ជំងឺមហារីកក្រពេញអូវែ ជាជំងឺដែលកាចសាហាវ ដែលអាចឆក់យកជីវិតស្រ្តីបាន និងមានគ្រោះថ្នាក់បំផុតមួយក្នុងចំណោមជំងឺមហារីកផ្សេងៗទៀតនៃប្រដាប់ភេទស្ត្រី។ លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី នឹងពន្យល់រៀបរាប់ពីកត្តាដែលនាំឲ្យកើតជំងឺនេះ ព្រមទាំងវិធីព្យាបាលផងដែរ។
វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រី បានឲ្យដឹងថា ជំងឺមហារីកក្រពេញអូវែអាចរកឃើញនៅលើស្ត្រីគ្រប់វ័យ ប៉ុន្តែភាគច្រើនកើតលើស្ត្រីមានអាយុចាប់ពី ៥០ ឆ្នាំ ឬក្នុងអំឡុងពេលអស់រដូវ។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះស្ត្រីមានអាយុតិចជាងនេះក៏អាចចាប់ផ្ដើមមានហានិភ័យកើតជំងឺមហារីកអូវែខ្ពស់ជាងមុនផងដែរ ព្រោះតែភាពមិនប្រក្រតីនៃហ្សែន ឬដោយសារបរិស្ថានជុំវិញដែលបានផ្លាស់ប្ដូរ រួមមានរបបអាហារ និងជាតិពុលក្នុងបរិយាកាស។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
លោកបន្ថែមទៀត ជំងឺមហារីកក្រពេញអូវែនៅមិនទាន់អាចបញ្ជាក់ ពីមូលហេតុបាននៅឡើយទេ។ ទោះជាយ៉ាងណា ស្ត្រីមករដូវលឿន/យឺត អ្នកគ្មានកូន ឬ ពិបាកក្នុងការមានកូន និងស្ត្រីដែលមានសាច់ញាតិជិតស្និទ្ធមានជំងឺមហារីកក្រពេញអូវែអាចមានហានិភ័យច្រើន ក្នុងការកើតជំងឺមហារីកក្រពេញអូវែ។ ប៉ុន្តែស្ត្រីដែលមានកូនហើយ បំបៅកូនដោយទឹកដោះម្ដាយ និងការប្រើថ្នាំពន្យារកំណើតយូរមកហើយរួមទាំងការក្រៀវ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញអូវែបាន។
រោគសញ្ញា និងដំណាក់កាលជំងឺមហារីកក្រពេញអូវែ ជាទូទៅជំងឺមហារីកក្រពេញអូវែមិនមានរោគសញ្ញានៅក្នុងដំណាក់កាលដំបូងនោះទេ។ រោគសញ្ញាជាធម្មតាកើតមាននៅពេលជំងឺមហារីកបានរីករាលដាលរួចទៅហើយ។ សម្រាប់រោគសញ្ញាជួបញឹកញាប់មានដូចជា៖
– មានអារម្មណ៍ថាមានដុំក្នុងពោះ ពោះចេះតែធំឡើងៗ ឬមានទឹកក្នុងពោះ។
– ឈឺពោះ និងការបាត់បង់ចំណង់អាហារ។ ចំពោះអ្នកជំងឺមានជំងឺមហារីកក្រពេញអូវែ នៃ អ័រម៉ូនភេទអាចមានភាពមិនប្រក្រតីការមករដូវ។ ជំងឺមហារីកក្រពេញអូវែត្រូវបានបែងចែកជា ៤ ដំណាក់កាល៖
ដំណាក់កាលទី១៖ កោសិកាមហារីកនៅក្នុងក្រពេញអូវែ ដែលអាចត្រូវបានព្យាបាលដោយ ការវះកាត់ ប៉ុន្តែជាញឹកញាប់គ្មានរោគសញ្ញា ធ្វើឲ្យអ្នកជំងឺមិនដឹងខ្លួន និងមិនបានទទួលការព្យាបាលទាន់ពេលវេលា។
ដំណាក់កាលទី២៖ កោសិកាមហារីកអូវែ មានការរីករាលដាលទៅសរីរាង្គអាងត្រគាកដូចជា ស្បូន ដៃស្បូន ឬអ្នកជំងឺអាចមានការឈឺចាប់ក្នុងពោះ ឬមានអារម្មណ៍ថាមានដុំក្នុងពោះ។
ដំណាក់កាលទី៣៖ កោសិកាមហារីក រាលដាលចូលទៅក្នុងសាច់ដុំពោះ ស្រោមពោះ។ ជាញឹកញាប់នាំឲ្យអ្នកជំងឺមានការតឹងពោះយ៉ាងឆាប់រហ័ស ដោយសារតែការកើតទាចទឹក រួមបញ្ចូលទាំងការហើមពោះ និងបរិភោគតិចជាងមុន។
ដំណាក់កាលទី៤៖ កោសិកាមហារីកអូវែក្នុងការរីករាលដាលទៅសរីរាង្គផ្សេងៗដូចជាថ្លើម និងសួត។
អ្នកជំងឺនឹងមានរោគសញ្ញាផ្សេងៗទៀត។ ការព្យាបាលអ្នកជំងឺដែលមានជំងឺមហារីក ក្រពេញអូវែដំបូង គ្រូពេទ្យនឹងវាយតម្លៃពីស្ថានភាពរបស់អ្នកជំងឺនោះ រួមទាំងជំងឺប្រចាំកាយដូចជា លើឈាម ទឹកនោមផ្អែម…។ ការព្យាបាលភាគច្រើនមានការវះកាត់យកដុំសាច់ចេញ និងវាយតម្លៃការរីករាលដាលជំងឺនៅក្នុងរយៈពេលនោះ ហើយការប្រើថ្នាំគីមី ដើម្បីទប់ស្កាត់ ឬពន្យារពេលការកើតមានឡើងវិញនៃជំងឺនេះ។ បន្ទាប់ពីការព្យាបាលនេះ គ្រូពេទ្យនឹងកំណត់ការតាមដានជាមួយអ្នកជំងឺយ៉ាងទៀងទាត់ ដើម្បីពិនិត្យមើលជារៀងរាល់ ៣-៦ ខែម្ដង ដើម្បីធានាឲ្យបានថា អ្នកជំងឺមិនកើតមានជំងឺនេះត្រឡប់មកវិញទៀត។
អត្ថបទគួរអាន៖
សម្រាប់អ្នកជំងឺដែលកើតជំងឺមហារីកក្រពេញអូវែ ឡើងវិញម្ដងទៀតគ្រូពេទ្យអាចធ្វើការវះកាត់ ឬ ប្រើថ្នាំគីមីបំបាត់ម្ដងទៀតរួមទាំងការប្រើវិធីសាស្ត្រផ្សេងៗទៀត ក្នុងករណីមួយចំនួនដូចជាការប្រើ អ័រម៉ូន ការប្រើកាំរស្មី។ ចំពោះអ្នកជំងឺមានជំងឺមហារីកនេះក្នុង ដំណាក់កាលចុងក្រោយក៏អាចផ្ដល់ការព្យាបាលបណ្ដោះអាសន្ន ដើម្បីកាត់បន្ថយការឈឺចាប់ដល់អ្នកជំងឺ។
ទោះបីជាជំងឺមហារីកក្រពេញអូវែ គួរឲ្យខ្លាច ហើយជាញឹកញាប់វាជាជំងឺដែលមិនមានរោគសញ្ញា និងពិបាកក្នុងការរកឃើញនៅក្នុងដំណាក់កាលដំបូងក៏ដោយចុះ ប៉ុន្តែប្រសិនបើ អ្នកមានការធ្វើតេស្តរកជំងឺមហារីកមាត់ស្បូន ជារៀងរាល់ឆ្នាំរួមទាំងការពិនិត្យអេកូពោះ និងអាងត្រគាក និងការធ្វើតេស្តឈាមនោះ គ្រូពេទ្យអាចនឹងរកឃើញជំងឺមហារីកអូវែក្នុងដំណាក់កាលដំបូងបាន ហើយនឹងអាចព្យាបាលឲ្យជាសះស្បើយ ដែលវាមានអត្រាជោគជ័យខ្ពស់ជាងក្នុងដំណាក់កាលវាបញ្ចេញរោគសញ្ញា។
ដូច្នេះការពិនិត្យសុខភាពពិតជាសំខាន់ណាស់ ដូចជាការពិនិត្យដំបូង ដើម្បីមើលឃើញ ស្ថានភាពសុខភាពរាងកាយ រកភាពខុសធម្មតាមុនពេលវារាលដាលរហូតដល់បង្ហាញរោគសញ្ញា និងការបញ្ជូនសញ្ញាព្រមាន ដើម្បីតាមដាន និងទទួលការព្យាបាលទាន់ពេលវេលា។ ការត្រួតពិនិត្យសុខភាពជាប្រចាំជារៀងរាល់ឆ្នាំ ជាវិធីងាយស្រួលបំផុត ដើម្បីថែរក្សាសុខភាពឲ្យបានល្អផង។
[embed-health-tool-ovulation]