ស្វែងយល់ពីការប្រើប្រាស់
១- ប្រេងផ្កាឈូករ័ត្នប្រើដើម្បីអ្វី?
ប្រេងផ្កាឈូករ័ត្ន ដែលភាសាអង់គ្លេសហៅថា Sunflower Oil គឺជាប្រេងចម្រាញ់ចេញពីគ្រាប់ផ្កាឈូករ័ត្នដែលគេអាចប្រើវាជាថ្នាំបុរាណបាន។ ប្រេងផ្កាឈូករ័ត្ន អាចប្រើព្យាបាលជំងឺមួយចំនួន ដូចជា៖
– ទល់លាមក
– របួសមិនងាយជា របួសស្បែក ជំងឺសើស្បែក Psoriasis និងជំងឺរលាកសន្លាក់ (ពេលប្រើជាថ្នាំលាប)
– បញ្ចុះជាតិខ្លាញ់អាក្រក់ (LDL)
– ប្រើជាប្រេងសម្រាប់ម៉ាស្សា
ក្រៅពីនេះ ប្រេងផ្កាឈូករ័ត្ន ក៏អាចប្រើជាប្រេងចម្អិនម្ហូបបាន។
២- ប្រើផ្កាឈូករ័ត្នដំណើរការយ៉ាងម៉េចខ្លះ?
មិនមានការសិក្សាគ្រប់គ្រាន់ពីសកម្មភាពឱសថបុរាណរុក្ខជាតិនេះនៅឡើយទេ។ សូមពិគ្រោះជាមួយគ្រូឱសថបុរាណ ឬគ្រូពេទ្យជំនាញ ដើម្បីទទួលបានព័ត៌មានបន្ថែម។ តែទោះជាយ៉ាងនេះក្ដី គេដឹងថា ប្រេងនេះជាប្រភពខ្លាញ់មិនឆ្អែតនៅក្នុងអាហារ អាចប្រើជំនួសខ្លាញ់ឆ្អែតបាន។
កត្តាគួរប្រុងប្រយ័ត្ន
៣- តើខ្ញុំត្រូវដឹងអ្វីខ្លះមុននឹងប្រើ ប្រេងផ្កាឈូករ័ត្ន (Sunflower oil) ជាថ្នាំ?
គួរពិភាក្សាជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូពេទ្យឱសថបុរាណបើអ្នកមានបញ្ហាដូចជា៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួនឯង និងថ្នាំទិញតាមវេជ្ជបញ្ជា។
– មានប្រតិកម្មជាមួយប្រេងផ្កាឈូករ័ត្ន ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ។
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ។
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវសិក្សាបន្ថែម ដើម្បីដឹងពីសុវត្ថិភាពនៅពេលប្រើប្រាស់ឱសថបុរាណ។ មុនពេលប្រើវា ត្រូវចាំថា គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់ ហើយសូមពិគ្រោះជាមួយពេទ្យជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យ សម្រាប់ព័ត៌មានបន្ថែម។
៤- ប្រេងផ្កាឈូករ័ត្នមានសុវត្ថិភាពដែរទេ?
ប្រេងផ្កាឈូករ័ត្ន គឺមានសុវត្ថិភាព បើលេប ឬលាបលើស្បែក ក្នុងកម្រិតត្រឹមត្រូវ។ ប្រេងផ្កាឈូករ័ត្ន មានខ្លាញ់ឆ្អែត ១៤% ដូចនេះ អាចធ្វើឲ្យកើនឡើងកម្រិតកូលេស្តេរ៉ូលក្នុងឈាមចំពោះគ្នាយើងមានជំងឺបេះដូង និងអាចធ្វើឲ្យប្រឈមជំងឺបេះដូងដូចគ្នា
ប្រេងផ្កាឈូករ័ត្ន មានជាតិខ្លាញ់ Polyunsaturated ៧% មាន សារធាតុខ្លាញ់អូមេហ្គា ៦ (Omega-6 fats)។ បើមានកម្រិត អូមេហ្គា ៦ ច្រើនជាង កម្រិតអូមេហ្គា ៣ នឹងអាចធ្វើឲ្យយើងកើនការប្រឈមជំងឺរ៉ាំរ៉ៃមួយចំនួន រួមមាន រលាកសន្លាក់ ជំងឺហឺត មហារីក និងជំងឺបេះដូង។
ដូចទៅនឹងអាហារខ្លះទៀត បើញ៉ាំប្រេងផ្កាឈូករ័ត្នក្នុងរបបអាហារច្រើនពេក នឹងធ្វើឲ្យយើងឡើងទម្ងន់បាន។
៥- គួរប្រុងប្រយ័ត្ន
– ស្រីៗពពោះ និងបំបៅដោះកូន៖ មិនមានព័ត៌មានស្ដីពីសុវត្ថិភាពក្នុងការប្រើចំពោះស្រីៗពពោះ និងបំបៅដោះកូន នៅឡើយទេ ហេតុនេះដើម្បីសុវត្ថិភាព សូមកុំប្រើវាជាថ្នាំ។
– ជំងឺទឹកនោមផ្អែម៖ ក្នុងរបបអាហារមានប្រេងផ្កាឈូករ័ត្ន អាចធ្វើឲ្យកម្រិតអាំងស៊ុយលីន និងជាតិស្ករកើនឡើងលឿនខុសធម្មតា ក៏អាចធ្វើឲ្យកើនឡើងកម្រិតជាតិខ្លាញ់ក្នុងឈាមដូចគ្នា នាំឲ្យយើងកើនហានិភ័យវិវត្តទៅជា រឹងសរសៃឈាម (Atherosclerosis) ចំពោះគ្នាយើងមានជំងឺទឹកនោមផ្អែមប្រភេទ ២។
ស្វែងយល់ពីផលរំខាន
៦- ប្រេងផ្កាឈូករ័ត្នអាចមានផលរំខានអ្វីខ្លះ?
ប្រេងផ្កាឈូករ័ត្ន អាចមានប្រតិកម្មជាមួយពពួករុក្ខជាតិ Ragweed អាចបង្កឲ្យមានអាលែកហ្ស៊ី ចំពោះគ្នាយើង មានមានប្រតិកម្មជាមួយពពួករុក្ខជាតិអំបូរ Asteraceae និង Compositae ខណៈពពួករុក្ខជាតិស្ថិតក្នុងគ្រួសារនេះរួមមាន រុក្ខជាតិ Ragweed ផ្កា Chrysanthemums ពពួកផ្កាស្បៃរឿង (Marigolds) ផ្កាឈូករ័ត្ន និងរុក្ខជាតិផ្សេងៗទៀត។ បើយើងមានប្រតិកម្ម ត្រូវតែពិគ្រោះជាមួយគ្រូពេទ្យ មុននឹងប្រើប្រេងនេះ។
មិនមែនគ្រប់គ្នាសុទ្ធតែមានផលរំខានទាំងនេះទេ ប្រហែលអាចមានផលរំខានផ្សេងទៀតមិនបានរៀបរាប់ខាងលើ ដូចនេះ បើមានចម្ងល់ទាក់ទងនឹងផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូឱសថបុរាណ។
អត្ថបទពាក់ព័ន្ធ៖
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- ប្រេងផ្កាឈូករ័ត្នអាចមានអន្តរកម្មជាមួយអ្វីខ្លះ?
ឱសថរុក្ខជាតិនេះ អាចមានអន្តរកម្មជាមួយថ្នាំ ឬស្ថានភាពជំងឺយើងកំពុងមាន។ សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ ឬគ្រូឱសថបុរាណ មុននឹងប្រើ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨– កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតប្រើប្រាស់ប្រេងផ្កាឈូករ័ត្ន អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតប្រើប្រាស់អាស្រ័យលើកត្តាអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិ មិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះ សូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន។
៩- ប្រេងផ្តាឈូករ័ត្នមានទម្រង់ម៉េចខ្លះ?
ប្រេងផ្កាឈូករ័ត្ន អាចមានទម្រង់ជាថ្នាំដូចខាងក្រោម៖
– ប្រេងផ្កាឈូករ័ត្នសរីរាង្គសុទ្ធ (បានសម្លាប់មេរោគដោយស្រទាប់អូហ្ស៊ូន – Ozonated)
– ប្រេងផ្កាឈូករ័ត្ន ច្រកក្នុងថ្នាំគ្រាប់មានសម្បក (ខេបស៊ុល) ដោយលាយជាមួយនឹងសារធាតុផ្សំផ្សេងទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]