backup og meta

លម្អិត​រឿង​ទឹកនោម​ផ្អែម​គ្រប់​ប្រភេទ និង​មូលហេតុ​​ងាយ​កើត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Aug 19, 2021

    លម្អិត​រឿង​ទឹកនោម​ផ្អែម​គ្រប់​ប្រភេទ និង​មូលហេតុ​​ងាយ​កើត

    គ្នា​យើង​ភាគ​ច្រើន ឲ្យ​តែ​ឃើញ​អ្នក​ផ្ទះ ឬមិត្ត​ភក្តិ​ញ៉ាំ​របស់​ផ្អែមៗ ច្បាស់​ណាស់ តែង​ព្រមាន​ភ្លាមៗ “ប្រយ័ត្ន​កើត​ទឹក​នោម​ផ្អែមទៅ” ត្រូវអត់? ប៉ុន្តែ​ត្រូវ​ដឹង​ផង ទឹក​នោម​ផ្អែម​មាន​ប៉ុន្មាន​ប្រភេទ ហើយ​មិន​មែន​ញ៉ាំ​ផ្អែម​តែ​មួយ​មុខ​ទេ នៅមាន​កត្តា​ជាច្រើន​ទៀត​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​ដ៏​រ៉ាំរ៉ៃមួយនេះ។

    ១- ប្រភេទទឹកនោម​ផ្អែម

    ជំងឺ​ទឹក​នោម​ផ្អែមមាន​ទាំង​អស់ ៣​ ប្រភេទ គឺប្រភេទ១ ប្រភេទ២ និង​ទឹក​នោម​ផ្អែម​ពេល​ពពោះ

    ទឹក​នោម​ផ្អែម​ប្រភេទ១៖ ច្រើន​រក​ឃើញ​ដំបូង​នៅ​លើ​អូន​តូច។ កើត​ឡើង​ដោយ​សារ​ខ្លួន​ប្រាណ​មិន​អាច​ផលិត​អ័រម៉ូន​អាំង​ស៊ុយ​លីន មិន​អាចទាញ​យក​ស្ករ​ទៅ​ប្រើ​ក្នុង​កោសិកា​បាន។ អាំងស៊ុយលីនមិន​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​ស្ករ​នៅ​ក្នុង​ឈាម​កើន​ឡើង នាំ​ឲ្យ​ខូច​សរីរាង្គផ្សេងៗ​ក្នុង​ខ្លួន។

    – ទឹក​នោម​ផ្អែម​ប្រភេទ២៖ កើត​ឡើង​ដោយ​សារ​ខ្លួន​ប្រាណ​មិន​អាច​យក​អាំងស៊ុយលីន​ទៅ​ប្រើ​ឲ្យ​បាន​ត្រឹម​ត្រូវ។ រាងកាយ​យើង​មាន​ជំងឺនេះ នៅ​តែ​ផលិត​អាំងស៊ុយលីន​បាន ប៉ុន្តែមិនមាន​តុល្យភាព​ជាមួយ​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​ មាន​ច្រើន​នោះ​ទេ។ ធាត់​ខ្លាំង​ពេក ក៏អាច​ប្រឈម​កើត​ទឹកនោមផ្អែម​ប្រភេទ​នេះ​ផង​ដែរ។

    អត្ថបទពាក់ព័ន្ធ៖ ទឹក​នោម​ផ្អែម​​ប្រភេទ ១ និង ២​​ ខុស​គ្នា​ម៉េចខ្លះ?

    – ទឹកនោម​ផ្អែម​លើ​ស្រ្តី​ពពោះ៖ គឺ​លក្ខខណ្ឌ​បណ្តោះ​អាសន្ន ព្រោះ​ស្រីៗ​ជា​ធម្មតា នឹង​កើន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​អំឡុង​ពេល​កំពុង​ពពោះ ហើយ​បាត់​ទៅ​វិញ​នៅ​ពេល​សម្រាល។

    តេស្តជាតិស្ករ

    ២- កត្តា​ជាច្រើន​នាំ​ឲ្យ​យើង​កើត​ជំងឺនេះ​

    – កត្តា​ហ្សែន

    នៅ​មិន​ទាន់​មាន​ការ​ពន្យល់​ច្បាស់​លាស់ពី​មូល​ហេតុ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​១​ នៅ​ឡើយ​ទេ។ ប្រវត្តិ​ជំងឺ​ក្នុង​គ្រួសារ​អាច​ជា​កត្តា​ប្រឈម​មួយ។ ឧទាហរណ៍៖ ប្រុសៗ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ កូន​ប្រឈម​នឹង​ការ​កើត​ជំងឺ​នេះ ១-១៧%។ ស្រដៀង​គ្នា​ដែរ ស្រីៗ​មាន​ជំងឺ​នេះ​ក៏​អាច​នឹង​បន្ត​ទៅ​កូន​ដូច​គ្នា។ អត្រា​ប្រឈម​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​១ លើ​ក្មេង​មាន ១% បើ​សិន​ជា​សម្រាល​កូន​ក្រោយ​អាយុ​ ២៥ឆ្នាំ ឬ​ចាស់​ជាង​នេះ។

    បើ​ប៉ាម៉ាក់​មាន​ទឹក​នោម​ផ្អែម​ប្រភេទ​២ អូនៗ​ក៏​មាន​កត្តា​ប្រឈម​ដូច​គ្នា។ ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ទាក់​ទង​នឹង​ទម្លាប់​រស់​នៅ អូនៗ​អាច​ទទួល​ទម្លាប់​រស់​នៅ​ពី​ប៉ា​ម៉ាក់ ដែល​ជា​កត្តា​ប្រឈម​យ៉ាង​ចម្បង។

    អូនៗ​មាន​ទាំង​ប៉ា ទាំង​ម៉ាក់​កើត​ទឹក​នោម​ផ្អែម​ប្រភេទ​២ បង្ក​ឱកាស​កើត​រហូត​ដល់ ៥០%។ ចំពោះ​អូនៗ មាន​ប៉ា​ម៉ាក់​កើត​ជំងឺ​នេះ​មុន​អាយុ ៥០ឆ្នាំ កាន់តែ​ប្រឈម​កើត​ជំងឺ​នេះ​ជាង​ក្មេងៗ​ធម្មតា ពី ១-៧ ដង​ឯណោះ។

    ស្រីៗកាន់​តែ​មាន​ការ​ប្រឈម​ខ្ពស់​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ (Gestational Diabetes) បើ​មាន​សាច់​ញាតិ​ជិត​ស្និទ្ធ​ណា​ម្នាក់​កើត​ជំងឺ​នេះ។

    – កត្តាបរិស្ថានខាងក្រៅ

    ករណី​ខ្លះ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ បង្ក​ឡើង​ដោយ​វីរុស​មិន​ស្គាល់​មុខ។ អាកាស​ធាតុ​ត្រជាក់ ក៏​អាច​ជា​កត្តា​រួម​ផ្សំ​ផង​ដែរ ហើយ​គ្រូ​ពេទ្យច្រើន​រក​ឃើញ​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ១ នៅ​ខែ​ត្រជាក់​។

    – ទម្លាប់​រស់​នៅ

  • របប​អាហារ៖ កូនមិន​បៅ​ដោះ​ម៉ាក់ៗ ឬ​ញាំ​អាហារ​រឹង​នៅវ័យ​ក្មេងពេក ប្រឈម​មុខ​​កើត​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​ក៏​មិន​ខុស​គ្នា​ដែរ សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​អាហារ​មិន​ល្អ​ចំពោះសុខភាព។
  • របៀប​រស់​នៅ៖ របៀប​រស់​នៅ គឺ​ជា​កត្តា​មួយនាំ​ឲ្យកើត​ជំងឺ​ទឹក​នោម​ផ្អែម ដូចជា ធាត់​ខ្លាំង​ពេក មិន​ហាត់​ប្រាណ មិន​មាន​សកម្មភាព​រាង​កាយ និង​ជក់​បារី។
  • – បញ្ហា​សុខភាព

    បើ​មាន​បញ្ហា​សុខភាព​ដូច​ខាង​ក្រោម ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម៖

    • ជំងឺ​ស្បែក​ឡើង​ពណ៌​ក្រមៅ​ជាង​មុន (Acanthosis nigricans)
    • ជំងឺ​លើសឈាម (សម្ពាធ​ឈាម​លើស​ពី ១៤០/៩០ មិលី្លម៉ែត្រ​បារត)
    • លើស​ជាតិ​ខ្លាញ់ (Hight cholesterol)
    • បណ្ដុំ​រោគ​សញ្ញាដុំ​គីសច្រើន​ក្នុង​ក្រពេញ​អូវែ (Polycystic ovary syndrome (PCOS))
    • បម្រុង​កើត​ជំងឺ​ទឹក​នោម​ផ្អែម (ជាតិ​ស្ករ​ឡើង​ខ្ពស់​ខុស​ធម្មតា) តែ​មិន​ទាន់​បង្ក​ជា​ជំងឺ​នៅ​ឡើយ
    • ជាតិ​ខ្លាញ់​ចាប់​ពី ២៥០ មិល្លីក្រាម/​ដេស៊ីលីត្រឈាម ឬ​ខ្ពស់​ជាង​នេះ។

    ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អាច​វិវត្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២ បើ​ស្រីៗផ្តល់​កំណើត​កូន​ ​មាន​ទម្ងន់​ចាប់​ពី ៤ គីឡូក្រាម​ឡើង។

    – កត្តា​អាយុ

    មនុស្ស​ច្រើន​ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ពេល​អាយុ​កាន់​តែ​ច្រើន។ មជ្ឈ​មណ្ឌល​ការ​ពារ និង​គ្រប់​គ្រង​ជំងឺ​អាមេរិក (CDC) ណែ​នាំ​ថា ពេល​​មាន​អាយុ​លើស​ពី​អាយុ ៤៥ឆ្នាំ គួរ​ទៅ​ធ្វើ​តេស្ត​រក​មើល​ជំងឺ​ទឹក​នោម​ផ្អែម ជាពិសេស​អ្នក​លើស​ទម្ងន់។

    ទោះ​បី​មាន​កត្តា​ប្រឈម​ទាំង​នេះ​ក៏​ដោយ ក៏​មិន​អាច​សន្មត់​ថា​យើង​នឹង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ដែរ ហើយ​កត្តា​ដែល​សំខាន់ គឺ​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃមនុស្ស​ម្នាក់ៗ។ ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ សូម​ផ្លាស់​ប្តូរ​ការរស់​នៅ​មាន​ផាសុក​ភាព និង​ញ៉ាំ​របបអាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Aug 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម