ឈឺធ្មេញមិនស្រួលទេ ហើយតម្លៃព្យាបាលធ្មេញក៏ថ្លៃ និងចំណាយពេលយូរទៀត ហេតុនេះ សូមរក្សាសុខភាពមាត់ធ្មេញឲ្យបានល្អផង។ បើចង់រក្សាសុខភាពមាត់ធ្មេញយើងបានល្អ ត្រូវដឹងពីបញ្ហាមាត់ធ្មេញឲ្យបានច្បាស់ ខណៈបញ្ហាឧស្សាហ៍កើតមានជាទូទៅ គឺរឿងពុកធ្មេញតែម្តង។ អត្ថបទនេះ “Hello គ្រូពេទ្យ‘ នឹងពន្យល់ពីលក្ខខណ្ឌទូទៅនៃបញ្ហាពុកធ្មេញឲ្យគ្នាយើងបានដឹង។
គ្នាយើងប្រហែលធ្លាប់ឮគេថាពុកធ្មេញ ឬធ្លាប់ឆ្លងកាត់បទពិសេធន៍ពុកធ្មេញទៀតផង ប៉ុន្តែភាគតិចណាស់ដឹងច្បាស់ពីបញ្ហាពុកធ្មេញនេះ។ ត្រូវដឹងថា ការថែរក្សាសុខភាពមាត់ធ្មេញ ជារឿងចាំបាច់ត្រូវធ្វើជាប្រចាំ ហើយនៅពេលធ្មេញយើងមានបញ្ហាណាមួយ ក៏មិនត្រូវព្រងើយកន្តើយដែរ។
ឧទាហរណ៍ជាក់ស្តែងមួយ ទោះគ្នាយើងរាងស្រស់ស្អាត សង្ហាប៉ុណ្ណាក៏ដោយ បើប្រឈមបញ្ហាពុកធ្មេញ យើងច្បាស់ជាបាត់បង់ទំនុកចិត្តលើកខ្លួនឯងមិនខាន។
បញ្ហាពុកធ្មេញ សម្តៅលើលក្ខខណ្ឌសុខភាពមាត់ធ្មេញ ខណៈត្រូវផ្ទៃធ្មេញ ឬកាចាធ្មេញត្រូវរងការបំផ្លាញ។ បញ្ហាសុខភាពនេះ កើតឡើងនៅពេលបាក់តេរីនៅក្នុងមាត់យើង បង្កើតអាស៊ីតវាយប្រហារលើកាចាធ្មេញ ហើយពេលទុកយូរៗទៅ ជាលទ្ធផលនាំឲ្យធ្មេញ អាចមានប្រហោង ដែលចាស់ៗនិយមហៅថា ដង្កូវស៊ីធ្មេញ នឹងបន្តរហូតដល់បំផ្លាញធ្មេញយើង បាក់អស់ទាំងស្រុងតែម្តង និងឆ្លងទៅកាន់ធ្មេញដទៃទៀត។
អត្ថបទពាក់ព័ន្ធ៖
បញ្ហាពុកធ្មេញ អាចមានរោគសញ្ញាជាច្រើន ដែលបង្ហាញពីស្ថានភាពមិនល្អ កំពុងកើតមានក្នុងមាត់របស់យើង ខណៈរោគសញ្ញាជាក់លាក់មួយចំនួន មានដូចជា៖
– ឈឺធ្មេញ៖ បើធ្មេញយើងមានលេចចេញពណ៌ខៀវ ហើយឈឺចាប់នៅពេលថ្ងៃ និងបន្តឈឺខ្លាំងឡើងៗ នោះជាពេលសមរម្យមួយគួរទៅជូបពេទ្យធ្មេញហើយ។ នៅពេលហ្នឹង យើងអាចដឹងរោគសញ្ញាទាន់ពេលវេលា ហើយទទួលបានការព្យាបាល បញ្ហាពុកធ្មេញនឹងអាចការពារបាន។
