backup og meta

ស្រី​ៗជួបបញ្ហាអតុល្យភាព​អ័រម៉ូន​ អាច​មាន​សញ្ញា​​ទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 03, 2022

    ស្រី​ៗជួបបញ្ហាអតុល្យភាព​អ័រម៉ូន​ អាច​មាន​សញ្ញា​​ទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    អ័រម៉ូន​ជះ​ឥទ្ធិពល​ដ៏​សម្បើម​ចំពោះ​សុខភាព​របស់​ស្រីៗ​យើង​ ហើយ​នៅ​ពេល​ដែល​យើង​ប្រឈម​នឹង​អតុល្យភាព​អ័រម៉ូន វា​​​អាច​រារាំង​ដល់​មុខងារ​រាងកាយ​ទាំង​មូល​។ ជា​ទូទៅ បញ្ហា​អតុល្យភាព​អ័រម៉ូន​នេះ​ ​អាច​បណ្ដាល​មក​ពី​ការ​​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់​ បែបបទ​រស់​នៅ​មិន​ល្អ និង​​បញ្ហា​ស្រ្តេស​ជាដើម​។

    លើស​ពី​នេះ បញ្ហា​សុខភាព​មួយ​ចំនួន​ដូចជា​​ជំងឺ​​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ (PCOS) ជំងឺ​ទឹក​នោម​ផ្អែម​ វិបត្តិ​នៃ​ការ​ញ៉ាំ​អាហារ ឬ​កត្តា​អាយុ​ជា​ដើម​ សុទ្ធ​តែ​អាច​បង្ក​ឲ្យ​មាន​អតុល្យភាព​អ័រម៉ូន។​ ដើម្បី​ស្វែងយល់​ពី​បញ្ហា​សុខភាព​​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ គ្នា​យើង​គប្បី​យល់​ដឹង​ពី​សញ្ញា​​ទូទៅ​មួយ​ចំនួន​​នៃ​បញ្ហា​អតុល្យភាព​អ័រម៉ូន​។

    ស្រីៗ​យើង​ធ្លាប់​ជួប​ប្រទះ​ការ​ប្រែប្រួល​អារម្មណ៍​ភ្លាម​ៗ​ដែរ​ឬ​ទេ​? ​កត្តា​នេះ​ក៏​អាច​បណ្ដាល​មក​ពី​អ័រម៉ូន​ដំណើរការ​​មិន​ល្អ​ផង​ដែរ។ អ័រម៉ូនអឺស្រ្តូហ្សែន ជះ​ឥទ្ធិពល​ផ្ទាល់​ទៅ​លើ​ប្រព័ន្ធ​បញ្ជូន​សរសៃ​ប្រសាទ​ នៅ​ក្នុង​ខួរ​ក្បាល​។ កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន ដែល​មាន​បញ្ហា​ ក៏​អាច​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​មុន​ពេល​មាន​រដូវ (PMS) ​និង​ធ្វើ​ឲ្យ​យើង​​បាក់​ទឹក​ចិត្ត​ នៅ​អំឡុង​ពេល​ឈាន​ដល់​វ័យ​ជិត​អស់​រដូវ ឬ​អស់​រដូវ​​។

    ២. គេង​មិន​លក់

    ជំងឺ​គេង​មិន​លក់​​​ជា​រោគ​សញ្ញា​ទូទៅ​ ដែល​កើត​ឡើង​ចំពោះ​ស្ត្រី​នៅ​អំឡុង​ពេល​ឈាន​ដល់​វ័យ​ជិត​អស់​រដូវ និង​អស់​រដូវ​។ កត្តា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​កម្រិត​អ័រម៉ូន​ អឺស្រ្តូហ្សែន​ធ្លាក់​ចុះ​ ដែល​បង្ក​ជា​ផល​រំខាន​ដល់​ការ​គេង​ ព្រម​ទាំង​ធ្វើ​​ឲ្យ​យើង​អស់​កម្លាំង និង​គ្មាន​ថាមពល​។

    ៣. ឡើង​ទម្ងន់​​

    ការ​ឡើង​ទម្ងន់​ភ្លាម​ៗ​ ដោយ​គ្មាន​មូលហេតុ​ក៏​អាច​បង្ក​ឡើង​ដោយ​អតុល្យភាព​អ័រម៉ូន​។ បញ្ហា​សុខភាព​ជា​ច្រើន​ ដូចជា​ក្រពេញ​ទីរ៉ូអ៊ីត​មិន​ដំណើរការ​ ជំងឺ​​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ ​ក៏​អាច​បណ្ដាល​ឲ្យ​អ័រម៉ូន​ប្រែប្រួល ដែល​កត្តា​នេះ​អាច​នាំ​ឲ្យ​យើង​ឡើង​ទម្ងន់​ដោយ​គ្មាន​មូលហេតុ​។

    ៤. បញ្ហា​ស្បែក​

    កម្រិត​អ័រម៉ូន​ អឺស្រ្តូហ្សែន និង​Progesterone ​ទាប នៅ​ក្នុង​ប្រព័ន្ធ​រាងកាយ​ អាច​បង្ក​ជា​បញ្ហា​ស្បែក​ផ្សេង​ៗ​ ដូចជា​ស្បែក​ស្ងួត រមាស់​ និង​របក​ស្បែក​។ ចំណែក​ឯ​ស្រី​ៗ​មួយ​ចំនួន​ដែល​ប្រឈម​នឹង​ជំងឺ​​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ ក៏​អាច​កើត​មុន​​ផង​ដែរ​។

    ៥. ឈឺ​ក្បាល​ញឹកញាប់

    ជាមួយ​គ្នា​នេះ​ដែរ អតុល្យភាព​អ័រម៉ូន​ក៏​អាច​នាំ​ឲ្យ​យើង​ឈឺ​ក្បាល​​ភ្លាម​ៗ អំឡុង​ពេល​មក​រដូវ​។ សម្រាប់​ស្រី​ៗ​​ដែល​ឈាន​ដល់​វ័យ​អស់​រដូវ​ ក៏​អាច​ជួប​ប្រទះ​បញ្ហា​ឈឺ​ក្បាល​ធ្ងន់ធ្ងរ​។ ក្នុង​ករណី​នេះ យើង​គប្បី​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​បញ្ចៀស​ផល​វិបាក​ផ្សេង​ៗ​។

    បញ្ហាអ័រម៉ូន

    ៦. ស្ងួត​ទ្វារ​មាស​

    ទន្ទឹម​នឹង​នេះ​ដែរ ការ​ធ្លាក់​ចុះ​នៃ​អ័រម៉ូន​អឺស្រ្តូហ្សែន​ក៏​អាច​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​មាន​បញ្ហា​មួយចំនួនបណ្ដាលឲ្យស្ងួត​ទ្វារ​មាស ជា​ពិសេស​នៅ​​ក្រោយ​ពេល​អស់​រដូវ និង​ជិត​អស់​រដូវ​។ មួយ​វិញ​ទៀត​ គ្នា​យើង​ក៏​អាច​ប្រឈម​នឹង​បញ្ហា​អតុល្យភាព​អ័រម៉ូន​ ប្រសិនបើ​យើង​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ ឬ​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត ។

    ៧. មិន​អាច​មាន​កូន​បាន​

    អតុល្យភាព​អ័រម៉ូន​ ជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​ស្រី​ៗ​មិន​អាច​មាន​កូន​បាន​។ កត្តា​នេះ​កើត​ឡើង​ដោយ​សារ​តែ​វា​រំខាន​ដល់​ការ​បញ្ចេញ​ពង​អូវែ ការពារ​ការ​ឡើង​ក្រាស់​នៃ​ស្រទាប់​ស្បូន​ និង​បញ្ចៀស​ការ​មាន​ផ្ទៃ​ពោះ​។

    ស្វែងយល់បន្ថែមពីបញ្ហាអ័រម៉ូនស្ត្រី៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 03, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម