុពណ៌ (Fluorescent) ចាក់ចូលទៅក្នុងចរន្តឈាម ហើយពណ៌ទាំងនោះ នឹងដិតជាប់ទៅនឹងសរសៃឈាមក្រោយគ្រាប់ភ្នែក ជួយថតយករូបភាពសរសៃឈាមបានច្បាស់។
តេស្តនេះត្រូវគ្រូពេទ្យប្រើជាញឹកញាប់ ដើម្បីគ្រប់គ្រង តាមដានជំងឺភ្នែក។ គ្រូពេទ្យអាចសុំធ្វើតេស្តនេះ ដើម្បីបញ្ជាក់រោគវិនិច្ឆ័យ ដើម្បីកំណត់ការព្យាបាលមួយឲ្យបានត្រឹមត្រូវ ឬតាមដានស្ថានភាពសរសៃឈាមភ្នែកខាងក្រោយ។
២- ហេតុអ្វីចាំបាច់ត្រូវធ្វើតេស្តនេះ?
ដើម្បីមើលថាចរន្តឈាមហូរក្នុងស្រទាប់ទាំង២ នៅក្រោយភ្នែក គឺស្រទាប់ Retina និង Choroid មានសភាពធម្មតា ឬមិនប្រក្រតី។ ម៉្យាងទៀតអាចប្រើសម្រាប់ធ្វើរោគវិនិច្ឆ័យបញ្ហានៅក្នុងភ្នែក ឬកំណត់ពីរបៀបព្យាបាលភ្នែកជាក់លាក់មួយ។
ស្វែងយល់មុនធ្វើតេស្ត
៣- គួរដឹងអ្វីខ្លះមុនពេលធ្វើតេស្ត?
សម្រាប់ស្ត្រីមានផ្ទៃពោះ ពិសេសទើបសម្រាលបាន ៣ ខែដំបូង និងកំពុងបំបៅដោះ មិនគួរធ្វើតេស្តនេះទេ ដោយសារជាតិពណ៌ប៉ះពាល់ដល់បេប៊ីក្នុងផ្ទៃ និងជ្រាបចូលទៅក្នុងទឹកដោះម្ដាយ ហេតុនេះក្រោយការធ្វើតេស្តពី ២៤-៤៨ ម៉ោង ទើបអាចបំបៅបាន ហើយថែមទាំងមិនមានសុវត្ថិភាពនោះទេ។ គួរប្រើប្រាស់ប្រដាប់បូមទឹកដោះ បូមយកទឹកដោះមានជាតិថ្នាំចេញ និងយកទៅចាក់ចោលរហូតទាល់តែមានសុវត្ថិភាព ទើបអាចចាប់ផ្ដើមបំបៅអូនៗជាថ្មី។ ក្រៅពីនេះ អាចបូមទឹកដោះចេញ និងរក្សាទុកមុនសម្រាប់ប៉ុន្មាន ២ថ្ងៃ មុនចាប់ផ្ដើមធ្វើតេស្ត ឬអាចប្រើម្សៅទឹកដោះគោជំនួសសិន។
ជាតិពណ៌ចាក់ចូលទៅក្នុងចរន្តឈាម ត្រូវបានច្រោះនៅក្នុងតម្រងនោម និងបញ្ចេញចោលមកវិញតាមទឹកនោមអំឡុងពេល ៤៨ ម៉ោង។ ហេតុនេះទឹកនោមយើងអាចមានពណ៌លឿងខ្ចី ឬទឹកក្រូច។
ជាតិពណ៌ ឈ្មោះ (Indocyanine) មានពណ៌បៃតង ងាយស្រួលក្នុងការពិនិត្យរកមូលហេតុបង្កជាបញ្ហាភ្នែក និងអាចប្រើប្រាស់ជំនួសសារធាតុ Fluorescein។ លើសពីនេះ អាចឲ្យគ្រូពេទ្យមើលឃើញ តើសរសៃឈាមក្រោម Retina អាចមានដាច់រហែក ឬយ៉ាងណា។
លទ្ធផលក្រោយការធ្វើតេស្តអាចមានការពិបាកបកស្រាយ ចំពោះគ្នាយើងជំងឺមានភ្នែកឡើងបាយ។
ដំណើរការធ្វើតេស្ត
៤- គួរត្រៀមខ្លួនបែបណា?
