backup og meta

ភាពខ្មាសអៀនធ្វើឲ្យស្រីៗ ជួបបញ្ហាសុខភាពទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Mar 06, 2020

    ភាពខ្មាសអៀនធ្វើឲ្យស្រីៗ ជួបបញ្ហាសុខភាពទាំងនេះ

    បើ​និយាយ​ពី​បញ្ហា​រោគ​ស្ត្រី គឺ​ទាក់ទង​នឹង​ប្រដាប់​ភេទ និង​សុដន់ ដែល​ទាំង​អស់​នេះ​ហើយ​ធ្វើឲ្យ​យើង​មាន​ភាព​ខ្មាសអៀន​មិន​ហ៊ាន​ស្វែង​រក​ជំនួយ​ពេល​មាន​បញ្ហា ព្រោះ​ស្ត្រី​ខ្មែរ​ដែល​ហ៊ាន​និយាយ​រឿង​នេះ ត្រូវ​គេ​គិត​ថា​ជា​មនុស្ស​មិន​ល្អ។ ដូចនេះ​ហើយ​ពេល​មាន​អាការៈ​ឈឺចាប់​នៅ​ផ្នែក​អស់​ទាំង​នោះ ស្ត្រី​យើង​មិន​ស្វែង​រក​អ្នក​ពិគ្រោះ​ភ្លាម​ៗ រហូត​ដល់​ទុក​ជំងឺ​ឲ្យ​វិវត្តកាន់តែ​ធ្ងន់។

    ១- បញ្ហា​ធ្លាក់​ស

    មាន​ស្ត្រី​ជាច្រើន​ជួប​បញ្ហា​ធ្លាក់​ស ឬ​ធុំ​ក្លិន មិន​ហ៊ាន​ប្រាប់​ដៃគូ និង​ប្រញាប់​ទៅ​ជួប​ពេទ្យ​ឡើយ ព្រោះ​ខ្លាច​គេ​សើច​ចម្អក ឬ​ស្ដី​បន្ទោស។ អ្នក​នាង កែវ មេត្រា រស់នៅ​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា ពី​ដំបូង​ខ្លួន​គ្រាន់តែ​ធ្លាក់​ស​ធម្មតា តែ​ដោយ​ខ្លាច និង​ខ្មាសអៀន​ពេទ្យ​ជា​បុរស​នៅ​ជិត​ផ្ទះ​ផង ទើប​មិន​ហ៊ាន​ទៅ​ជួប។ ពី​ដំបូង​គ្រាន់តែ​ធ្លាក់​ស​ធម្មតា ប្រហែល ៣ ខែ​ក្រោយ​ចាប់ផ្ដើម​ធុំក្លិន រហូត​ដល់​រលាក​ស្បូន ឈឺ​ចុក​ចាប់​ពោះ​ខ្លាំង ទើប​ពិភាក្សា​ជាមួយ​បងប្អូន ហើយ​គេ​ជំរុញ​ឲ្យ​មក​ព្យាបាល​នៅ​ភ្នំពេញ។ ពេល​នោះ​សឹង​តែ​ហួស​ពេល ព្រោះ​ស្បូន​រលាក​ខ្លាំង ដល់​ដំណាក់កាល​វះកាត់​ទៅ​ហើយ។ ក្រោយ​ជួប​បញ្ហា​បែប​នេះ ស្ត្រី​វ័យ ៣៦ ឆ្នាំ​មិន​អាច​មាន​កូន​ទៀត​បាន ហើយ​ក៏​ផ្ដាំផ្ញើ​ដល់​ស្ត្រី​ទាំងអស់ កុំឲ្យ​មាន​ភាព​ខ្មាសអៀន​រឿង​សំខាន់​នេះ​ទៀត ព្រោះ​ពេល​មាន​បញ្ហា​ធ្វើឲ្យ​ស្ថានភាព​ធ្ងន់ធ្ងរ​ដូច​ខ្លួន រហូត​ជួយ​លែង​បាន។

    ២- ដុំ​សាច់​ដោះ

    កញ្ញា កែន ស្រីគង់ ដែល​មាន​វ័យ ២៣ ឆ្នាំ​បញ្ហា​ដុះ​ដុំ​សាច់​នៅ​ដោះ ហើយ​បណ្ដាល​ឲ្យ​សុដន់​កាន់តែ​ហើម​ធំ និង​ឈឺ​ចុកចាប់។ ប៉ុន្តែ​ស្ត្រី​រស់នៅ​ខេត្ត​ត្បូង​ឃ្មុំ ដែល​មាន​ភាព​ដាច់ស្រយាល​ផង​នោះ ត្រូវ​អ្នក​ស្រុក​និយាយ​ចំអក​ឡកឡឺយ ថា​ជា​ក្មេង​ស្រី​មិន​ល្អ ខូចខិល​ជាមួយ​ប្រុស​ឈ្មោល ទើប​សុដន់​មាន​រីក​ធំ​បែប​នេះ។ ព្រោះតែ​ខ្មាស​ញាតិ​ជិតខាង​ផង និង​គ្មាន​ថវិកា​គ្រប់គ្រាន់ ទើប​ចេះតែ​ពន្យារ​ពេល​មក​រក​គ្រូពេទ្យ​ជំនាញ ហើយ​ជា​សំណាង​ល្អ មាន​ក្រុម​គ្រូ​ពេទ្យ​ចុះ​សួរ​សុខទុក្ខ ហើយ​ម្ដាយ​ក៏​នាំ​ទៅ​ជួប​ពិគ្រោះនឹង​ក្រុម​គ្រូពេទ្យ​ក៏​ជួយ​ទាក់ទង​រក​គ្លីនិក​ឯកជន ដើម្បី​បញ្ជូន​មក​ព្យាយាម​នៅ​ភ្នំពេញ។ តែ​ជា​សំណាង​ល្អ​ដុំ​សាច់​ដោះ​នោះ​មិន​មែន​សាច់​កាច​ដែល​វិវត្តជា​មហារីក គ្រាន់​ជា​ដុំ​គីស​ធម្មតា ដោយ​វះកាត់​យក​ចេញ​ឲ្យ​អស់ និង​តាមដាន ១ ឆ្នាំ ខ្លាច​កកើត​ឡើង​វិញ។ ស្ត្រី​រូប​នោះ បាន​ផ្ដល់​ជា​ដំបូន្មាន​ថា ប្រសិនបើ​ពេល​ក្រោយ​នរណា​មាន​បញ្ហា​រោគ​ស្ត្រី នាង​នឹង​ផ្ដល់​ការ​ណែនាំ​ឲ្យ​ទៅ​ជួប​អ្នក​ជំនាញ​ភ្លាម​ៗ ហើយ​លើក​ទឹកចិត្ត​កុំឲ្យ​ស្ត្រី​វ័យ​ក្មេង​ដទៃ​មាន​ភាព​ខ្មាសអៀន​រហូត​ទុក​ឲ្យ​ជំងឺ​កាន់តែ​ធ្ងន់​ដូច​ខ្លួន។

    ៣- រំលូត​កូន

    ស្ត្រី​បម្រើ​នៅ KTV រូប​នោះ បាន​ឲ្យ​ដឹង​ថា នាង​ឡើង​មក​ពី​ខេត្ត​ស្ទឹងត្រែង មិន​សូវ​បាន​រៀន​សូត្រ ហើយ​ពេល​ដំបូង​ដែល​ឡើង​មក​ភ្នំពេញ​រក​ការងារ​ធ្វើ ក៏​ស្គាល់​បុរស​ម្នាក់ និង​រស់នៅ​ជាមួយ​គ្នា​ដូច​ប្ដី​ប្រពន្ធ។ ក្រោយ​មក​មាន​កូន ​ស្ត្រី​រូប​នោះ​បាន​ទៅ​គ្លីនិក ដើម្បី​រំលូត​កូន នៅ​ពេល​រំលូត​កូន​ពេល​គ្មាន​ជំនាញ​ច្បាស់លាស់​ក៏​ជួប​បញ្ហា​ធ្លាក់​ឈាម​ខ្លាំង​រហូត​បញ្ជូន​មក​កាន់តែ​ពេទ្យ​ធំ។ នារី​វ័យ ២០ ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា ពេល​នោះ​ខ្លួន​ប៊ិះ​នឹង​បាត់បង់​ជីវិត​ទៅ​ហើយ ព្រោះ​ឈាម​ធ្លាក់​ច្រើន ហើយ​គ្លីនិក​នោះ​គ្មាន​ឈាម​បញ្ចូល។ ស្ត្រី​សម្បុរ​ស្រអែម​រូប​នោះ​បាន​បន្ត​ទៀត​ថា ព្រោះ​តែ​ប្រពៃណី​ខ្មែរមិន​តម្រូវ​ឲ្យ​រស់នៅ​ជាមួយ​គ្នា​ដោយ​មិន​បាន​ការ ឬ​សែនព្រេន ហើយ​បូក​រួម​មិន​បាន​ការពារ ទើប​ធ្វើឲ្យ​ខ្លួន​មាន​បញ្ហា​ទាំង​នោះ។

    ទាក់ទិន​នឹង​បញ្ហា​នេះ​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ទីប្រឹក្សា​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ព្រោះតែ​ភាព​ខ្មាសអៀន​បាន​ធ្វើឲ្យ​ស្ត្រី​ខ្មែរ​មួយ​ចំនួន​ធំ​ជួប​បញ្ហា​រ៉ាំរ៉ៃ ខណៈ​ដែល​ស្ថានភាព​ជំងឺ​ពី​ដំបូង​មិន​ធ្ងន់ធ្ងរ។ វេជ្ជបណ្ឌិត​ដែល​មាន​បទពិសោធន៍​យូរឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា​បញ្ហា​ជួប​ច្រើន​នោះ​មាន​ដូចជា​ធ្លាក់​ស ធុំ​ក្លិន​អាក្រក់ រលាកទ្វារមាស គីស​ស្បូន មហារីក​ស្បូន ដុំ​សុដន់ និង​ស្ថានភាព​គ្រោះថ្នាក់​ខ្លាំង​ដែល​អ្នក​ទៅ​រំលូត​កូន​នៅ​គ្លីនិក​ឯកជន​បាន​បញ្ជូន​មក។

    លោក​ជំទាវ​ក៏​បាន​ណែនាំ​ឲ្យ​ស្ត្រី​ទាំងអស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​អនាម័យ​ប្រដាប់​ភេទ និង​ណាត់​ជួប​ពិគ្រោះជាមួយ​គ្រូពេទ្យ​ជំនាញ ២-៣ ឆ្នាំ​ម្ដង បើ​ទោះ​ជា​គ្មាន​ឈឺ​អ្វី​សោះ​ក៏​ដោយ ដើម្បី​តាមដាន​ឲ្យ​ទាន់​សភាព​ជំងឺ ព្រោះ​បើ​ឈឺ​នៅ​កម្រិត​ស្រាល​ការ​ព្យាបាល​ឆាប់​រហ័ស ចំណាយ​តិច និង​អត្រា​ជា​ខ្ពស់។ ម្យ៉ាង​វិញ​ទៀត​ពេល​មាន​បញ្ហា​រោគ​ស្ត្រី យើង​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ច្បាស់លាស់ ហើយ​កុំ​ភ្លេច​ទៅ​យក​លទ្ធផល ហើយ​ស្ដាប់​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត​ពី​របៀប​ព្យាបាល។

    អត្ថបទពាក់ព័ន្ធ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Mar 06, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម