គ្នាយើងខ្លះប្រហែលជាមានក្ដីបារម្ភក្នុងចិត្តខ្លះៗហើយពេលសិតសក់ម្ដងៗឃើញសក់ជាប់នឹងក្រាសរាប់សិបសរសៃនោះ។ យ៉ាងណាការជ្រុះសក់វាជារឿងធម្មតាក្នុងជីវិតរបស់យើងគ្រប់គ្នាទៅហើយ។
ជាទូទៅការជ្រុះសក់នេះអាចមានចំនួនចន្លោះពី៨០ ទៅ១០០សរសៃក្នុងមួយថ្ងៃ ដែលគេចាត់ទុកថាមិនមានបញ្ហានោះទេ ហើយការណ៍នេះកើតមានពី២ទៅ៦ឆ្នាំម្ដង ហើយសក់ជ្រុះនឹងជំនួសដោយសក់ថ្មីមកវិញ។ ចុះបើយើងជ្រុះសក់ច្រើនជាង១០០សរសៃក្នុងមួយថ្ងៃមានបញ្ហាអ្វីអត់?
លោកវេជ្ជបណ្ឌិត Deepak Vohra ឯកទេសខាងជំងឺសើរស្បែកបាននិយាយថាបើគ្នាយើងជ្រុះសក់ចន្លោះពី៨០ទៅ១០០សរសៃក្នុងមួយថ្ងៃគឺជារឿងធម្មតា ប៉ុន្តែបើជ្រុះច្រើនជាងនេះគឺខុសប្រក្រតីហើយ និងត្រូវតែពិនិត្យតាមដានលើរឿងនេះ។ លោកថាបញ្ហាសក់ជ្រុះបង្កឡើងដោយមូលហេតុច្រើនយ៉ាង មានមកពីកត្តាបរិស្ថាន អតុល្យភាពអ័រម៉ូន ការរស់នៅប្រចាំថ្ងៃ ឬមកពីហ្សែនរបស់យើងក៏មាន។
អត្ថបទពាក់ព័ន្ធ៖
- ថែសក់ម៉េចឲ្យស្អាត មិនជ្រុះ មិនឡើងអង្គែ មិនឡើងប្រេង មិនស្ងួត មិនបែកចុង?
- អាថ៌កំបាំងផ្លែប៊ើរប្រើជាម៉ាស់អប់សក់ មានប្រសិទ្ធភាពបំផុត
- ឧស្សាហ៍លាបសក់ តិចនិកទាំងនេះអាចជួយកុំឲ្យសក់ខូច និងបែកចុង
- ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង
ខាងក្រោមនេះជាវិធីមួយចំនួនគ្នាយើងអាចសាកល្បងបានដើម្បីទប់ស្កាត់បញ្ហាជ្រុះសក់នេះ៖
១. រក្សាអនាម័យស្បែកក្បាល
គ្នាយើងគួរកក់សក់ឲ្យបានយ៉ាងតិចម្ដង ឬពីរដងក្នុងមួយសប្ដាហ៍។ សាប៊ូកក់សក់ជួយការពារការបង្កើតស្បែកក្បាលបន្ថែមដែលអាចធ្វើឲ្យស្ទះឫសសក់ នាំឲ្យកើតមានបញ្ហាជ្រុះសក់។ គ្នាយើងត្រូវដឹងដែរថាការកក់សក់ញឹកញាប់ពេកក៏មិនល្អដែរ ដោយអាចធ្វើឲ្យបាត់បង់ជាតិប្រេងនៅស្បែកក្បាល ដែលជាធាតុសំខាន់សម្រាប់សុខភាពសក់។
២. ចៀសវាងជូតសក់ខ្លាំងៗ
គ្នាយើងតែងសម្ងួតសក់ ក្រោយងូតទឹករួច ហើយអ្នកខ្លះប្រើកន្សែងសម្រាប់ជូនសក់។ ដូចនេះហើយ គ្នាយើងកុំប្រើកន្សែងជូតសក់ខ្លាំងៗពេក ព្រោះថាពេលសក់សើមវាងាយនឹងធ្វើឲ្យសក់ដាច់។ យើងត្រូវជូតសក់ថ្នមៗដើម្បីរក្សាសក់ឲ្យមានសុខភាពល្អ ហើយពេលសិតសក់ក៏ដូចគ្នា កុំប្រឹងសិតសក់ខ្លាំងៗពេក។
៣. គិតគូរលើរបបអាហារ
ការដែលយើងញាំអាហារបានត្រឹមត្រូវ គឺមានប្រយោជន៍ណាស់សម្រាប់សុខភាពរាងកាយយើងទាំងមូល ពិសេសគឺសុខភាពសក់ហ្នឹងតែម្ដង។ បើយើងមានបញ្ហាជ្រុះសក់គួរគិតគួរបន្ថែមរបបអាហារដែលសម្បូរដោយវិតាមីន C, D, B, E ជាតិស័ង្កសី ជាតិដែក អាស៊ីដខ្លាញ់អូមេហ្គា៣ និងប្រូតេអ៊ីន សុទ្ធជាសារធាតុចិញ្ចឹមដែលសក់របស់យើងត្រូវការ ដើម្បីការពារកុំឲ្យសក់ខូច ឬជ្រុះ។
៤. ថែទាំសក់ពេលយើងគេង
យើងអាចសាកល្បងក្រងសក់មុនពេលគេង។ ការធ្វើដូចនេះគឺដើម្បីកាត់បន្ថយការខូចសក់បណ្ដាលមកពីការប៉ះកកិតរវាងសក់នឹងខ្នើយ។ យើងក៏គួរផ្លាស់ប្ដូរខ្នើយពីខ្នើយកប្បាស ទៅជាខ្នើយសូត្រ ដើម្បីកាត់បន្ថយការជ្រុះសក់នេះដែរ។
ក្រោយពីបានអនុវត្តតិចនិកទាំងនេះមួយរយៈ និងមិនបានឃើញពីការប្រែប្រួលអ្វីនោះទេ ជាការល្អគ្នាយើងគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីបានការវិនិច្ឆ័យរោគបានត្រឹមត្រូវ។
[embed-health-tool-due-date]