ជឿថា គ្នាយើងគ្មានអ្នកណាចង់ឲ្យធ្មេញលឿង ញញឹមចេញមកមិនស្រស់ស្រាយទេ ហើយធ្មេញលឿងក៏មិនមែនជាបញ្ហាធំដុំដែរ គ្រាន់តែវាអាចធ្វើឲ្យយើងមិនមានទំនុកចិត្តខ្លាំងពេលញញឹម បាក់សម្រស់តែប៉ុណ្ណឹង។ ម៉្យាងវិញទៀត ការសម្អាតធ្មេញឲ្យសឡើងវិញ ក៏តម្លៃអាចលើសពីការស្មាន យកល្អយើងអាចកម្ចាត់បញ្ហាធ្មេញលឿងជាមួយការតម ឬកាត់បន្ថយការញ៉ាំអាហារប៉ុន្មានខាងក្រោមនេះ ព្រោះវាធ្វើឲ្យធ្មេញឡើងពណ៌ស្រអាប់ខ្លាំង។
១. កាហ្វេ ឬតែ
មិនថាយើងញ៉ាំកាហ្វេ តែ ឬក៏ភេសជ្ជៈកំប៉ុងផ្សេងៗនោះទេ យើងនឹងប្រឈមនឹងការធ្វើឲ្យធ្មេញយើងឡើងពណ៌លឿង។ កាហ្វេ និងតែ មានជាតិ Tannin ដែលអាចធ្វើឲ្យធ្មេញស្រអាប់ ហើយវាក៏ធ្វើឲ្យតុល្យភាព PH ក្នុងមាត់ផ្លាស់ប្ដូរជាហេតុបណ្ដាលឲ្យធ្មេញឆាប់ខូចដោយសារជាតិអាស៊ីដពីអាហារយើងញ៉ាំ។
២. ស្រា
ស្រាក្រហមក៏ដោយ ស្រាសក៏ដោយ សុទ្ធតែអាចធ្វើឲ្យធ្មេញបាត់បង់ពណ៌សភ្លឺ ប្រែជាពណ៌លឿងបាន។ នៅក្នុងស្រាក្រហម មានជាតិ Tannin ដែលបណ្ដាលឲ្យធ្មេញយើងបាត់បង់ពណ៌សភ្លឺស្អាតក្លាយជាស្រអាប់វិញ។ ចំណែកស្រាស មានជាតិអាស៊ីដដែលមិនល្អចំពោះធ្មេញយើង។
៣. ពពួកផ្លែប៊ើរី
ត្បិតតែ ពពួកផ្លែប៊ើរីមានប្រយោជន៍រាប់មិនអស់សម្រាប់សុខភាពយើងក៏ពិតមែន ប៉ុន្តែសារជាតិពណ៌ក្រម៉ៅដែលវាមានអាចបណ្ដាលឲ្យធ្មេញលឿង ឬឡើងក្រហមតាមពណ៌ផ្លែប៊ើរី។ ប៉ុន្តែ បើយើងមិនចង់ឲ្យធ្មេញឡើងលឿងដោយសារការញ៉ាំផ្លែប៊ើរីទេ យើងអាចដុសធ្មេញភ្លាមៗក្រោយញ៉ាំវា ដើម្បីចៀសវាងពណ៌របស់វាជាប់លើធ្មេញ។
៤. ការី
ការីអាចជាអាហារដែលធ្វើឲ្យធ្មេញយើងលឿងពណ៌ខ្លាំងបំផុតមួយ ព្រោះវាមានសារជាតិមួយហៅថា Curcumin ដែលអាចធ្វើឲ្យធ្មេញលឿង ហើយកាលពីមុន ចំពោះរុក្ខជាតិណាដែលមានសារជាតិនេះ គេយកទៅធ្វើជាពណ៌ជ្រលក់កំណាត់ផ្សេងៗ ព្រោះវាមានពណ៌ដិត។
[embed-health-tool-bmi]