ស្នាមជាំនៅលើរាងកាយអាចបណ្ដាលមកពីរបួស ឬប៉ះទៅនឹងរបស់អ្វីមួយដែលធ្វើឲ្យសរសៃឈាមបែក។ ស្នាមជាំមួយចំនួនគឺមិនធ្ងន់ធ្ងរទេ ប៉ុន្តែយើងអាចនឹងមានការឈឺចាប់ ឬហើមប៉ុន្មានថ្ងៃ។ ប្រសិនជាគ្នាយើងចង់បំបាត់ស្នាមជាំ អាចសាកល្បងប៉ុន្មានវិធីនេះនៅផ្ទះដោយខ្លួនឯងបាន។
១. ប្រើទឹកកក
យើងអាចស្អំទឹកកកភ្លាមៗក្រោយពីរងរបួសដើម្បីកាត់បន្ថយលំហូរឈាមជុំវិញកន្លែងរបួស។ ការធ្វើឲ្យសរសៃឈាមត្រជាក់អាចកាត់បន្ថយបរិមាណឈាមដែលជ្រាបចេញទៅក្នុងជាលិកាជុំវិញនោះបាន។ នេះអាចបង្ការការជាំ និងកាត់បន្ថយអាការៈហើមបាន។ យើងអាចស្អំទឹកកករយៈពេល១០នាទី និងរង់ចាំរយៈពេល២០នាទីមុននឹងស្អំម្ដងទៀត ហើយគួរចៀសវាងការប្រើទឹកកកស្អំលើស្បែកដោយផ្ទាល់ ដោយយើងអាចយកកូនកន្សែង ឬក្រណាត់ទ្រាប់បាន។
២. ប្រើកម្ដៅ
កម្ដៅអាចធ្វើឲ្យកាន់តែហើម ដូចនេះគួរប្រើបន្ទះកម្ដៅក្រោយពេលអាការៈហើមមានការស្រកចុះសិន។ យើងអាចប្រើបន្ទះកម្ដៅ ឬកន្សែងជ្រលក់នឹងទឹកក្ដៅឧណ្ហៗរយៈពេល១០ ទៅ១៥នាទី។ យើងអាចធ្វើបែបនេះច្រើនដងក្នុងមួយថ្ងៃដើម្បីបន្ថយការឈឺចាប់។
៣. ការសង្កត់
ការប្រើបង់រុំរបួសរុំជុំវិញកន្លែងជាំជាវិធីមួយដែរ។ វិធីនេះអាចរឹតជាលិកា និងបង្ការឈាមជ្រាបចេញពីសរសៃឈាម។ ការរឹតបែបនេះអាចបន្ថយភាពធ្ងន់ធ្ងរនៃអាការៈជាំ ហើយកាត់បន្ថយការឈឺចាប់ និងការហើមបានទៀតផង។ ជាទូទៅគេកម្រនឹងប្រើវិធីនេះទៅលើស្នាមជាំតូចៗណាស់។
៤. ដាក់កន្លែងជាំឲ្យខ្ពស់
ការដាក់កន្លែងដែលមានស្នាមជាំឲ្យខ្ពស់ជាងបេះដូងគឺអាចជួយបន្ថយការឈឺចាប់ និងគ្រប់គ្រងបរិមាណឈាមក្នុងការហូរទៅក្នុងជាលិកាដែលជាំ។ ការលើកឲ្យខ្ពស់ក៏កាត់បន្ថយសម្ពាធ និងជាឱកាសឲ្យយើងបានសម្រាកដែលជួយដល់ដំណើរការនៃការជាសះស្បើយ។
៥. ប្រើប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើអាចកាត់បន្ថយការឈឺចាប់ និងការរលាកបាន។ យើងអាចលាបជែលប្រទាលកន្ទុយក្រពើទៅលើកន្លែងជាំតែម្តង។ យកល្អគួរប្រើជែលប្រទាលកន្ទុយក្រពើសុទ្ធ។
៦. ញ៉ាំវីតាមីន C
វីតាមីន C មានសារធាតុប្រឆាំងការរលាក និងអាចប្រើដើម្បីជួយដល់ការជាសះស្បើយរបួស។ យើងអាចញ៉ាំអាហារសម្បូរដោយវីតាមីន C ដូចជាពពួកផ្លែក្រូច ស្ត្របឺរី ម្ទេសប្លោកពណ៌ក្រហម និងផ្កាខាត់ណាខៀវ។ ក្នុងមួយថ្ងៃគួរទទួលវីតាមីន C ឲ្យបាន ៦៥ទៅ៩០មិល្លីក្រាម និងមិនគួរញ៉ាំហួសកំណត់ដល់២ក្រាម ក្នុងមួយថ្ងៃទេ ព្រោះយើងអាចនឹងទទួលរងផលប៉ះពាល់ដូចជាក្អួត និងចង្អោរ។
៧. ផ្លែម្នាស់
ផ្លែម្នាស់មានផ្ទុក bromelain ដែលអាចជួយបន្ថយភាពធ្ងន់ធ្ងរនៃការជាំ និងការរលាកបាន។ យើងអាចញ៉ាំផ្លែម្នាស់ ឬអាហារបំប៉ន bromelain ក៏បាន។
គួរបញ្ជាក់ថាយើងគួរទៅពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនជាកន្លែងជាំមានការឈឺចាប់ ហើមខ្លាំង មានដុំពក និងមិនជាសះស្បើយក្នុងអំឡុងពេល២សប្ដាហ៍។
អត្ថបទពាក់ព័ន្ធ៖
- វីតាមីន C ច្រើនពេក បង្កផលវិបាកអ្វីខ្លះដល់រាងកាយ?
- ញ៉ាំផ្លែម្នាស់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារ
- ក្រៅពីក្រូច បន្លែ និងផ្លែឈើទាំងនេះក៏ជាប្រភពនៃវីតាមីន C ដែរ
- គ្នាយើងគួរដឹង វិធីទាំងនេះអាចជួយបំបាត់អាការៈចង្អោរបាន
- កុំស្លន់ស្លោ! ពេលកូនក្អួតត្រូវដឹងរបៀបដោះស្រាយ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]