ជំនឿចាស់បុរាណពាក់ព័ន្ធនឹងស្ត្រីពពោះមានច្រើន ក្រៅពីផ្តល់សារអប់រំ ជំនឿមួយចំនួនជាជំនឿខុសឆ្គង ប្រាសចាកពីក្បូនវេជ្ជសាស្ត្រ ជះឥទ្ធិពលអាក្រក់ដល់សុខភាពស្ត្រី និងកូន។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានពន្យល់លម្អិតពីជំនឿនាំឲ្យគ្រោះថ្នាក់ទាំងនោះ។
១. ផឹកថ្នាំបុរាណពេលពពោះ
ការផឹកថ្នាំបុរាណពេលពពោះ ដែលចាស់ៗជឿថាថ្នាំបុរាណជាថ្នាំរក្សាគភ៌ និងជាថ្នាំជំនួយសុខភាពនោះមិនពិតនោះឡើយ។ លោកវេជ្ជបណ្ឌិតថា ការផឹកថ្នាំខ្មែរ ឬថ្នាំចិនសែ ពេលពពោះ មិនបានជួយអ្វីនោះទេ ថែមទាំងបង្កផលប៉ះពាល់ធ្ងន់ធ្ងរទាំងសុខភាពម្តាយ និងកូនក្នុងផ្ទៃ ដូចជាធ្វើឲ្យសុកក្រិន ស្អិតជាប់ស្បូន សុកអត់ធ្លាក់ ទឹកភ្លោះមិនថ្លាល្អ មាត់ស្បូនមិនបើក កូនពិបាកកើត ធ្លាក់ឈាមខ្លាំង ឈាមរាវ កូនខ្សោយ ឬស្លាប់ក្នុងពោះ។
[embed-health-tool-due-date]
២. ផឹកស្រា-ស្រាថ្នាំក្រោយពេលសម្រាល
ចាស់ៗជឿថាញ៉ាំស្រា ឬស្រាថ្នាំ ដែលផ្សំពីរុក្ខជាតិ ឫសរុក្ខជាតិ សត្វព្រៃផ្សេងៗ ក្រោយសម្រាលកូន ជួយឲ្យស្ត្រីឆាប់រឹងសរសៃខ្ចី និងបំបាត់អាការៈទាស់សរសៃ ដូចជាស្ពឹកដៃជើង ចុករួយចង្កេះខ្នង ស្រវាំងភ្នែក ព្រឺរងា។ ចំពោះពេទ្យវិញ ការដែលស្ត្រីសម្រាលកូនរួចជួបអាការៈទាំងប៉ុន្មានខាងលើនេះ មកពីការញ៉ាំចំណីអាហារមិនគ្រប់គ្រាន់ មិនសម្បូរជីវជាតិ ញ៉ាំតែក្រៀមក្រោះ កូនធ្វើទុក្ខអត់ងងុយ ឬខ្វះអនាម័យក្រោយសម្រាល ធ្វើឲ្យឆ្លងរោគជាដើម។ ចំណែកការញ៉ាំស្រាវិញមិនអាចបំបាត់អាការៈទាំងប៉ុន្មានខាងលើនោះទេ តែវាធ្វើឲ្យប៉ះពាល់ទាំងសុខភាពភាពម្តាយ និងកូនធ្ងន់ធ្ងរ ប្រសិនបើម៉ាក់ៗបំបៅកូនដោយទឹកដោះ។
៣- ញ៉ាំអាហារហឹរៗធ្វើឲ្យឆាប់រឹងសរសៃខ្ចី
ការដែលចាស់ៗឲ្យស្រីៗទើបសម្រាលកូនរួចញ៉ាំអាហារហឹរៗ ព្រោះសម្អាងថា អាហារទាំងនោះញ៉ាំទៅធ្វើឲ្យឆាប់រឹងសរសៃសរសូងឡើងវិញបន្ទាប់ពីសម្រាលកូន។ តែបើតាមក្បូនពេទ្យវិញ អាហារទាំងនោះ មិនត្រឹមតែមិនផ្តល់វីតាមីនគ្រប់គ្រាន់នោះទេ ថែមទាំងបង្កផលប៉ះពាល់ធ្ងន់ធ្ងរចំពោះសុខភាពស្ត្រីក្រោយសម្រាលកូនរួចទៀត ដូចជា ខ្វះជីវជាតិចិញ្ចឹម ប៉ះពាល់ដល់ក្រពះពោះវៀន ម្តាយមិនមានទឹកដោះគ្រប់គ្រាន់ឲ្យកូនបៅ។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
៤. សម្រាលកូនរួចឆ្អើរភ្លើង-សង្កត់ថ្មក្តៅ
ជំនឿ និងធ្វើតាមៗតៗគ្នាដោយឲ្យស្ត្រីសម្រាលកូនរួចឆ្អើរភ្លើង ស្អំថ្មក្តៅដុតដាក់អំបិលលើពោះ ដើម្បីជួយឲ្យស្ត្រីឆាប់ឆ្អិនសរសៃ ក្បាលពោះរាបស្មើនោះគ្រោះថ្នាក់បំផុត ។ ការស្អំថ្មក្តៅលើពោះធ្វើឲ្យរលាកស្បែកពោះ រំខានដល់ការកន្ត្រាក់នៃស្បូន នាំឲ្យដក់ឈាមក្នុងស្បូន ឈានទៅមានបញ្ហាឆ្លងមេរោគពីខាងក្រោមទ្វារមាសទៅក្នុងស្រទាប់ស្បូន ដែលយូរៗទៅនឹងវិវត្តជារលាកស្រទាប់ស្បូន ឬរលាកស្រោមពោះក៏មាន។ ចំណែកឯឆ្អើរភ្លើងវិញ នាំឲ្យស្ត្រី ពុលផ្សែងភ្លើង រលាក សម្ពាធឈាមចុះ ឈឺក្បាល វិលមុខ ខ្សោះជាតិទឹក គ្មានកម្លាំងកំហែងជាដើម។
អត្ថបទពាក់ព័ន្ធ៖
- គ្រូពេទ្យថា សម្រាលកូនរួចឆ្អើរភ្លើង គ្រោះថ្នាក់ទាំងម្ដាយទាំងកូន
- ឈប់ប្រើវិធីបុរាណនេះទៀត ព្រោះធ្វើឲ្យម៉ាក់ៗសម្រាលកូនរួច ស្អិតស្បូន
- ពេទ្យថាស្រីៗសម្រាលកូនរួចកុំអាំងភ្លើង តែមានថ្នាំអាចជួយឲ្យឆាប់រឹងមាំវិញបាន
- ជំនឿបុរាណទាក់ទងការញ៉ាំអាហារក្រោយសម្រាលទាំងនេះ ពេទ្យថាគ្រោះថ្នាក់ខ្លាំងណាស់
- ជួបបញ្ហាធ្ងន់ធ្ងរទាំងនេះ ដោយសារតែស្ត្រីពពោះផឹកថ្នាំបុរាណ