ទោះបីជាការធ្វើលំហាត់ប្រាណផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពរបស់យើង វាក៏អាចនាំមកនូវធូលី បាក់តេរីផ្សេងៗ ដែលអាចកកស្ទះនៅរន្ធញើស នៅអំឡុង និងក្រោយពេលធ្វើលំហាត់ប្រាណដូចគ្នា។ ការបែកញើសគឺជាកត្តាចម្បងមួយដែលបណ្ដាលឲ្យកើតមុន។ បន្ថែមពីនេះ គ្រឿងសម្អាង កន្សែងជូតមុខ និងសូម្បីតែការងូតទឹក ក៏អាចជះឥទ្ធិពលដល់ស្បែកផងដែរ។
យ៉ាងណាមិញ ប្រសិនបើគ្នាយើងតែងតែឡើងមុនក្រោយហាត់ប្រាណរួច អាចសាកល្បងតិចនិកខាងក្រោមនេះ។
១. ជៀសវាងប្រើគ្រឿងសម្អាង
គ្រឿងសម្អាងភាគច្រើននឹងធ្វើឲ្យរន្ធញើសរបស់យើងកកសន្ទះ ដោយមិនអនុញ្ញាតឲ្យស្បែកដកដង្ហើមតាមធម្មជាតិនៅអំឡុងពេលហាត់ប្រាណ។ ដូច្នេះហើយ ស្រីៗយើងអាចប្រើប្រាស់ក្រែមផ្ដល់សំណើមបាន ប្រសិនបើយើងបារម្ភអំពីពណ៌សម្បុរស្បែកមិនស៊ីគ្នា។
២. កុំយកដៃប៉ះមុខ
ឧបករណ៍ ឬម៉ាស៊ីនផ្សេងៗដែលយើងប្រើប្រាស់ អំឡុងពេលហាត់ប្រាណ សុទ្ធតែមានផ្ទុកពពួកបាក់តេរី។ នៅពេលដែលយើងប៉ះពាល់ឧបករណ៍ទាំងនោះ រួចយកដៃមកជូតញើសនៅលើមុខ ឬប៉ះមុខ វាអាចធ្វើឲ្យបាក់តេរីទាំងនោះតោងជាប់នៅលើផ្ទៃមុខ ក៏ដូចជាធ្វើឲ្យយើងងាយកើតមុនជាមិនខាន។
៣. ពាក់សំលៀកបំពាក់រលុងៗ
ពិតណាស់ ការស្លៀកពាក់តឹងពេក អាចបណ្ដាលឲ្យមានការឆ្លងមេរោគលើស្បែកពីពពួកបាក់តេរី និងផ្សិត។ ដូចនេះហើយ ស្រីៗយើងគប្បីប្រើប្រាស់សំលៀកបំពាក់រលុងៗ ដើម្បីកម្ចាត់ញើស និងការពារញើសមិនឲ្យជ្រាបចូលទៅក្នុងស្បែកវិញ។
៤. ជ្រើសរើសកន្សែងត្រឹមត្រូវ
កន្សែងដែលយើងប្រើប្រាស់នៅកន្លែងហាត់ប្រាណ ត្រូវតែអាចស្រូបទឹកបានល្អ ប៉ុន្តែមិនត្រូវក្រាស់ពេកឡើយ ពីព្រោះវាអាចនៅសល់បាក់តេរីផ្សេងៗ ទោះបីជាបោករួចក៏ដោយ។ បើប្រៀបធៀបនឹងកន្សែងធម្មតា កន្លែងសម្រាប់ប្រើប្រាស់នៅពេលហាត់ប្រាណគួរតែឆាប់ស្ងួត ដើម្បីកុំឲ្យបាក់តេរី និងផ្សិតបង្កាត់ពូជនៅក្នុងកន្សែងនោះបាន។ ហេតុនេះហើយគ្នាយើងគួរជ្រើសរើសកន្សែងដែលផលិតពីកប្បាសទើបជាការប្រសើរ ពីព្រោះវាអាចស្រូបទឹកបានល្អ និងឆាប់ស្ងួតថែមទៀតផង។
៥. លាងសម្អាតមុខ បន្ទាប់ពីហាត់ប្រាណរួច និងផ្ដល់សំណើមដល់ស្បែក
ចូរលាងសម្អាតមុខភ្លាមៗបន្ទាប់ពីហាត់ប្រាណរួច ប្រសិនបើគ្នាយើងមិនចង់ឲ្យធូលី ប្រេង និងបាក់តេរីតោងជាប់នៅលើស្បែកដែលបណ្ដាលឲ្យប៉ះពាល់ដល់pH និងស្ទះរន្ធញើសទេនោះ។ បន្ថែមពីនេះ ស្រីៗយើងចាំបាច់ប្រើប្រាស់ក្រែមផ្ដល់សំណើមដែលត្រូវនឹងប្រភេទស្បែកភ្លាមៗ បន្ទាប់ពីលាងសម្អាងមុខរួច ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។
៦. ជៀសវាងងូតទឹកក្ដៅ
ទឹកក្ដៅអាចធ្វើឲ្យបាត់បង់ប្រេងសំខាន់ៗពីប្រេង និងធ្វើឲ្យស្បែកទៅជាស្ងួត រមាស់ និងស្រអាប់។ ជាមួយគ្នានេះដែរ បញ្ហាមុននៅលើខ្នង ឬទ្រូងកើតឡើងជាពិសេសចំពោះអ្នកដែលចូលចិត្តហាត់ប្រាណ។ ដើម្បីបញ្ចៀសបញ្ហានេះ យើងអាចប្រើប្រាស់ស្ក្រាប់ដុសខ្លួនបែបស្រាលចំនួន៣ដងក្នុងមួយសប្ដាហ៍។
[embed-health-tool-due-date]