backup og meta

ទឹកអំពៅមិនត្រឹមជាភេសជ្ជៈដ៏ឆ្ងាញ់ពិសារ តែបង្កប់គុណប្រយោជន៍ដល់ស្បែក និងសក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 02, 2023

    ទឹកអំពៅមិនត្រឹមជាភេសជ្ជៈដ៏ឆ្ងាញ់ពិសារ តែបង្កប់គុណប្រយោជន៍ដល់ស្បែក និងសក់

    គ្នា​យើង​បាន​ដឹង​រួច​មក​ហើយ​ពី​រសជាតិ​ដ៏​ផ្អែម​ឆ្ងាញ់​របស់​ទឹក​អំពៅ ប៉ុន្តែ​តើ​យើង​ធ្លាប់​គិតដល់ការ​ប្រើ​ទឹក​អំពៅ​សម្រាប់​ជំនួយ​សម្រស់​ដែរ​អត់? ពិត​ណាស់​ ទឹក​អំពៅ​មិន​ត្រឹម​តែ​មាន​គុណប្រយោជន៍​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​សមាសធាតុ​ដ៏​មាន​ឥទ្ធិពល​ចំពោះ​ស្បែក​ និង​សរសៃ​សក់​របស់​យើង​ដូច​គ្នា។

    ទឹក​អំពៅ​មាន​គុណប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​ស្បែក​ និង​សក់?

    ១. ប្រឆាំង​​ការ​កើត​មុន

    ជាមួយ​នឹង​សមាសធាតុ​ប្រឆាំង​នឹង​អតិសុខុម​ប្រាណ  ទឹក​អំពៅ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​នឹង​បាក់តេរី​ដែល​បង្ក​ឲ្យ​មាន​ការ​កើត​មុន។ បន្ថែម​ពី​នេះ អាស៊ីដ​ធម្មជាតិ​នៃ​ទឹក​អំពៅ​ក៏​អាច​ជួយ​បញ្ចៀស​ការ​ស្ទះ​រន្ធ​ញើស ការ​ផលិត​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល និង​បង្ការ​ការ​កើត​មុន​ក្បាល​ខ្មៅ និង​មុន​ក្បាល​ស។

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ២. ផ្តល់​សំណើម​ និង​បំពេញ​ជាតិ​ទឹក

    ទន្ទឹម​នឹង​នេះ​ដែរ ទឹក​អំពៅ​មាន​ផ្ទុក​អាស៊ីដ ​Glycolic ខ្ពស់ ​ដែល​អាច​​ជួយ​រក្សា​សំណើម​នៃ​ស្បែក និង​បញ្ចៀស​ភាព​ស្ងួត។ ការ​ប្រើប្រាស់​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​ជា​ទៀងទាត់ អាច​ជួយ​ប្រឆាំង​នឹង​បញ្ហា​ស្បែក​គ្រើម​ និង​ស្ងួត​បាន​យ៉ាង​ល្អ។

    ៣. ពន្យារ​ភាព​ចាស់

    ​​​ទឹក​អំពៅ​ក៏​សម្បូរ​ទៅ​ដោយ​​ប្រូតេអ៊ីន​ សារធាតុ​​រ៉ែ ជាតិ​ដែក ស័ង្កសី ប៉ូតាស្យូម ព្រម​ទាំង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​អាច​ជួយ​ការពារ​ពី​ការ​បំផ្លាញ​ដោយ​រ៉ាឌីកាល់​សេរី។ បន្ថែម​ពី​នេះ ភេសជ្ជៈ​មួយ​នេះ ក៏​ជួយ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ ស្នាម​អុជ​ខ្មៅ និង​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​ក្មេង​ជាង​វ័យ​។

    ៤. ជួយ​ថែ​បំប៉ន​សុខភាព​សក់​

    មួយ​វិញ​ទៀត ទឹក​អំពៅ​ក៏​អាច​ជួយ​ផ្តល់​សំណើម​ បន្ទន់​សរសៃ​សក់​ ប្រឆាំង​នឹង​ការ​កើត​អង្គែ ព្រម​ទាំង​ជំរុញ​ឲ្យ​សរសៃ​សក់​ដុះ​លូតលាស់​បាន​ល្អ​ថែម​ទៀត​ផង។ សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ទឹក​អំពៅ ជួយ​ផ្តល់​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដល់​ឫស​សក់​ ដោយ​ធ្វើ​ឲ្យ​សរសៃ​សក់​រឹងមាំ និង​ភ្លឺ​រលោង។

    វិធី​ប្រើ​ទឹក​អំពៅ​នៅ​ក្នុង​ការ​ថែ​រក្សា​សម្រស់

    ១. ទឹក​តប់​មុខ៖ ជូត​សម្អាត​ផ្ទៃ​មុខ​​ក្រោយ​លាង​សម្អាត​រួច ដោយ​ប្រើ​សំឡី​ជូត​មុខ​ថ្នម​ៗ។ ធ្វើ​បែប​នេះ អាច​ជួយ​បន្តឹង​រន្ធ​ញើស​ ធ្វើ​ឲ្យ​កម្រិត​pHនៃ​ស្បែក​មាន​តុល្យភាព និង​ជួយ​ជំរុញ​ឲ្យ​ស្បែក​ស្រស់ថ្លា និង​ភ្លឺ​រលោង។

    ២. ម៉ាស​មុខ៖ លាយ​ទឹក​អំពៅ​ចំនួន​១​ស្លាបព្រា​បាយ ជាមួយ​នឹង​ទឹក​ក្រូច​ឆ្មារ​១ស្លាប​ព្រា​បាយ និង​ទឹក​ឃ្មុំ​១​ស្លាប​ព្រា​បាយ ដោយ​យក​មក​លាប​ឲ្យ​សព្វ​ល្អ​នៅ​លើ​ផ្ទៃមុខ រួច​ទុក​ចោល​១៥ ទៅ​២០​នាទី និង​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ។ ម៉ាស​មួយ​ប្រភេទ​នេះ អាច​ជម្រុះ​កោសិកា​ចាស់​ៗ ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​មាន​សំណើម។

    ទឹកអំពៅ

    ៣. ទឹក​អប់​​សក់ ៖ បន្ទាប់​ពី​កក់​សក់​រួច គ្នា​យើង​អាច​ធ្វើ​ការ​អប់​សក់​ជាមួយ​នឹង​ទឹក​អំពៅ ដោយ​ធ្វើ​ការ​ម៉ាស្សា​នៅ​លើ​ស្បែក​ក្បាល​ឲ្យ​សព្វ​ល្អ រួច​ទុក​ចោល​រយៈពេល​ពីរ​បី​នាទី សឹម​លាង​ជម្រះ​ចេញ។ រូបមន្ត​នេះ ជួយ​បន្ទន់​សក់​ ធ្វើ​ឲ្យ​សក់​ភ្លឺ​រលោង និង​ជួយ​ឲ្យ​ស្បែក​ក្បាល​មាន​សុខភាព​ល្អ។

    យ៉ាង​ណា​មិញ ការ​អនុវត្ត​រូបមន្ត​ថែ​រក្សា​សម្រស់​ដោយ​ទឹក​អំពៅ​នេះ ក៏​អាច​ធ្វើ​ឲ្យ​គ្នា​យើង​មួយ​ចំនួន​ជួប​បញ្ហា​​រលាក​ស្បែក​ ឬ​​អាលែកហ្ស៊ី​ជា​ដើម ដូច​នេះ គ្នា​យើង​គួរ​តែ​សាកល្បង​ធ្វើ​តេស្ត​​នៅ​លើ​ស្បែក​ដៃ​​ជា​មុន​សិន​ ទើប​ជា​ការ​ប្រសើរ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 02, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម