ស្រីៗគ្នាយើងប្រហែលជាបានដឹង និងឮពីការហាមប្រាមមិនឲ្យញ៉ាំទំពាំង និងត្រប់ ព្រោះតែមានការលើកឡើងថា ការញ៉ាំបន្លែ ២ មុខនេះ មិនល្អចំពោះសុខភាពស្ត្រីនោះទេ ពិសេសគឺញ៉ាំទៅធ្វើឲ្យធ្លាក់សតែម្តង។ តើការលើកឡើងខាងលើនេះ ពិតជាត្រឹមត្រូវតាមក្បូនវេជ្ជសាស្ត្រ ឬយ៉ាងណា?
ចម្ងល់នេះលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បកស្រាយថា ញ៉ាំទំពាំង ឬត្រប់ ធ្វើស្ត្រីធ្លាក់ស មិនមែនជាការពិតនោះទេ តែមកពីស្ត្រីទាំងនោះអាលែកហ្ស៊ីនឹងចំណីអាហារទាំងអស់នោះទេ។
“ទៅតាមស្ត្រីម្នាក់ៗ ជួនកាលគាត់អាលែកហ្ស៊ី អ៊ីចឹងគាត់ញ៉ាំទៅរមាស់ស្បែក ទ្វារមាសក៏រមាស់ ធ្វើឲ្យធ្លាក់ស ដូចគ្នា ពីគ្រោះគាត់អាលែកហ្ស៊ីនឹងចំណីអាហារទាំងអស់ហ្នឹង មិនមែនញ៉ាំចំណីអាហារអស់ហ្នឹងធ្វើឲ្យធ្លាក់សទេ”។
លោកវេជ្ជបណ្ឌិតថា មកទល់ពេលនេះមិនមានការសិក្សាបែបវិទ្យាសាស្ត្រណាបញ្ជាក់ថា ការញ៉ាំត្រប់ ឬទំពាំង ធ្វើឲ្យស្ត្រីរលាកមាត់ស្បូន ធ្លាក់សនៅឡើយ។
តាមការលើកឡើងរបស់លោកស្រី ពឹង ជុតិមា នាយិកាសេវាកម្ម គ្លីនិករ៉ាក់ ធ្លាក់ស មាន ២ សណ្ឋានផ្សេងគ្នា គឺការធ្លាក់សធម្មតាបែបធម្មជាតិ និងការធ្លាក់សមានជំងឺ។ ធ្លាក់សមានជំងឺ ខុសគ្នាពីការធ្លាក់សធម្មតា ដែលការធ្លាក់សនេះបណ្តាលមកពីកង្វះអនាម័យ បង្កដោយពពួកបាត់តេរី ផ្សិត ការឆ្លងជំងឺកាមរោគផ្សេងៗតាមរយៈការរួមភេទ ការប្រើថ្នាំផ្សះរយៈពេលយូរ ឬប្រើទឹកថ្នាំលាងសម្អាតទ្វារមាសដែលមានកម្រិត pH ខ្ពស់ញឹកញាប់់។
[embed-health-tool-ovulation]