ត្រូវតែមានអ្នកមកជាមួយដើម្បីជូនអ្នកទៅផ្ទះវិញ ព្រោះការធ្វើតេស្តនេះ នឹងធ្វើឲ្យប្រស្រីភ្នែករីកធំដល់ ១២ ម៉ោង។
ប្រាប់ទៅគ្រូពេទ្យរាល់ថ្នាំយើងកំពុងប្រើប្រាស់ ហើយបើមានការប្រតិកម្មជាមួយសារធាតុអ៊ីយ៉ូត ត្រូវតែប្រាប់ទៅគ្រូពេទ្យ។ ចំពោះគ្នាយើងពាក់ឡេន ត្រូវដកចេញមុនធ្វើតេស្ត។
៥- មានអី្វកើតឡើងអំឡុងពេលធ្វើតេស្ត?
ត្រូវដាក់ថ្នាំភ្នែកពង្រីកប្រស្រីភ្នែក បន្ទាប់មកគ្រូពេទ្យពិនិត្យដោយប្រើម៉ាស៊ីនមានបំពាក់កាមេរ៉ា តម្រូវឲ្យយើងដាក់ចង្កា និងក្បាលនៅឲ្យស្ងៀមអំឡុងពេលធ្វើតេស្ត។
គ្រូពេទ្យនឹងផ្ដិតយករូបភាពខាងក្នុងភ្នែក ហើយបន្ទាប់ពីថតរូបភាពបានមួយចំនួន ជាតិពណ៌ Fluorescein ត្រូវចាក់ចូលទៅក្នុងសរសៃវ៉ែនគន្លាក់ដៃ អំឡុងពេលនោះកាមេរ៉ា នឹងធ្វើការផ្ដិតយករូបថតជាតិពណ៌ឆ្លងកាត់សរសៃឈាមខាងក្រោយភ្នែក។
៦- មានអី្វកើតឡើងបន្ទាប់ពីធ្វើតេស្តរួច?
អាចស្រវាំងភ្នែកដល់ ១២ ម៉ោង ហេតុនេះគួរបើកបរយានជំនិះដោយខ្លួនឯងទេ ត្រូវតែមានអ្នកផ្សេងជូនទៅផ្ទះវិញ។
គួរតែពាក់វ៉ែនតាខ្មៅទាល់តែប្រស្រីភ្នែកត្រលប់មកធម្មតាវិញ ព្រោះជះពន្លឺពីខាងក្រៅ និងពន្លឺព្រះអាទិត្យ អាចធ្វើឲ្យឈឺភ្នែក។
លទ្ធផល
៧- លទ្ធផលក្រោយធ្វើតេស្ត
តេស្តនេះត្រូវការចំណាយពេលប្រហែល ៣០នាទី បន្ទាប់មកទើបគ្រូពេទ្យធ្វើការពិនិត្យទៅលើលទ្ធផល។
សម្រាប់ការថតសរសៃឈាមគ្រាប់ភ្នែក៖
លទ្ធផលធម្មតា
– ជាតិពណ៌ហូរឆ្លងកាត់សរសៃឈាមរ៉េទីនយ៉ាងរលូន។
– គ្មានការដាច់រហែក ឬស្ទះក្នុងតំបន់ណាមួយ។
លទ្ធផលមិនប្រក្រតី
– ជាតិពណ៌ហូរឆ្លងកាត់សរសៃឈាមយឺតៗ។
– លំហូរជាតិពណ៌ត្រូវរាំងស្ទះ។
– ជាតិពណ៌ជ្រាបចេញពីសរសៃឈាម។
– ជាតិពណ៌នៅជុំវិញជាលិកាភ្នែក ឬនៅក្នុង Opticdisc។
លទ្ធផលអាស្រ័យទៅតាមមន្ទីរពិសោធន៍ និងមន្ទីរពេទ្យ កម្រិតធម្មតាជាតិពណ៌ (Fluorescein) សម្រាប់ការថតសរសៃឈាមគ្រាប់ភ្នែក អាចប្រែប្រួល ហេតុនេះគួរតែពិគ្រោះយោបល់ជាមួយគ្រូពេទ្យ បើមានចម្ងល់ពាក់ព័ន្ធលទ្ធផលក្រោយការធ្វើតេស្ត។
[embed-health-tool-ovulation]