បញ្ហារមាស់កើតដោយសារជំងឺស្បែក ឬជំងឺប្រចាំកាយដូចជាតម្រងនោមខ្សោយជាដើម។ យ៉ាងណាមនុស្សជាច្រើនទំនងជាមិនបានគិតដល់ទេថាអាហារមានវីតាមីនចាំបាច់មួយចំនួននេះ បើយើងបានញ៉ាំជាប្រចាំ អាចជួយកាត់បន្ថយអាការៈរមាស់លើស្បែកបានដែរ។ តើវីតាមីនអ្វីខ្លះ?
១. អាហារសម្បូរវីតាមីន E
វីតាមីន E មានសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារស្បែកពីរ៉ាឌីកាល់សេរី។ រ៉ាឌីកាល់សេរីអាចធ្វើឲ្យស្បែកឆាប់ចាស់ជាងវ័យ រមាស់ និងស្ងួតផងដែរ។ វីតាមីន E ជួយកាត់បន្ថយផលប៉ះពាល់ដោយសាររ៉ាឌីកាល់សេរីនេះ ព្រោះថាវីតាមីន E ជួយបង្កើតលំហូរឈាមទៅកាន់ស្បែក និងជួយបង្កើតកោសិកាស្បែកថ្មីៗ។ ដើម្បីទទួលបានវីតាមីន E យើងគួរញ៉ាំអាហារដូចជាពោត សណ្ដែកដី គ្រាប់ស្វាយចន្ទី ប្រេងអូលីវ និងស្ពៃពួយឡេង ជាដើម។
២. អាហារសម្បូរវីតាមីន C
ការសិក្សាបានរកឃើញថា ការខ្វះវីតាមីន C មានទំនាក់ទំនងនឹងបញ្ហាស្បែកស្ងួត និងប្រេះស្រកា ដែលជាហេតុអាចនាំឲ្យមានអាការៈរមាស់ស្បែក និងរលាក។ វីតាមីន C ជួយរាងកាយផលិតប្រូតេអ៊ីនម្យ៉ាងហៅថាខូឡាជែន ដើម្បីជួយជួសជុលស្បែក និងព្យាបាលសម្លាក។ មួយវិញទៀត វីតាមីន C ក៏ជួយការពារស្បែកពីការត្រូវពន្លឺព្រះអាទិត្យផងដែរ។ អាហារសម្បូរវីតាមីន C រួមមានក្រូច ទំពាំងបាយជូរ ស្ពៃក្ដោប និងខាត់ណាខៀវ។
៣. អាហារសម្បូរវីតាមីន A
វីតាមីន A ក៏ជាប់ពាក់ព័ន្ធនឹងការលូតលាស់ និងអភិវឌ្ឍន៍ស្បែកដែរ ដោយបានជួយដល់ការផលិតសេបុមដែលជួយការពារបញ្ហារមាស់ស្បែក និងជួយឲ្យស្បែកភ្លឺថ្លាផងដែរ។ ក្រៅពីនេះ វីតាមីន A ក៏ជួយកាត់បន្ថយស្នាមជ្រីវជ្រួញនៅលើស្បែកដែរ។ អាហារសម្បូរវីតាមីនA រួមមានដំឡូងជ្វា ទឹកដោះគោ ស៊ុត និងថ្លើមសត្វ ជាដើម។
៤. វីតាមីន D
មនុស្សយើងអាចទទួលបានវីតាមីន D តាមរយៈការត្រូវពន្លឺថ្ងៃ។ ពេលស្បែកស្រូបពន្លឺព្រះអាទិត្យ កូលេស្តេរ៉ូលក៏បានបំប្លែងពន្លឺព្រះអាទិត្យដែលស្រូបបានឲ្យទៅជាវីតាមីនD ។ បន្ទាប់មក ថ្លើម និងតម្រងនោម បានចាប់យកវីតាមីននេះ និងដឹកជញ្ជូនទៅកាន់កោសិការាងកាយទាំងមូល ជួយបង្កើតកោសិកាដែលមានសុខភាពល្អ។ រួមទាំងស្បែកដែរ វីតាមីន D បានដើរតួយ៉ាងសំខាន់ដល់ពណ៌ស្បែក និងអាចជួយការពារពីជំងឺស្បែកម្យ៉ាងឈ្មោះថា psoriasis ដែលតែងកើតមាននៅកែងដៃ ជង្គង់ និងខ្នងផ្នែកខាងក្រោម។ ដើម្បីទទួលបានវីតាមីនD យើងអាចឲ្យរាងកាយត្រូវនឹងពន្លឺព្រះអាទិត្យប្រហែលជា១០នាទីក្នុងមួយថ្ងៃ។ អាហារមួយចំនួនដូចជាត្រីសាល់ម៉ុន និងត្រីធូណា ក៏មានវីតាមីន D ដែរ។
[embed-health-tool-due-date]