backup og meta

បើ​មិន​ចង់​ឲ្យ​សក់​ខូច ត្រូវ​ដឹង​រឿង​នេះ​ពេល​​កក់សក់ម្ដងៗ

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Jul 09, 2020

    បើ​មិន​ចង់​ឲ្យ​សក់​ខូច ត្រូវ​ដឹង​រឿង​នេះ​ពេល​​កក់សក់ម្ដងៗ

    សម្រាប់​គ្នា​យើង​​​ស្រី​ៗ ពិត​ណាស់​ការ​កក់​សក់ គឺ​ជា​រឿង​ចាំ​បាច់ ហើយ​ប្រុស​ៗវិញ​សក់​ក៏​ជា​រឿង​សំខាន់​ដែរ​ ព្រោះ​ថា​ជា​​ផ្នែក​មួយ​នៃ​សម្រស់ និង​សុខភាព​ដែល​ត្រូវ​ថែ​រក្សា​​ជា​ប្រចាំ​។ យ៉ាង​ណា​មិញ ក៏​​មាន​ចំណុច​មួយ​ចំនួន​ ដែល​យើង​គួរ​ស្វែង​យល់​ថា​​អ្វី​អាចជា​បញ្ហា​​​បង្ក​ឱ្យ​​សក់​យើង​ឆាប់​ខូច និង​អាច​បង្ការ​បាន។​

    ១. កក់​សក់​ប្រញាប់​ពេក​

    ជា​ធម្មតា​នៅ​ពេល​កក់​សក់ យើង​គួរ​មាន​ពេល​វេលា​សម្រាប់​កក់​សក់ឲ្យបានត្រឹមត្រូវ​។ នៅ​ពេល​កក់​សក់​ដោយ​ប្រើ​សាប៊ូ​ គួរ​ឈ្លី​ឱ្យ​សព្វ​ស្បែក​ក្បាល​រួច​ទុក​​រយៈ​ពេល​ ៥ ទៅ​ ១០ ​នាទី​ ដើម្បី​ឱ្យ​ជាតិ​សាប៊ូ​ជ្រាប​បាន​ល្អ ​ជួយ​ធ្វើ​ឱ្យ​សក់​ទន់ និង​មាន​ប្រសិទ្ធភាព​។ ការ​កក់​ដោយ​ប្រញាប់​ពេក​នឹង​ក្លាយ​ជា​ការ​ខាត​ពេល​យើង ហើយ​គ្មាន​ប្រសិទ្ធភាព​ទៀត​​ផង​។

    អត្ថបទ​ពាក់ព័ន្ធ៖

    ២. កក់​សក់​ដោយ​ដុស​ ឬញី​ខ្លាំង​ៗ​ពេក

    ឫស​សក់​គឺ​មាន​លក្ខណៈ​ទន់ ដូច​នេះ​នៅ​ពេល​ដែល​យើង​កក់​សក់​ដោយ​ប្រើ​កម្លាំង​ដៃ​ដុស​ខ្លាំង​ៗ​នឹង​ធ្វើ​ឱ្យ​សក់​ប្រែ​​ជា​ឆាប់​ខូច​។ ការ​កក់​សក់​ត្រឹម​បី​ដង​ ក្នុង​មួយ​សប្តាហ៍​គឺ​ជា​ការ​ប្រសើរ​។ ជំនួស​ពី​ការ​កក់​សក់​ ដែល​ដុស​ឬញី​​ខ្លាំងៗ​​ យើង​អាច​ឈ្លី​ដុស​សក់​ថ្នម​ៗ ដែល​ធ្វើ​ឱ្យ​សក់​​យើង​មិន​ឆាប់​ខូច​។

    ៣. ចូល​ចិត្ត​ប្រើ​ទឹក​ក្តៅ​ច្រើន

    គ្នា​យើង​ខ្លះ​​​ចូល​ចិត្ត​លាយ​ទឹក​ក្តៅ​ងូត និង​កក់​សក់ តែ​ការ​កក់​សក់​ជា​មួយ​ទឹក​ក្តៅ​លាយបែប​នេះ​​​ញឹក​ញាប់​អាច​ធ្វើ​ឱ្យ​សក់​ស្ងួត​ និង​ងាយ​ខូច​។ ផ្ទុយ​ទៅ​វិញ​ ការ​ប្រើ​ទឹក​ត្រជាក់​កក់​សក់​ជា​ការ​ល្អ ដោយ​ហេតុ​ថា​វា​ជួយ​រក្សា​សំណើម​ស្បែក​ក្បាល និង​ធ្វើ​ឱ្យ​សុខភាព​សក់​​ល្អ​ប្រសើរ​។

    ៤. ប្រើ​ប្រាស់​ផលិត​ផល​សម្រាប់​សក់​ច្រើន​មុខ

    ការ​ប្រើ​ប្រាស់​ផលិត​ផល​​សម្រាប់​ថែរក្សា​សក់​ក្បាល​ច្រើន​ពេក​ក្នុង​ពេល​តែ​មួយ​ ក៏​ធ្វើ​ឱ្យ​សក់​ឆាប់​ខូច​ដែរ​​។ គប្បី​ប្រើ​ប្រាស់​ផលិត​ផល​បំប៉ន​សក់​តែ​មួយ​ដែល​ត្រូវ​នឹង​សក់​ក្បាល​ គឺ​ជា​​ជម្រើស​ប្រសើរ​​។

    ៥. ប្រើ​កន្សែង​ជូត​សក់

    ការ​ប្រើ​កន្សែង​មក​ជូត​សម្ងួត​សក់​ គឺ​ធ្វើ​ឱ្យ​សក់​ឆាប់​ខូច ពិសេស​ការ​ត្រដុស​ជូត​ខ្លាំង​ៗ។ ជំនួស​ការ​ជូត​ខ្លាំង​ យើង​គួរ​​យក​កន្សែង​​មក​ផ្តិត​សក់​​បន្តិច​ៗ​ស្រាល​ៗ គឺ​ជា​ជម្រើស​ប្រសើរ​៕ ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ មាន រតនា · កែ Jul 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម