បើនិយាយពីរឿងលេង គ្មានក្មេងណាម្នាក់ដែលមិនចូលចិត្ត ហើយនិយាយបដិសេធពេលម៉ាក់ប៉ា ឬមិត្តភ័ក្ដិបបួលលេងជុំគ្នាទេ។ ប៉ុន្តែ យើងសង្កេតឃើញថា ក្មេងសម័យនេះមួយចំនួនធំវីវក់នឹងទូរស័ព្ទ លេងហ្គេម ឬម៉ាក់ប៉ាឲ្យកាន់មើលវីដេអូរៀនលេខ ឬភាសាអង់គ្លេស តែដោយសារតែជក់នឹងទូរស័ព្ទខ្លាំងពេក ក្មេងៗមិនចង់ធ្វើអ្វីផ្សេងក្រៅពីលេងអ៊ីនធឺណិតក្នុងទូរស័ព្ទ ដែលនេះមិនមែនជារឿងល្អដល់ការលូតលាស់ និងអភិវឌ្ឍរបស់ក្មេងឡើយ។
តើអ្វីទៅជាការលេងដោយសេរី ?
ការលេងដោយសេរី គឺជាសកម្មភាពលេងដែលក្មេងៗនឹកគិតឡើងដោយគំនិតរបស់ពួកគេ ដោយមិនមានការបង្ហាត់បង្ហាញពីមនុស្សធំ។ ការលេងបែបនេះអនុញ្ញាតឲ្យអាអូនបង្កើនភាពច្នៃប្រឌិតតាមលក្ខណៈ និងការស្រមើស្រមៃរបស់ខ្លួនផ្ទាល់។
ទន្ទឹមនឹងនេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសផ្នែកកុមារ សញ្ញាប័ត្រពីប្រទេសបារាំងបានពន្យល់បន្ថែមឲ្យដឹងថា ការលេងដោយសេរី គ្មានការបង្គាប់បញ្ជានេះ មានសារៈសំខាន់ណាស់សម្រាប់ក្មេងអាយុក្រោម៦-៧ឆ្នាំ។ វាជួយឲ្យកុមារមានភាពច្នៃប្រឌិតខ្ពស់ មានឯករាជ្យភាព រកឃើញខ្លួនឯង និងចំណង់ចំណូលចិត្ត និងអត្ថប្រយោជន៍ច្រើនទៀតរួមមាន៖
- អភិវឌ្ឍការប្តេជ្ញាចិត្តដោយខ្លួនឯង ការគោរពខ្លួនឯង និងសមត្ថភាពក្នុងការគ្រប់គ្រងខ្លួនឯង ដែលទាំងនេះសុទ្ធតែសំខាន់ក្នុងការអភិវឌ្ឍអារម្មណ៍។
- លើកកម្ពស់សមត្ថភាពសង្គម ការគោរពច្បាប់វិន័យផ្ទាល់ខ្លួន ការគ្រប់គ្រងកំហឹង បង្កើនជំនាញដោះស្រាយបញ្ហា អភិវឌ្ឍភាពជាអ្នកដឹកនាំ។
- រំញោចអារម្មណ៍ និងអនុញ្ញាតឲ្យកុមារស្វែងយល់ពីពិភពលោកជុំវិញ។
- ជួយបង្កើនការយល់ដឹង។ វាប្រែភាពអផ្សុក ជាយានសម្រាប់កុមារបង្កើតក្ដីសប្បាយរីករាយដោយខ្លួនឯង និងបង្កើនគំនិតច្នៃរបស់ថ្មីៗ។ល។
វេជ្ជបណ្ឌិតសញ្ញាប័ត្រពីបារាំងរូបនេះបន្ថែមថា ការឆាប់ចេះអាន និងចេះសរសេរមិនមែនសុទ្ធតែកំណត់ភាពឆ្លាតវៃរបស់កុមារ និងជោគជ័យទៅថ្ងៃអនាគតទេ ហើយវាគ្រាន់តែជាកំណត់របស់ម៉ាក់ប៉ា និងសង្គមតែប៉ុណ្ណោះ។ ជួនកាល គ្រាន់តែមានក្រដាសឡាំងមួយប៉ុណ្ណោះ កុមារអាចបង្កើតការលេងសេរីបាន។
[embed-health-tool-vaccination-tool]