– សម្ពាធធ្មេញ៖ ក្រៅពីការឈឺចាប់ បញ្ហាពុកធ្មេញ នៅមានរោគសញ្ញាផ្សេងទៀត គឺថាគ្រប់ពេលយើងទំពារ ធ្មេញនឹងមានសម្ពាធធ្ងន់ធ្ងរខុសធម្មតា ហើយបើប្រទះអាការៈបែបនេះ ឬសម្ពាធធ្មេញមិនធ្លាប់កើតមានពីមុន វានឹងក្លាយជារឿងយើងគួរតែបារម្ភ។ សម្ពាធនៅលើធ្មេញមួយចំនួន សុទ្ធតែបញ្ជាក់ថា សុខភាពមាត់ធ្មេញយើងមានបញ្ហា នឹងអាចជាដំណាក់កាលដំបូងនៃការពុកធ្មេញ។
– មានខ្ទុះនៅជុំវិញអញ្ចាញធ្មេញ៖ បើសម្គាល់ឃើញថា ជុំវិញអញ្ចាញធ្មេញមានខ្ទុះ ច្បាស់ណាស់ ជារោគសញ្ញាមួយនៃការពុកធ្មេញ។ ករណីនេះ ត្រូវការព្យាបាលបន្ទាន់ ហើយបើយើងមិនបានព្យាបាល ស្ថានភាពនឹងកាន់តែធ្ងន់ធ្ងរមិនខាន។
– មានរន្ធនៅលើធ្មេញ៖ នេះជារោគសញ្ញាផ្សេងមួយទៀត ហើយនៅពេលយើងពិនិត្យច្បាស់ថា មានរន្ធ ឬប្រហោងនៅលើធ្មេញណាមួយនោះ មានន័យថាធ្មេញនោះចាប់ផ្តើមពុកហើយ។ ពេលខ្លះ រន្ធទាំងនេះ អាចរកឃើញតាមរយៈពេទ្យធ្មេញ ព្រោះថាអាចនឹងតូចខ្លាំង ទាល់តែប្រើកាំរស្មីអ៊ិចទន្តពេទ្យ ទើបមើលឃើញ។
– ស្រៀវធ្មេញខ្លាំង៖ ស្រៀវធ្មេញ ជាសញ្ញាធម្មជាតិមួយរបស់រាងកាយយើង នៅពេលយើងញ៉ាំអ្វីមួយត្រជាក់ខ្លាំង ឬក្តៅខ្លាំង។ ទោះជាយ៉ាងណា យើងនៅតែអាចសម្គាល់ឃើញថា អាការៈស្រៀវធ្មេញណាមួយខុសពីធម្មតា។ បើពេលខ្លះ មានលាយឡំនឹងការឈឺចាប់ពេលញ៉ាំ ឬផឹក អាហារត្រជាក់ ឬក្តៅ ច្បាស់ណាស់វាជាសញ្ញាពុកធ្មេញហើយ។
– ហើម និងឈាមអញ្ចាញធ្មេញ៖ បើអញ្ចាញធ្មេញយើងចាប់ផ្តើមឡើងហើម និងមានឈាមផង ក្នុងពេលតែមួយ ក៏ជាពេលត្រូវទៅជួបពេទ្យធ្មេញហើយ។ បញ្ហាធ្មេញបែបនេះ ត្រូវចាត់ទុកជារោគសញ្ញាពុកធ្មេញធ្ងន់ធ្ងរ ដែលជាធម្មតា ទាមទារការព្យាបាលជាបន្ទាន់។
រោគសញ្ញាពុកធ្មេញទាំង ៦ ខាងលើ គឺគ្រប់គ្រាន់សម្រាប់គ្នាយើង កំពុងបារម្ភសុខភាពមាត់ធ្មេញរបស់ខ្លួន អាចយកមកវាយតម្លៃបាន។ ប៉ុន្តែនៅមានរោគសញ្ញាផ្សេងទៀត អាចជាលក្ខខណ្ឌនៃការពុកធ្មេញ រាប់បញ្ចូលទាំងអុចៗលើកាចាធ្មេញផងដែរ។ ធ្លាប់សម្គាល់ឃើញមានស្នាមអុចៗពណ៌ខ្មៅ ឬពណ៌ត្នោតលើកាចាធ្មេញដែរអត់? បើធ្លាប់ អ៊ីចឹងឆាប់ទៅជួបពេទ្យភ្លាម ព្រោះនេះមាននៅថា ធ្មេញយើងកំពុងតែពុក។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