ជារឿយៗ ចលនាពោះវៀនរបស់ទារកត្រូវពេលយូរ ទម្រាំជុះចេញមកម្ដងៗ។ ជួនកាលអាអូន ២-៣ថ្ងៃ ឬអាចលើសពីមួយសប្ដាហ៍ទើបអាអូនជុះម្ដង ដូចនេះម៉ាក់ប៉ាមិនចាំបាច់បារម្ភពេកទេ។ ប៉ុន្តែ ពេលខ្លះ ទារកតូចៗក៏អាចជួបបញ្ហាទល់លាមកដែរ។ ពេលអាអូនទល់លាមក យើងអាចដោះស្រាយបានដោយប្រើតិចនិក ៧ យ៉ាងខាងក្រោមនេះ។
១.ហាត់ប្រាណ៖ ម៉ាក់ប៉ាអាចធ្វើចលនាជើងកូនដូចពេលយើងជិះកង់បាន។ ការធ្វើបែបនេះអាចជួយដល់ដំណើរការរបស់ពោះវៀន និងសម្រួលដល់បញ្ហាទល់លាមករបស់អាអូន។
២.ងូតទឹកក្ដៅ៖ ការងូតទឹកក្ដៅឲ្យកូន អាចជួយបន្ធូរសាច់ដុំពោះអាអូន និងជួយសម្រួលដល់ភាពមិនស្រណុកសុខស្រួលបង្កដោយទល់លាមក។
៣.ផ្លាស់ប្ដូររបបអាហារ៖ តិចនិកនេះអាចជួយដល់បញ្ហាទល់លាមក តែវាក៏អាស្រ័យលើទារកដែរ។ សម្រាប់ទារកបៅដោះម្ដាយ ម៉ាក់ៗអាចបោះបង់អាហារមួយចំនួនដូចជា ផលិតផលធ្វើពីទឹកដោះគោ ជាដើម (អាហារមួយចំនួនអាចប៉ះពាល់ទៅដល់ទឹកដោះម្ដាយ) ។ ចំពោះទារកបៅទឹកដោះគោ ម៉ាក់ប៉ាអាចផ្លាស់ប្ដូរចង់ផ្លាស់ប្ដូររូបមន្តម្សៅទឹកដោះគោផ្សេង។ បើអាអូនបៅទឹកដោះគោមិនត្រូវ ម៉ាក់ប៉ាចង់ប្ដូរទៅប្រើទឹកដោះគោម៉ាកផ្សេង ឬទឹកដោះពពែជាដើម គួរនាំកូនទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញកុមារសិន។
៤.រក្សាជាតិទឹក៖ អាអូនតូចៗមិនត្រូវការជាតិទឹកដូចយើងមនុស្សធំច្រើនទេ ដោយសារអាអូនទទួលវាបានពីទឹកដោះម្ដាយ ឬទឹកដោះគោរួចហើយ។ ប៉ុន្តែ ចំពោះទារកមានបញ្ហាទល់លាមក អាចត្រូវការជាតិទឹកបន្ថែម ដូចនេះទើបអ្នកជំនាញកុមារ ណែនាំឲ្យម៉ាក់ប៉ាបន្ថែមទឹក ឬទឹកផ្លែឈើឲ្យកូនបើទល់លាមក (ចំពោះតែទារកចាប់ពី ២-៤ខែ ឡើងទៅ)។
៥.ម៉ាស្សា៖ ពេលកូនទល់លាមក យើងអាចប្រើវិធីម៉ាស្សាជាច្រើនជួយសម្រួលដល់បញ្ហាកូនបានដូចជា៖
- ប្រើម្រាមដៃគូរជារង្វង់តាមត្រនិចនាឡិកាលើពោះកូន
- ប្រើចុងម្រាមដៃ អូសពីឆ្អឹងជំនីកូនចុះក្រោមផុតផ្សិត។ល។
៦.ទឹកផ្លែឈើ៖ ក្រោយអាអូនអាយុ ២-៤ខែ ម៉ាក់ប៉ាអាចប្រើទឹកផ្លែឈឺដើម្បីជួយឲ្យអាអូនជិះមកវិញ ប៉ុន្តែមុននឹងឲ្យកូនញ៉ាំទឹកផ្លែឈើជាលើកដំបូង ត្រូវពិគ្រោះជាមួយគ្រូពេទ្យសិនទើបល្អ។
៧.យកកម្ដៅតាមគូទ៖ ពេលកូនទល់លាមក ម៉ាក់ប៉ាប្រើទែរម៉ូមែត្រស្អាត យកកម្ដៅតាមគូទអាអូនក៏អាចជួយកូនពីបញ្ហានេះបានដែរ។ តែមិនត្រូវធ្វើវាច្រើនដងពេកទេ ព្រោះវាអាចធ្វើឲ្យទល់លាមកកាន់តែយ៉ាប់លើសដើម។
បន្ថែមពីលើនេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ក៏បានណែនាំពីដំណោះស្រាយបញ្ហាទល់លាមកលើក្មេងខ្លះដែរដូចជា៖
- កុំបន្ថយម្សៅទឹកដោះគោ ព្រោះអាចបណ្ដាលឲ្យកូនខ្វះសារធាតុចិញ្ចឹម និងវីតាមីន
- ឲ្យកូនផឹកទឹកបានច្រើន
- សាកល្បងប្ដូរពីបបរអង្ករធម្មតាមកអង្ករសម្រូបវិញ (ចំពោះទារកញ៉ាំអាហាររឹងបាន)
- ប្រើសាច់ត្រីជំនួសសាច់រឹង (ចំពោះទារកញ៉ាំអាហាររឹងបាន) ។ល។
[embed-health-tool-vaccination-tool]