backup og meta

ចុកពោះក្រោយពេលមករដូវបណ្តាលមកពីអ្វី? ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 01, 2023

    ចុកពោះក្រោយពេលមករដូវបណ្តាលមកពីអ្វី? ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ស្រី​ៗ​យើង​​មួយ​ចំនួន​ អាច​មាន​អាការៈ​​ចុក​ពោះ​​ក្រោយ​ពេល​មក​​រដូវ​​ ដែល​បញ្ហា​មួយ​នេះ​ពុំ​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ។ ប៉ុន្តែ ជួន​កាល អាការៈ​ចុក​ពោះ​ខ្លះ​ ​​ចាំបាច់​ត្រូវ​ធ្វើ​ការ​ព្យាបាល​ ទើប​បាន​ធូរស្រាល​។ តើ​ការ​ចុក​ពោះ​ក្រោយ​មក​ពេល​​រដូវបណ្តាល​មក​ពី​មូលហេតុ​អ្វី? ហើយ​យើង​អាច​គ្រប់គ្រង​ស្ថានភាព​​មួយ​នេះ​តាម​វិធី​ណា?

    មូលហេតុ​បង្ក​នៃ​ការ​ចុក​ពោះ​ក្រោយ​ពេល​​មក​រដូវ

    ១. ធ្លាក់​មេ​ជីវិត​ញី

    មូលហេតុ​ទូទៅ​មួយ​នៃ​ការ​ចុក​ពោះ​ក្រោយ​ពេល​មក​​រដូវ អាច​បណ្តាល​មក​ពី​ការ​ធ្លាក់​មេ​ជីវិត​ញី។ អំឡុង​ពេល​នេះ ស្បូន​របស់​យើង​កន្ត្រាក់​ និង​បណ្តាល​ឲ្យ​មាន​​ការ​ឈឺចាប់​​នៅ​​ត្រង់​ពោះ​ផ្នែក​ខាង​ក្រោម។ ​ប្រហែល​ជា​៤០​%​នៃ​ស្រី​ៗ​ក្នុង​វ័យ​បន្ត​ពូជ អាច​ប្រឈម​នឹង​ការ​ឈឺចាប់​បែប​នេះ​ជា​រៀង​រាល់​ខែ។

    ២. ពពោះ

    អ័រម៉ូន​​ដែល​បញ្ចេញ​ក្នុង​អំឡុង​ពេល​ពពោះ​ថ្មីថ្មោង អាច​បង្ក​ឲ្យ​មាន​អាការៈ​​ចុក​ពោះ​តិចតួច​ទៅ​ធ្ងន់ធ្ងរ។ មូលហេតុ​នៃ​ការ​ចុក​ពោះ​​នេះ ​​ទាក់ទង​ទៅ​នឹង​ការ​​បង្ក​កំណើត នៅ​ពេល​ដែល​ស៊ុត​ញី​ភ្ជាប់​ទៅ​នឹង​ស្បូន។ ក្នុង​​អំឡុង​ពេល​នេះ យើង​ក៏​អាច​សង្កេត​ឃើញ​មាន​​ធ្លាក់​ឈាម​ពី​ទ្វារ​មាស​តិចតួច​ផង​ដែរ។ យ៉ាង​ណា​មិញ ​អាការៈ​ចុក​ពោះ​ខ្លាំង ធ្លាក់​ឈាម​តិចតួច ឬ​មាន​ធ្លាក់​សារធាតុ​រាវ និង​ជាលិកា​ពី​ទ្វារ​មាស ក៏​អាច​បង្ហាញ​ពី​ការ​រលូត​កូន​ដូច​គ្នា។

    ៣. កូន​ក្រៅ​ស្បូន

    ការ​មាន​ផ្ទៃពោះ​ក្រៅ​ស្បូន​ កើត​ឡើង​នៅ​ពេល​ដែល​អំប្រ៊ីយ៉ុង​ក​កំណើត​នៅ​ខាង​ក្រៅ​ស្បូន ដែល​អាច​បណ្តាល​ឲ្យ​ស្រីៗ​យើង​ចុក​ពោះ​ក្រោយ​ពេល​មក​រដូវ។ ការ​ឈឺចាប់ ធ្លាក់​ឈាម​ និង​ចង្អោរ អាច​ជា​រោគសញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ​ក្រៅ​ស្បូន។

    ៤. ជំងឺ​Endometriosis

    ជំងឺEndometriosis ​ជា​ស្ថានភាព​ដែល​កោសិកា​​ពាស​ក្នុង​ស្បូន​លូតលាស់​នៅ​ខាង​ក្រៅ​ស្បូន។ កោសិកា​ទាំង​នេះ អាច​ផ្សាំ​នៅ​លើ​អូវែ ដៃ​ស្បូន​និង​សរីរាង្គ​ផ្សេង​ទៀត​ដូចជា​ពោះវៀន​ និង​ប្លោក​នោម​។ ជំងឺ​មួយ​នេះ ជា​មូលហេតុ​ទូទៅ​ដែល​នាំ​ឲ្យ​គ្នា​យើង​មាន​ការ​ឈឺ​ចាប់ និង​ចុក​ពោះ​ក្រោយ​ពេល​មក​រដូវ ហើយ​​​​ប៉ះពាល់​ដល់​ស្រី​​ៗ​ដែល​​មាន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ ទៅ​៤៤​ឆ្នាំ​ច្រើន​ជាង​១១%​តាំង​ពី​កំណើត​មក​ម្ល៉េះ។

    ៥. ដុំ​គីស​អូវែ

    ដុំ​គីស​អូវែ ជា​ថង់​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ​រាវ ដែល​វិវត្តន៍​នៅ​លើ​ ឬ​ខាង​ក្នុង​អូវែ។ ស្ថានភាព​មួយ​នេះ អាច​បណ្តាល​ឲ្យ​មាន​ការ​ឈឺចាប់​ខ្លាំង ជា​ពិសេស​នៅ​ពេល​ដែល​ដុំ​គីស​បែក។ ការ​ចុក​ពោះ​ក្រោយ​ពេល​មក​រដូវ អាច​ជា​សញ្ញា​នៃ​ដុំ​គីស​អូវែ ហើយ​ភាគ​ច្រើន​មិន​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​ឡើយ។

    ៦. ជំងឺ​រលាក​នៅ​តំបន់​អាង​ត្រគាក

    អាការៈ​ចុក​ពោះ​ក្រោយ​ពេល​មក​រដូវ ក៏​អាច​បណ្តាល​មក​ពី​ជំងឺ​រលាក​នៅ​តំបន់​អាង​ត្រគាក។ ស្ថានភាព​នេះ ជា​ការ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​ដែល​អាច​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​មិន​អាច​មាន​កូន​បាន​ ប្រសិនបើ​មិន​ធ្វើ​ការ​ព្យាបាល​ទេ​នោះ។

    គន្លឹះ​ដោះស្រាយ​បញ្ហា​ចុក​ពោះ​ក្រោយ​ពេល​មក​រដូវ

    ពិត​ណាស់​ ការ​ព្យាបាល​អាការៈ​ចុក​ពោះ​ មាន​ភាព​ខុស​ៗ​គ្នា​អាស្រ័យ​លើ​មូលហេតុ​បង្ក។ ក្នុង​ករណី​ខ្លះ គ្នា​យើង​អាច​ត្រូវ​ប្រើប្រាស់​ថ្នាំ ការ​ព្យាបាល​ដោយ​អ័រម៉ូន​ ឬ​វះកាត់​ជា​ដើម។ ​យ៉ាង​ណា​មិញ យើង​អាច​កាត់បន្ថយ​ការ​ឈឺចាប់ ដោយ​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ធ្វើ​លំហាត់​ប្រាណ និង​ស្អំ​កំណាត់​ក្តៅ ឬ​ទឹកកក។ ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​យើង​ចុក​ពោះ​ធ្ងន់ធ្ងរ និង​មាន​ធ្លាក់​ឈាម​ផង​នោះ យើង​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 01, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម