ជំងឺទឹកនោមផ្អែម ជាជំងឺរ៉ាំរ៉ៃដែលពាក់ព័ន្ធនឹងកម្រិតជាតិស្ករក្នុងឈាម ព្រមទាំងកើតឡើងដោយសារតែកង្វះអាំងស៊ុយលីនក្នុងរាងកាយ។ ប្រសិនបើយើងមិនអាចគ្រប់គ្រងស្ថានភាពជំងឺនេះឲ្យបានល្អទេនោះ ជំងឺទឹកនោមផ្អែម អាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរផ្សេងៗ ដូចជាខ្សោយតម្រងនោម ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាលដែលបង្កដោយជំងឺទឹកនោមផ្អែម។
ទំនាក់ទំនងរវាងជំងឺទឹកនោមផ្អែម និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល
យោងតាមសមាគមគ្រោះថ្នាក់សរសៃឈាមខួរក្បាលអាមេរិក គ្រោះថ្នាក់សរសៃឈាមខួរក្បាលដែលបង្កដោយជំងឺទឹកនោមផ្អែមកើតឡើងនៅពេលដែលសរសៃឈាមផ្ទុកជាតិស្ករក្នុងឈាមច្រើនពេក ហើយលំពែងមិនអាចបង្កើតអ័រម៉ូនអាំងស៊ុយលីនបាន ក្នុងការជួយផ្ទេរជាតិស្ករទៅកាន់កោសិកាដើម្បីបង្កើតជាថាមពលដល់រាងកាយ។
បរិមាណច្រើននៃជាតិស្ករក្នុងឈាមនេះហើយ អាចបណ្ដាលឲ្យខូចចរន្តឈាម ក៏ដូចជាបង្កឲ្យមានកំណកឈាមដែលរាំងស្ទះដល់លំហូរឈាម ព្រមទាំងអាចបំផ្លាញដល់ជាលិកាខួរក្បាលផងដែរ។ ជាទូទៅ គ្រោះថ្នាក់សរសៃឈាមខួរក្បាល កើតលើអ្នកជំងឺទឹកនោមផ្អែមច្រើនជាងអ្នកដែលមិនមានជំងឺនេះ។ យ៉ាងណាមិញ សមាគមគ្រោះថ្នាក់សរសៃឈាមខួរក្បាលបានសម្គាល់ពីកត្តាហានិភ័យផ្សេងទៀត ដែលនាំឲ្យអ្នកជំងឺទឹកនោមផ្អែមប្រឈមនឹងគ្រោះថ្នាក់សរសៃឈាមខួរក្បាល៖
- មានអាយុលើសពី៥៥ឆ្នាំ
- ធ្លាប់ជួបបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាល
- មានប្រវត្តិគ្រួសារកើតជំងឺនេះ
- មានជំងឺប្រចាំកាយ ដូចជាជំងឺបេះដូង សម្ពាធឈាមខ្ពស់
- ធាត់ជ្រុល ជក់បារី ឬអសកម្ម។