អារម្មណ៍ស្រើបស្រាល គឺជាការរំញោចនៃភាពត្រេកត្រអាលអំពីរឿងលើគ្រែ ឬក៏បញ្ជាក់ថា មនុស្សស្រីយើងបានត្រៀមខ្លួនរួចរាល់នៅក្នុងប្រតិបត្តិការបន្តបន្ទាប់។ ម្យ៉ាងវិញទៀត វាក៏ជាបម្រែបម្រួលផ្នែកចិត្តសាស្ត្រនៃមនុស្សស្រីផងដែរ។
១.តើអារម្មណ៍ស្រើបស្រាល និងចំណង់មានភាពខុសគ្នាដែរឬទេ?
បើយើងនិយាយពីចំណង់ផ្លូវភេទ នោះគឺសំដៅដល់អារម្មណ៍ដែលទោរទន់ទៅរករឿងរួមភេទ។ រីឯអារម្មណ៍ស្រើបស្រាលវិញ គឺសំដៅលើការផ្លាស់ប្តូរផ្នែកចិត្តសាស្ត្រនៅក្នុងខ្លួន ដែលកើតឡើងនៅពេលដែលយើងមានភាពរំភើបញាប់ញ័រទាក់ទងនឹងរឿងផ្លូវភេទ។
យោងតាមគ្លីនីក Cleveland បានឲ្យដឹងថា ការធ្លាក់ចុះនៃចំណង់ផ្លូវភេទ គឺពាក់ព័ន្ធទៅនឹងការខ្វះចំណង់ ឬចំណាប់អារម្មណ៍រឿងផ្លូវភេទ។ ជាមួយគ្នានេះដែរ ការធ្លាក់ចុះនៃអារម្មណ៍ស្រើបស្រាល គឺពាក់ព័ន្ធនឹងការចង់រួមភេទ ប៉ុន្តែមិនអាចដាស់អារម្មណ៍បានល្អ។
នៅពេលដែលមានសញ្ញាបង្ហាញ នៃអារម្មណ៍ស្រើបស្រាល ក៏មិនមានន័យថា ស្រីៗចង់រួមភេទនោះដែរ។
២.តើរាងកាយរបស់ស្រីៗ ឆ្លើយតបទៅនឹងអារម្មណ៍ស្រើបស្រាលយ៉ាងម៉េចខ្លះ?
នៅពេលដែលស្រីៗចាប់ផ្ដើមមានអារម្មណ៍ស្រើបស្រាលកើតឡើង រាងកាយក៏ចាប់ផ្ដើមបញ្ចេញនូវសញ្ញាដូចខាងក្រោម៖
- ជីពចរ និងចង្វាក់បេះដូងលោតញាប់ ហើយសម្ពាធឈាមឡើងខ្ពស់
- សរសៃឈាមចាប់ផ្ដើមរីកប៉ោង
- ប្រដាប់ភេទអាចមានសភាពសើម ដើម្បីជួយឲ្យមានទឹករម្អិល និងរីកមាឌ
- សុដន់ចាប់ផ្ដើមពេញ និងចុងសុដន់ឡើងរឹង
៣.ទាក់ទងទៅនឹងផ្លូវចិត្តវិញ តើស្រីៗឆ្លើយតបទៅនឹងអារម្មណ៍ស្រើបស្រាលយ៉ាងម៉េចខ្លះ?
នៅពេលជួបស្ថានភាពអារម្មណ៍ស្រើបស្រាល មនុស្សស្រីភាគច្រើនពិបាកក្នុងការផ្ដោតអារម្មណ៍ចំពោះរឿងអ្វីផ្សេងទៀត បើទោះបីជាគ្មានការរួមភេទក៏ដោយ ព្រោះថាកត្តារំញោចផ្លូវភេទធ្វើឲ្យខួរក្បាលមានការផ្លាស់ប្ដូរការគិតជាក់លាក់ ដោយផ្ដោតតែទៅលើការរួមភេទប៉ុណ្ណោះ។
៤.តើមានភាពខុសប្លែកគ្នារវាងការស្រើបស្រាលរបស់មនុស្សស្រី និងមនុស្សប្រុសដែរអត់?
នៅពេលមានអារម្មណ៍ស្រើបស្រាលកើតឡើង ឈាមនឹងរត់ទៅកាន់ប្រដាប់ភេទ ដែលធ្វើឲ្យមានការរីកប៉ោងនៃសរសៃឈាម។ លំហូរឈាមបែបនេះ ក៏ធ្វើឲ្យថ្ពាល់ និងដើមទ្រូងឡើងពណ៌ក្រហមផងដែរ។ តាមពិតទៅ ប្រាជ្ញាខួរក្បាលនៃបុរស និងនារីមិនសូវខុសគ្នាប៉ុន្មានទេ នៅពេលដែលកំពុងប្រតិបត្តិការរឿងលើគ្រែ។
៥.តើអ្វីទៅជាការធ្លាក់ចុះនៃអារម្មណ៍ និងភាពស្រើបស្រាលខាងផ្លូវភេទរបស់ស្រីៗ?
ប្រសិនបើស្រីៗគ្នាយើង មិនមានអារម្មណ៍ស្រើបស្រាលខាងផ្លូវភេទ នៅពេលចង់រួមភេទទេនោះ វាអាចបណ្ដាលមកពីការធ្លាក់ចុះនៃភាពស្រើបស្រាល ឬអារម្មណ៍ផ្លូវភេទ ហើយខាងក្រោមនេះ គឺជាសញ្ញាបង្ហាញថាស្រីៗយើងកំពុងតែប្រឈមនឹងការធ្លាក់ចុះនៃភាពស្រើបស្រាល ឬអារម្មណ៍ផ្លូវភេទ៖
- មិនសូវចាប់អារម្មណ៍រឿងលើគ្រែ និងការសម្រេចកាមដោយប្រើដៃ
- មិនសូវចាប់អារម្មណ៍លើការស្រមើស្រមៃខាងផ្លូវភេទ
- ពិបាកមានភាពរីករាយចំពោះរឿងលើគ្រែ
៦.មូលហេតុនៃការធ្លាក់ចុះនៃភាពស្រើបស្រាល ឬអារម្មណ៍ផ្លូវភេទ
ជាការពិតណាស់ ការធ្លាក់ចុះនៃភាពស្រើបស្រាលនេះគឺបណ្ដាលមកពីកត្តាជាច្រើន ដូចជាបញ្ហាផ្លូវចិត្ត ការផ្លាស់ប្ដូរអ័រម៉ូន ពេលអស់រដូវ ពពោះ រលូតកូន ឬសម្រាលកូន ក៏ដូចជាបញ្ហាសុខភាពជាដើម។ ស្រីៗយើងដែលជួបប្រទះបញ្ហានេះ អាចពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញដើម្បីស្វែងរកដំណោះស្រាយឲ្យទាន់ពេលវេលា កុំឲ្យមានបញ្ហាប៉ះពាល់ដល់ចំណងស្នេហារបស់ខ្លួន។
[embed-health-tool-ovulation]